ប្រដាល់ ៖ សឿន ឆ្នើម ជាអ្នកប្រដាល់ស្រករក្រោយនៃ ក្លិបកងពលតូចទ័ពពិសេសឆ័ត្រយោង៩១១ ត្រូវគេផ្តល់ឪកាសអោយឡើងសាកកណ្តាប់ជាមួយថៃឈ្មោះហ្វា នីមិត្ត(Fa Nemith ) នាយប់ថ្ងៃសៅរ៍ទី៣០ ខែមីនា ឆ្នាំ២០១៩នេះ នៅលើសង្វៀនTV5ព្រែកកំពឹស។
ពីរនាក់នេះ នឹងជួបប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៣,៥០០គីឡូក្រាម។ អ្នកប្រដាល់ពីរនាក់នេះ ពុំដែលជួបគ្នាទេកន្លងមក ព្រោះ សឿន ឆ្នើម គេទើបទទួលបានឱកាសប្រកួតជាមួយថៃលើកទី២ ប៉ុណ្ណោះ ។
សឿម ឆ្នើម ជាអ្នកប្រដាល់ស្រករក្រោយ ដែលសព្វថ្ងៃកេរ្តិ៍ឈ្មោះរបស់គេកំពុងត្រូវបានគេចាប់អារម្មណ៍គួរសមដែរ។ ឆ្នើម មានកាយសម្បទារឹងមាំ ខ្ពស់ វាយខ្លាំង ហើយវាយមិនចេះខ្លាចគូប្រកួតនោះទេ។ នេះបើតាមគ្រូបង្វឹករបស់គេ គឺលោកហង់ ស៊ឺន និយាយ។
អ្នកប្រដាល់ស្រករក្រោយ សឿន ឆ្នើម នេះ វាយសម្រុកចូលដោយមិនញញើត ជាមួយនឹងកណ្តាប់ដៃខ្លាំង សន្ទុះទាត់ក៏ខ្លាំង ជង្គង់កែងក៏ល្អថែមទៀត។ ដូច្នេះហើយ ទើបគេផ្គូឲ្យជួបប្រកួតជាមួយថៃទៀតនោះ។
ហ្វា នីមិត្ត គេជាអ្នកប្រដាល់ថៃជើងចាស់ ហើយអ្នកប្រដាល់រូបនេះ ក៏វាយខ្លាំងមិនចាញ់សឿន ឆ្នើម ប៉ុន្មានដែរ។ អ្នកប្រដាល់រូបនេះ ក៏វាយសម្រុកមិនចេះខ្លាចគូប្រកួតដែរ។
យ៉ាងណា សម្រាប់ការជួបប្រកួតគ្នាលើកដំបូងនេះ គេមិនអាចទាយមុនថា សឿន ឆ្នើម ឬ ហ្វា នីមិត្ត ដែលជាអ្នកទទួលបានជ័យជម្នះនោះទេ?។
ការប្រកួតជាមួយថៃលើកទី១ សឿម ឆ្នើមបានផ្តួល អេកបុរ៉ុត ឲ្យសន្លប់ក្នុងទឹកទី២ កាលពីថ្ងៃទី២៣មីនា២០១៩ កន្លងទៅនេះ។ ចំណែកការប្រកួតចុងក្រោយរបស់ ហ្វា នីមិត្ត វិញ គេវាយចាញ់អ្នកប្រដាល់កម្ពុជារិទ្ធ ភូលូ ក្លិបអាណាចក្រគុនខ្មែរក្នុងទឹកទី៤ កាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៩។
ហ្វា នីមិត្ត នេះ គេធ្លាប់មកប្រកួតនៅស្រុកខ្មែរច្រើនលើកមកហើយ ដោយធ្លាប់វាយ ឈ្នះអ្នកប្រដាល់ខ្មែរច្រើនជាងចាញ់។ ការចាញ់រិទ្ធ ភូលូ លើកមុននោះ ដោយសារគេខូចដៃ ពោលគឺភ្លាត់ឆ្អឹងស្មា ខណៈដែលរងនឹងទម្ងន់ជើងទាត់របស់ ភូលូ នោះ។
អ្នកប្រដាល់ថៃរូបនេះ មានប្រវត្តិប្រកួតលើសង្វៀនចំនួន៩៤លើក ក្នុងនោះវាយឈ្នះ ចំនួន៧១លើក ចាញ់១៩លើក និងស្មើ០៤លើក។ ឯ សឿន ឆ្នើមវិញ គេមានប្រវត្តិប្រកួតទើបតែជិត៣០លើកប៉ុណ្ណោះ៕
Source: Kampuchea Thmey Daily
0 Comments