Ad Code

លួច​ម៉ូតូ​គេ​បាន​សម្រេច​ហើយ ភ្លេច​មើល​កាមេរ៉ា​សុវត្ថិភាព​ ពេល​ត្រឡប់មកវិញ​ម្ចាស់​ម៉ូតូ​ចាប់​ជូន​ប៉ូលិស​



ភ្នំពេញ​ ៖ ​ចោរ​លួច​ម៉ូតូ​ម្នាក់ ​ត្រូវ​បាន​ប្រជាជន​ចាប់​បាន​យក​មក​ប្រគល់​ឲ្យ​ប៉ូលិស​មូលដ្ឋាន ​ចាត់ចែង​តាមច្បាប់ ​កាលពី​យប់​ថ្ងៃ​ទី​៥​ ខែ​មីនា ឈាន​ចូល​ថ្ងៃ​ទី​៦ ខែ​មីនា ឆ្នាំ​២០១៩ នៅ​ក្នុង​បរិវេណ​ផ្ទះសំណាក់​មួយ ស្ថិត​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ។

អត្តសញ្ញាណ​ជនជាប់ចោទ​ខាងលើ​ ឈ្មោះ ជា រតនៈ ហៅ​រ័ត្ន ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ គ្មាន​មុខរបរ​ច្បាស់លាស់ ស្នាក់នៅ​ចល័ត​ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​កើតហេតុ​ មក​ជួល​បន្ទប់​លេខ​២៧ ​នៃ​ផ្ទះ​សំណាក់ យីហោ "​ស្កា​យ​"​ស្នាក់នៅ មាន​ទីតាំងនៅ​ភូមិ​ភ្នំពេញ​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ។

ប៉ូលិស​មូលដ្ឋាន​សង្កាត់​ភ្នំពេញ​ថ្មី​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ជា​ចោរលួច​ម៉ូតូ​គេ​ខាងលើ ​ត្រូវ​បាន​ចាប់​ខ្លួន​តាម​បណ្តឹង​របស់​ប្រជាជន​រងគ្រោះ​ម្នាក់​ ឈ្មោះ ប៊ុន ហួច ភេទ​ប្រុស​ អាយុ​២២​ឆ្នាំ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន​ឯកជន​មួយ ស្នាក់នៅ​បន្ទប់​ផ្ទះ​ជួល​ នៃ​លេខ​៤៧ "​ផ្ទះសំណាក់ ស្កា​យ​" នោះ​ដែរ។

បើ​តាម​ការ​បញ្ជាក់​ប្រាប់​ពី​ជនរងគ្រោះ​ជាដើម​បណ្តឹង​ បាន​ឲ្យ​ដឹង​ថា​ នៅមុន​ពេល​កើតហេតុ​ ជនរង​គ្រោះ​បាន​ទុក​ម៉ូតូ​របស់​គាត់​ម៉ាក Zoomer X ស៊េរី ឆ្នាំ​២០១៨ ពាក់​ស្លាក​លេខ ខេត្ត​ពោធិ៍សាត់ 1H.6997 នៅ​ក្នុង​បន្ទប់ដេក​របស់​គាត់ និង​បាន​ដេក​លង់លក់​ទៅ ​លុះ​ពេល​ភ្ញាក់​ឡើង​មិន​ឃើញ​ម៉ូតូ​ ក៏​ផ្អើល​ឆោឡោ​ឡើង និង​បាន​ទៅ​ដាក់ពាក្យ​បណ្តឹង​ឲ្យ​នគរបាល​មូលដ្ឋាន​ជួយ​អន្តរាគមន៍​សុំ​ឆែក​កាមេរ៉ា​សុវត្ថិភាព​នៅក្នុង​ផ្ទះសំណាក់​នោះ​មើល។

នៅ​ពេល​ឆែកឆេរ​ទិន្នន័យ​ក្នុង​កាមេរ៉ា​សុវត្ថិភាព ឃើញ​រូបភាព​ជនសង្ស័យ​ជា​ចោរ​ បាន​ជួល​បន្ទប់​លេខ​២៧​ នៃ​ផ្ទះសំណាក់​នេះ ​ស្នាក់នៅ​ ស្គាល់ ឈ្មោះ ជា រត​នះ។ បើ​តាម​របាយការណ៍​របស់​ម្ចាស់​ផ្ទះ​សំណាក់​ ជន​សង្ស័យ​រួប​នេះ​ បាន​មក​ជួល​បន្ទប់​ស្នាក់នៅ ​កាលពី​វេលា​ម៉ោង​៧​ព្រឹក ថ្ងៃទី​០៥​មីនា នេះ ​ក្នុង​គម្រោង​សុំ​ជួល​ស្នាក់នៅ​រយៈពេល​៣​ថ្ងៃ ប៉ុន្តែ​ទើបតែ​ថ្ងៃ​ទី​១ សោះ ​មក​លួច​ម៉ូតូ​ទៅ​បាត់​ដូច្នេះ។

ក្រោយ​ពេល​ស្គាល់​មុខ​អត្តសញ្ញាណ​ជនសង្ស័យ​ច្បាស់​ហើយ ក្រុម​គ្រួសារ​ជន​រង​គ្រោះ​បាននាំគ្នា​តាម​ឃ្លាំ​មើល​ និង​ស្វែងរក​ជនសង្ស័យ លុះដល់​វេលា​ម៉ោង​២៤​និង​៣០​នាទី​រំលង​អធ្រាត្រ ​ឈានចូល​ថ្ងៃ​ទី​៦ ខែមីនា ឆ្នាំ​២០១៩ បាន​ប្រទះឃើញ​ជនសង្ស័យ​ដើរ​ចូលមកក្នុង​បន្ទប់​ផ្ទះសំណាក់​វិញ ​ទើប ទូរស័ព្ទ​ហៅ​ប៉ូលិស​មូលដ្ឋាន​ឲ្យ​មក​ជួយ​អន្តរាគមន៍ ប៉ុន្តែ​ដោយសារ​ប៉ូលិស​យឺតយ៉ាវ​ពេក ជនសង្ស័យ​​ប្រុង​គេចខ្លួន​ត្រឡប់​ទៅវិញ​ ទើប​ជនរងគ្រោះ​ឃាត់ខ្លួន​ឲ្យ​ឈប់​ តែ​មិន​ឈប់​ ព្រោះ​ចោរ​អាង​មាឌ​ធំ​មាំ ក៏​ស្រែក​ចោរៗ​ផ្អើល​ដល់​ប្រជាជន​ក្បែរ​នោះ​នាំគ្នា​ជួយ​ចាប់ខ្លួន​វាយ​ទាត់​ធាក់​មួយ​ដៃ​មួយ​ជើង​ម្នាក់​ទើប​ចាប់ខ្លួនបាន​ប្រគល់​ឲ្យ​លោក​ប៉ូលិស​មូលដ្ឋាន​មក​ទទួលយក​ចាត់ការ​តាមច្បាប់ ប៉ុន្តែ​ម៉ូតូ​របស់​ជនរងគ្រោះ​បាត់​ឈឹង​ហើយ មិនដឹង​យកទៅលក់ ​ឬ​លាក់ទុក​ទីណា​ទេ ​ប៉ូលិស​កំពុង​សាកសួរ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu