ភ្នំពេញ ៖ បុរសម្នាក់ ត្រូវបានររថយន្តមិនស្គាល់ម៉ាក២គ្រឿង បានបើកកៀរ រួចកិនបណ្តាលឲ្យស្លាប់ភ្លាមៗ ខណៈកំពុងតែជិះម៉ូតូម្នាក់ឯង កាលពីវេលាម៉ោង២និង០០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩ តាមបណ្ដោយផ្លូវជាតិលេខ៥ ត្រង់ចំណុចមុខខារ៉ាអូខេ ដាយមិនសោន ក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
សពជនរងគ្រោះមាន ឈ្មោះ នឹម សុផល ភេទប្រុស អាយុ៤៨ឆ្នាំ ស្នាក់នៅផ្ទះជួល ម្ដុំផ្សារព្រែកព្នៅ ក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ។
បើយោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញបុរសម្នាក់បានជិះម៉ូតូម៉ាក Zoomer x ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1FW-4915 ធ្វើដំណើរ តាមបណ្ដោយផ្លូវជាតិលេខ៥ ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនមធ្យម លុះមកដល់ចំណុចកើតហេតុ ក៏មានរថយន្ត២គ្រឿង ដែលមិនស្គាល់ម៉ាក បានធ្វើដំណើរពីក្រោយ ស្របទិសគ្នា ក្នុងល្បឿនលឿន ព្រមទាំងបើកកៀរបុរសរងគ្រោះកំពុងជិះម៉ូតូបណ្ដាលឲ្យដួល និងកិនអូសជិត១០ម៉ែត្រ បណ្ដាលឲ្យម្ចាស់ម៉ូតូស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័ម រីឯរថយន្តទាំងពីរគ្រឿងបានបើកគេចបាត់ស្រមោល។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះមកដល់កន្លែងកើតហេតុ និងធ្វើការវាស់វែងយកម៉ូតូជនរងគ្រោះទៅរក្សាទុក រង់ចាំសាច់ញាតិយកឯកសារមកផ្ទៀងផ្ទាត់ និងប្រគល់ឲ្យវិញ។ ចំណែក សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុរួច ប្រគល់ទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
Source: Kampuchea Thmey Daily
0 Comments