Ad Code

រដ្ឋមន្ត្រី​ក្រសួង​ផែនការ​ និង​អាជ្ញាធរ​រាជធានី​ភ្នំពេញ សហការ​គ្នា​ចុះ​ធ្វើ​ជំរឿន​ប្រជាពលរដ្ឋ តាម​ផ្ទះ​នៅ​ខណ្ឌ​ទួលគោក ​និង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​



​ភ្នំពេញ​ ៖​ លោក​ទេសរដ្ឋមន្ត្រី ឆាយ ថន រដ្ឋមន្ត្រី​ក្រសួង​ផែនកា​រ​,​លោក ហួត ហៃ អភិបាលរង​រាជ​ធានី​ភ្នំពេញ អាជ្ញាធរ​ដែនដី​ពាក់ព័ន្ធ ​និង​មន្ត្រី​ជំរឿន​ជាច្រើន​នាក់​ទៀត កាលពី​រសៀល​ថ្ងៃទី​០៥ ខែ​មីនា ឆ្នាំ​២០១៩​នេះ បាន​ចុះ​ធ្វើ​ជំរឿន​ប្រជាពលរដ្ឋ ដែល​រកស៊ី និង​បើក​អាជីវកម្ម​ នៅតាម​បណ្ដោយ​ផ្លូវ​កម្ពុជា​ក្រោម​ក្នុង​សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌ​ទួលគោក និង​បាន​បន្ត​ចុះទៅ​ធ្វើ​ជំរឿន ​បន្ត​ទៀត​នៅមុខ​វត្ត​តាំងក្រសាំង ស្ថិតក្នុង​សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ​រាជធានី​ភ្នំពេញ​។​

លោក​ទេសរដ្ឋមន្ត្រី ឆាយ ថន បាន​មានប្រសាសន៍​លើកឡើង​ប្រាប់​ទៅ​ប្រជាពលរដ្ឋ​ថា ការ​ចុះ​ធ្វើ​ជំរឿន​ប្រជាពលរដ្ឋ​នេះ ធ្វើឡើង​មិនមែន​ដើម្បី​ចង់ដឹង ​និង​ស្វែងយល់ ពី​ការរស់នៅ ការ​រកស៊ី​របស់​ប្រជាពលរដ្ឋ​អោយ​តំឡើង​ពន្ធ​ទៅលើ​ប្រជាពលរដ្ឋ ដែល​ធ្វើ​អាជីវកម្ម​នោះទេ​។​

លោក​ទេសរដ្ឋមន្ត្រី​បន្តថា តាម​គោលការណ៍​របស់​រាជរដ្ឋាភិបាល​ ការ​ធ្វើ​ជំរឿន​ប្រជាសាស្ត្រ​នេះ ​ធ្វើ​ឡើង​១០​ឆ្នាំ​ម្តង​ ដើម្បី​បាន​ទិន្នន័យ​ពិតប្រាកដ​ នៃ​ចំនួន​ប្រជាពលរដ្ឋ ដើម្បី​ងាយស្រួល​ក្នុង​ធ្វើ​ផែនការ​អភិវឌ្ឍន៍​របស់​រាជរដ្ឋាភិបាល​ឲ្យ​ចំ​គោលដៅ​។​

ដើម្បី​ឲ្យ​ការធ្វើ​ជំរឿន​ទទួលបាន​លទ្ធផល​កាន់តែ​ល្អប្រសើរ សម្ដេច​អគ្គ​មហា​សេនាបតី​តេ​ជោ​ ហ៊ុន​សែន នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​អំពាវនាវ​ឲ្យ​ជនរួមជាតិ​ទាំងអស់​ចូលរួម​គាំទ្រ និង​ចូលរួម​ការធ្វើ​ជំរឿន​ទូទៅ ដោយ​ប្រជាជន​កម្ពុជា ​ត្រូវ​ផ្តល់​ព័ត៌មាន​តាម​សំណួរ​សម្ភាសន៍​ឲ្យ​បាន​គ្រប់គ្រាន់ ត្រឹមត្រូវ​ និង​ស្មោះត្រង់​ជូន​មន្ត្រី​ជំរឿន​។​

សម្តេច​មាន​ប្រសាសន៍​ថា ការធ្វើជំរឿន​នេះ មិនមាន​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​ទេ គឺ​ដើម្បី​បម្រើ​ឲ្យ​ផល​ប្រយោជន៍​សម្រាប់​ទាំងអស់គ្នា ហើយ​បើ​អាច​ជៀសវាង​បាន ​សូម​ប្រជាពលរដ្ឋ​កុំ​ធ្វើដំណើរ​ទៅ​ឆ្ងាយ និង​សូម​បងប្អូន​យោគយល់​ឲ្យ​មន្ត្រី​ជំរឿន​ចូល​ទៅតាម​លំនៅដ្ឋាន​នៅពេល​យប់​ផង​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu