Ad Code

ជាង​ជី លក់​គ្រឿងបន្លាស់​រថយន្ត បាន​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង និង​ប្រពន្ធ​រង​បួស​ធ្ងន់



ព្រះសីហនុ​ ៖ ​រថយន្ត​តាក់ស៊ី មួយ​គ្រឿង ខណៈ​ពេល​ចូល ទៅ​ដូរ​អំពូល​ បាន​ជាន់​ហ្គែរ​ច្រឡំ​ថា​ហ្វ្រាំង បណ្ដាល​ ឲ្យ​រថយន្ត ស្ទុះ​ទៅ​បុក​ថៅកែ​លក់​គ្រឿងបន្លាស់​រថយន្ត និង​ជួសជុល​រថយន្ត​(​យីហោ​ជាង​ជី​)​យ៉ាង​ពេញទំហឹង ផ្ទប់​ទៅ​នឹង​ជញ្ជាំង​ផ្ទះ បណ្ដាល​ឲ្យ​ស្លាប់​ភ្លាមៗ នៅ​នឹង កន្លែង​កើតហេតុ តែម្តង និង ស្ត្រី​ជា​ប្រពន្ធ រង​របួស​ធ្ងន់។

ហេតុការណ៍​ដ៏​គួរ​ឲ្យ​រន្ធត់​នេះ បាន​កើត​ឡើង នៅ​វេលា​ម៉ោង​ប្រមាណ​១៩:០០​នាទី ​ព្រលប់​ ថ្ងៃទី​០៥ ខែមីនា ឆ្នាំ​២០១៩ ស្ថិត​លើផ្លូវ​សេរីភាព ស្ថិតនៅ​ក្នុងភូមិ​២ សង្កាត់​លេខ​៤ ក្រុង​/​ខេត្ត​ព្រះសីហនុ។

សមត្ថកិច្ច ប៉ូលិស រដ្ឋបាល​សង្កាត់​លេខ ០៤ បាន​ឲ្យ​ដឹងថា ជនរងគ្រោះ មានឈ្មោះ វ៉ន វាសនា ភេទ ប្រុស អាយុ ៣៣​ឆ្នាំ ហៅ​ជាង​ជី មុខរបរ លក់​គ្រឿងបន្លាស់​និង​ជួសជុល​ រថយន្ត​(​ស្លាប់​) និង​ប្រពន្ធ​ឈ្មោះ ទៀង ហុង ភេទ ស្រី អាយុ ៣៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​២ សង្កាត់​លេខ​៤ ក្រុង​/​ខេត្ត​ព្រះសីហនុ។ ចំណែក​រថយន្ត បង្ក​ម៉ាក HIGHLANDED ពណ៌ ពាក់​ស្លាក​លេខ​ភ្នំពេញ​2AJ-1584 បើកបរ​ដោយ​ឈ្មោះ ធាំ រ៉េត ភេទ​ប្រុស អាយុ ៤៧​ឆ្នាំ មុខរបរ អ្នក​រត់​តាក់ស៊ី មាន​ទីលំនៅ​ភូមិ​៤ សង្កាត់​លេខ​៤ ក្រុង​/​ខេត្ត​ព្រះសីហនុ។

ទាក់ទិន​ទៅ​នឹង​ហេតុការណ៍​នេះ បើ​តាម សាក្សី រស់នៅ​ក្បែរ​កន្លែង​កើតហេតុ បាន ឲ្យ​ដឹង​ថា នៅមុន ពេល ​កើតហេតុ គេ​ឃើញ រថយន្ត​ម៉ាក HIGHLANDED ពណ៌ ពាក់​ស្លាក​លេខ​ភ្នំពេញ​2AJ-1584 បាន បើក​ចូល​ទៅ ផ្ទះ​លក់​គ្រឿងបន្លាស់​រថយន្ត ខាងលើ ក្នុង​គោលបំណង​ផ្លាស់ប្ដូរ​អំពូល​ភ្លើង​រថយន្ត​របស់​ខ្លួន។ លុះ​ក្រោយ​មក ​ខណៈ​ពេល​ជនរងគ្រោះ ដែលជា​ម្ចាស់​ហាង កំពុង​ធ្វើការ ដោះដូរ អំពូល​រថយន្ត ក៏​ស្រាប់ រថយន្ត​នោះ រអិល​ថយ​ក្រោយ​ ឃើញបែបនេះ ម្ចាស់​រថយន្ត​បង្ក​ហេតុ ក៏បាន ស្ទុះ​ទៅ​ឡើង​ទៅ​រថយន្ត របស់​ខ្លួន ក្នុង​គោល បំណង​ជាន់ ហ្វ្រាំង ប៉ុន្តែ​​ចៃដន្យ​ បាន​ជាន់​ច្រឡំ​ហ្គែរ ខណៈ​ពេល រថយន្ត ជាប់​(​លេខ D) ​ ក៏បាន​ស្ទុះ ទៅបុក ជនរងគ្រោះ និង​ប្រពន្ធ​ផ្ទប់​ទៅ​នឹង​ជញ្ជាំង​ផ្ទះ ក្នុងពេលនោះ​តែ​ម្តង បណ្ដាល​ប្តី ស្លាប់ នៅ​នឹង​កន្លែង និង​ប្រពន្ធ រង​របួស ធ្ងន់ និង​បង្ក​​ខូចខាត របស់របរ ​សម្ភារៈ​ក្នុង ផ្ទះ មួយ​ចំនួន​ផងដែរ។

បច្ចុប្បន្ន តៃកុង​រថយន្ត បង្ក​ហេតុ ត្រូវបាន សមត្ថកិច្ច ប៉ូលិស ឃាត់​ខ្លួន នាំយកទៅ​ធ្វើការ​សាកសួរ ដើម្បី​បន្ត​នីតិ​​​វិធី ចាត់ការ​តាមផ្លូវ​ច្បាប់​ ចំណែក​រថយន្ត បង្ក​ត្រូវ​បាន នាំ​យក​ទៅ​រក្សាទុក ​នៅ​ការិយាល័យ នគរបាល​ចរាចរណ៍​ផ្លូវគោក៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu