ស្វាយរៀង ៖ កាលពីថ្ងៃអង្គារ ១៤រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៩នេះ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អមដំណើរដោយ លោក ម៉ែន វិបុលភាព អភិបាលខេត្តស្វាយរៀង បានអញ្ជើញចុះសាកសួរសុខទុក្ខនាយទាហាន នាយទាហានរង ពលទាហាន និងសមត្ថកិច្ចដែលកំពុងឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែន និងពិនិត្យបង្គោលព្រំដែនលេខ១៥៨ ច្រកទ្វារតំបន់ព្រំដែនព្រៃតាអី ស្រុកស្វាយទាប និងច្រកទ្វារតំបន់ព្រំដែនដូង ស្រុករមាសហែក ខេត្តស្វាយរៀង។
ពិធីនេះ ក៏មាន លោករដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងប្រតិភូក្រសួងការពារជាតិ ឯកឧត្ដមអភិបាលរងខេត្ត លោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងស្វាយរៀង លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកស្នងការរងនគរបាលខេត្ត លោកអភិបាលស្រុកពាក់ព័ន្ធ និងមេបញ្ជាការវរសេនាតូចនគរបាល និងយោធាការពារព្រំដែន ព្រមទាំងកងកម្លាំងជាច្រើនទៀត។
សម្ដេចពិជ័យសេនា ទៀ បាញ់ មានប្រសាសន៍នាំនូវការផ្ដាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែល សម្តេច ទាំងពីរ គឺលោកបានយកចិត្តទុកដាក់ណាស់ ចំពោះសុខ និងទុក្ខរបស់កងកម្លាំងដែលឈរជើងនៅជួរមុខ។ ឆ្លៀតក្នុងឱកាសនោះដែរ សម្ដេចពិជ័យសេនា ក៏បានថ្លែងនូវការកោតសរសើរចំពោះគំរូវីរភាព របស់កងកម្លាំងទាំងអស់ ជាពិសេស អាជ្ញាធរភូមិ ឃុំ ស្រុក ខេត្ត ដែលបានខិតខំបំពេញកាតព្វកិច្ចបម្រើជាតិមាតុភូមិប្រកបដោយទំនួលខុសត្រូវខ្ពស់ ចំពោះការការពារបូរណភាពទឹកដី នៅតាមបន្ទាត់ព្រំដែនជាប់នឹងប្រទេសជិតខាង។
សម្ដេចពិជ័យសេនា ក៏បានសំណូមពរដល់សមត្ថកិច្ច ដែលកំពុងឈរជើងនៅតាមបន្ទាត់ព្រំដែនទាំងអស់ ត្រូវតែបន្តបង្កើនកិច្ចសហប្រតិបត្តិការល្អលើគ្រប់វិស័យ និងសាមគ្គីភាពល្អ ជាមួយបណ្ដាសមត្ថកិច្ចប្រទេសជិតខាង ដើម្បីឲ្យព្រំដែនយើងទាំងអស់ ក្លាយជាព្រំដែនសន្តិភាព ក្រោមគោលនយោបាយឈ្នះឈ្នះ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលបានដឹកនាំប្រទេសកម្ពុជាឲ្យមានការរីកចម្រើនលើគ្រប់វិស័យ។
ក្នុងនោះដែរ សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានផ្ដាំផ្ញើដល់កងកម្លាំងទាំងអស់ ត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់ និងមានប្រសិទ្ធភាពខ្ពស់បំផុត នូវអនុសាសន៍១០ចំណុច របស់ សម្ដេចតេជោ ដែលបានថ្លែងក្នុងពិធីអបអរសាទរខួប២០ឆ្នាំ នៃថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩កន្លងមក។
សម្ដេចក៏បានក្រើនរំលឹក ដល់នាយ និងពលកងកម្លាំងទាំងអស់ថា បើទោះបីជាមានក្រុម ឬពួកណាកេណ្ឌកងទ័ពប្រមូលផ្ដុំ ឬក៏ចង់ធ្វើបដិវត្តន៍នោះ ក្នុងនាមយើងជាកងកម្លាំង ក៏ត្រូវការពាររដ្ឋធម្មនុញ្ញស្របច្បាប់ ដោយមិនឲ្យក្រុម ឬក៏ជនណាមកបំផ្លាញនូវសុខសន្តិភាពនោះបានឡើយ ព្រោះសុខសន្តិភាព ដែលមានបានមកសព្វថ្ងៃនេះ គឺមានតម្លៃមហាសាលធំធេងណាស់ ដោយមិនអាចនឹងកាត់ថ្លៃបាននោះឡើយ។
ចុងបញ្ចប់ នៃពិធីសំណេះសំណាល សម្ដេចពិជ័យសេនា បានឧបត្ថម្ភដល់កងកម្លាំងទាំងបី ក្នុងមួយអង្គភាពទទួលបានថវិកាមួយលានរៀល ព្រមទាំងបានផ្ដល់ជូនម៉ូតូឌ្រីមសង់ចំនួន ៦គ្រឿង ដល់កម្លាំងយោធា សម្រាប់ប្រើប្រាស់ក្នុងកិច្ចការល្បាតការពារព្រំដែនផងដែរ៕
Source: Kampuchea Thmey Daily
0 Comments