ព្រះសីហនុ ៖ គ្រោះថ្នាក់ចរាចរណ៍ ចំនួន០៣ករណី ក្នុងយប់តែមួយ នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ លើទឹកដីក្រុងព្រះសីហនុ បណ្តាលឲ្យមនុស្សចំនួន០៤នាក់ បានស្លាប់ យ៉ាងអាណោចអាធ័ម នៅនឹងកន្លែងកើតហេតុតែម្តង និង មនុស្សម្នាក់រងរបួសធ្ងន់។
ករណីទី១-ក្មេងប្រុសចំនួន០២នាក់ បានស្លាប់ ខណៈពេល ពួកគេជិះម៉ូតូឌុបគ្នា តាមបណ្តោយផ្លូវ វិថីថៃ ត្រងចំណុចផ្លូវកែប បំបែករ៉ារថភ្លើង ស្ថិតក្នុងភូមិលេខ០៣ ក្រុងព្រះសីហនុ គឺ បើកបរក្នុងល្បឿន លឿន ក៏បានជួបគ្រោះថ្នាក់ចរាចរណ៍ បុកជាមួយនឹងរថយន្ត ក្រឡុកស៊ីម៉ងត៍ ក្នុងទិសដៅបញ្ច្រាសទិសគ្នាយ៉ាងពេញទំហឹង បណ្តាលឲ្យជនរងគ្រោះទាំង០២នាក់ និង ម៉ូតូ ចូលទៅក្រោមរថយន្ត កិនស្លាប់ក្នុងពេលនោះតែម្តង។
ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោងប្រមាណ១៩ យប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ ដោយ ករណីនេះ នៅមិនទាន់ដឹងថា ភាគីណាខុសណាត្រូវនោះទេ គ្រាន់តែដឹងថា ទាំងរថយន្ត និង ម៉ូតូជនរងគ្រោះ សុទ្ធសឹង បើកបរក្នុងល្បឿនលឿន ដូចគ្នា ក្នុងទីប្រជុំជន។
បច្ចុប្បន្ន សពជនរងគ្រោះ ត្រូវបានក្រុមគ្រួសារ នាំយកទៅធ្វើបុណ្យតាមប្រពៃណីហើយ ចំណែក ម៉ូតូ និងរថយន្ត ក្រឡុកស៊ីម៉ងត៍ ដែលអ្នកបើកបររត់គេចខ្លួនបាត់ស្រមោលទៅហើយនោះ ត្រូវបាន សមត្ថកិច្ចប៉ូលិសចរាចរណ៍ នាំយកទៅរក្សាទុក ដើម្បីដោះស្រាយតាមនីតិវិធី នៃច្បាប់។
ករណីទី០២-បុរសម្នាក់ បានស្លាប់ ដោយសាររថយន្តបុក ក្នុងខណៈពេលដើរឆ្លងផ្លូវ នៅតាមបណ្ដោយផ្លូវឯករាជ្យ ក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ វេលាម៉ោងជិត១០យប់ ថ្ងៃ២៧ ខែមីនា ឆ្នាំ២០១៩ មិនបានប្រយ័ត្ន ក៏ត្រូវរថយន្ត មិនស្គាល់អត្តសញ្ញាណ បើកបុកស្លាប់នៅនឹងកន្លែងកើតហេតុតែម្តង។ រហូត មកដល់ព្រឹក ថ្ងៃទី២៨មីនានេះ ជនរងគ្រោះ មិនទាន់ត្រូវបានគេស្គាល់ អត្តសញ្ញាណនៅឡើយទេ។ ចំណែក សមត្ថកិច្ច ជុំវិញករណីនេះ ក៏កំពុងធ្វើការស្រាវជ្រាវ យកចិត្តទុកដាក់ផងដែរ ដើម្បីស្វែងរកអត្តសញ្ញាណរថយន្តបង្កឲ្យចូលខ្លួនមកទទួលខុសត្រូវ ចំពោះមុខច្បាប់។
ករណីទី០៣-អ្នកបើកបរម៉ូតូចំនួន២គ្រឿង ដែលសមត្ថកិច្ច អះអាងថា សុទ្ធសឹង ស្ថិតក្នុងស្ថានភាព ស្រវឹងស្រា និង មិនមានពាក់មួកសុវត្ថិភាព បានជិះម៉ូតូ ក្នុងល្បឿនលឿនដូចគ្នា នៅវេលាម៉ោង១៤ និង០០នាទី រំលងអាធ្រាត្រ ឈានចូល ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩ ពួកគេបានជិះម៉ូតូបុកគ្នា ក្នុងគោលដៅ បញ្ច្រាសទិសគ្នា តាមបណ្ដោយ ផ្លូវលំមួយ ក្នុងភូមិ លេខ០១ សង្កាត់លេខ០១ ក្រុងព្រះសីហនុ បណ្ដាលឲ្យដួលទាំងសងខាង ប៉ុន្តែក្នុងករណីនោះ មិនបង្កឲ្យភាគីណាគ្រោះថ្នាក់ដល់ស្លាប់នោះទេ ប៉ុន្តែចៃដន្យអាក្រក់ ស្របពេលកើតហេតុនោះ ក៏ស្រាប់តែមានរថយន្តមួយគ្រឿង ក៏បានមកដល់ល្មម ហើយក៏បានកិនជនរងគ្រោះម្នាក់បន្ថែម បណ្ដាលឲ្យស្លាប់ ក្នុងពេលនោះតែម្ដង បន្ទាប់មក តៃកុងរថយន្ត ក្រោយដឹងថា ខ្លួនបានកិនជនរងគ្រោះស្លាប់ ក៏បានរត់គេចខ្លួនក្នុងពេលនោះតែម្តងទៅ បន្សល់ទុក រថយន្តបង្កហេតុ។
បច្ចុប្បន្ន ម៉ូតូ ជនរងគ្រោះ ម៉ាក EXCITER ពណ៌ខ្មៅ-ក្រហម គ្មានស្លាកលេខ និង ម៉ូតូ ម៉ាក HONDA C125 ពណ៌ខ្មៅ ស្លាកលេខ កែប1A-1566 រួមនឹងរថយន្តបង្ក ម៉ាក Sterling ស្លាកលេខ ភ្នំពេញ3C-3319 ត្រូវបាន សមត្ថកិច្ច ប៉ូលិសចរាចរណ៍ នាំយកទៅរក្សាទុក ដើម្បីធ្វើការដោះស្រាយតាមផ្លូវច្បាប់៕
Source: Kampuchea Thmey Daily
0 Comments