Ad Code

ព្រះអង្គ​៤​អង្គ​ សមណ​សិស្ស​​១៨៤​អង្គ​/នាក់​ បាន​ប្រឡង​ចូលរៀន​ពុទ្ធិក​អនុវិទ្យាល័យ សម្ដេច ​ជា​ ស៊ីម ខេត្ត​បន្ទាយមានជ័យ​



​បន្ទាយមានជ័យ​ ៖ នៅព្រឹក​ថ្ងៃទី​៦ ខែ​កុម្ភៈ ឆ្នាំ​២០១៩​នេះ​ សមណ​សិស្ស​ចំនួន​១៨៤​អង្គ/នា​ក់ បាន​ប្រឡង​ចូលរៀន​ពុទ្ធិក​អនុវិទ្យាល័យ សម្ដេច ​ជា ​ស៊ីម ខេត្ត​បន្ទាយមានជ័យ ស្ថិត​ក្នុង​បរិវេណ​វត្ត​ស្វាយ​ចាស់ ស្ថិត​ក្នុងភូមិ​១ សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ។

​ពិធី​នេះ​មានការ​ចូលរួម​ លោក ​យឹម​ យឿន​ ប្រធាន​មន្ទីរ​ធម្មការ​សាសនា​ខេត្ត​បន្ទាយមានជ័យ ព្រះ​ឧ​ត្ត​ម​សីល​ញាណ ធុល​សុធា ព្រះ​មេគណ​ខេត្តបន្ទាយមានជ័យ​ និង​សមណ​សិស្ស​ចំនួន​១៨៤​អង្គ​/នាក់​។

ក្នុង​ពិធី​នេះ​ លោក ​យឹម ​យឿន​ បាន​មានប្រសាសន៍ថា​ ថ្ងៃនេះ​ លោក​មាន​សេចក្តី​រំភើប​ណាស់​ ដែល​បាន​ចូលរួម​ធ្វើ​គណៈ​មេ​ប្រយោគ​ប្រឡង​សមណ​សិស្ស​ចំនួន​១៨៤​អង្គ/​នាក់ ​ប្រឡង​ចូលរៀន​ពុទ្ធិក​អនុវិទ្យាល័យ សម្ដេច ​ជា​ ស៊ីម ខេត្ត​បន្ទាយមានជ័យ ដែល​មាន​៨​បន្ទប់ ក្នុង​នោះ​រួមមាន​ វិញ្ញាសា ព្រឹក​ប្រឡង​វិញ្ញាសា ភាសា​បាលី និង ​សរសេរ​តាម​អាន លុះ​នៅ​ពេល​ល្ងាច​ប្រឡង​វិញ្ញាសា​ព្រះ​វិន័យ និង​គណិតវិទ្យា ហើយ​ក្នុង​ការប្រឡង​នោះ​ មាន​រយៈពេល​ពេញ​១​ថ្ងៃ​ពេញ​។

​លោក​បាន​បញ្ជាក់ទៀតថា ​ព្រះសង្ឃ​ ដែល​បាន​ប្រឡង​ចូលរៀន​ពុទ្ធិក​អនុវិទ្យាល័យ សម្ដេច ​ជា​ ស៊ី​ម ខេត្តបន្ទាយមានជ័យ​នេះ​ កន្លងមក ​ព្រះ​១​អង្គៗ​ ខិតខំ​រៀនសូត្រ​យ៉ាង​យកចិត្តទុកដាក់​គ្រប់​វត្ត​នៅក្នុង​ខេត្ត​បន្ទាយមានជ័យ​នេះ ​ខិតខំ​រៀន​សូត្រ​យ៉ាង​ខ្លាំង​នោះ ​ធ្វើ​ឲ្យ​ពុទ្ធចក្រ​មានការ​រីកចម្រើន​ឥត​ឈប់ឈរ​ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​កន្លងមកនេះ​។

​ក្នុងនោះ ​លោក​ បាន​ធ្វើការ​កោតសរសើរ​ដល់​ព្រះសង្ឃ​ដែល​បាន​ខិតខំ​រៀនសូត្រ​រហូតដល់​បាន​ប្រឡង​ចូលរៀន​ពុទ្ធិក​អនុវិទ្យាល័យ សម្ដេច ​ជា​ ស៊ីម ខេត្តបន្ទាយមានជ័យ​ក្នុងថ្ងៃនេះ ​ស.បញ្ជាក់​ឲ្យ​ឃើញថា​ វិស័យ​ព្រះពុទ្ធសាសនា ​នៅក្នុង​ខេត្ត​បន្ទាយមានជ័យ ​មាន​ការ​រីកចម្រើន​យ៉ាងខ្លាំង​ទាំង​ផ្នែក​ពុទ្ធចក្រ ​រួមជាមួយ​អាណាចក្រ ​មិនអាច​ខ្វះ​បានឡើយ​។​

លោក​ យឹម ​យឿន ​បាន​បញ្ជាក់ទៀតថា ​ទន្ទឹម​នឹង​ការ​រីកចម្រើន ​ក៏​នៅ​មាន​បញ្ហា​មួយ​ចំនួន​តូច​មិន​អាច​គេច​បានឡើយ ​ដូចជា​ ព្រះសង្ឃ​ មិន​គោរព​ពិន័យ​សង្ឃ​ជាដើម​។ ​ដោយ​ឈរលើ​ទស្សនៈ​ថា​ព្រះពុទ្ធ​សាសនា​ ជា​កម្លាំង​ដឹកនាំ​ចរិយា​ធម៌​សង្គម តាម​វត្ត​អារាម​ដែលជា​ការរួមចំណែក​ការកសាង​ធនធាន​មនុស្ស​ល្អ​ដល់​សង្គមជាតិ​។​ សាសនា ​ជា​វិស័យ​អប់រំ​មួយ​ប្រកបដោយ​ធម៌ និង​មាន​ប្រសិទ្ធភាព​ខ្ពស់ ត្រូវប្រកាន់យក​ព្រះពុទ្ធ​សាសនា​ឱវាទ ដែល​មាន​ព្រះត្រៃ​បីដក​ជា​គោល​ធ្វើជា​ប្រទីប​សម្រាប់​បំភ្លឺ​ផ្លូវ​សម្រាប់​អប់រំ ចរិយា​ធម៌ ជម្រះ​ចោល​នូវ​គំនុំ​ការ​ច្រណែន​និន្ទា ឈ្នានីស ​ប្រកបដោយ​អហិង្សា​ជាដើម​។​

លោក ​យឹម​ យឿន​ បាន​បញ្ជាក់ទៀតថា ​ជំនឿ​សាសនា​ ពិតជា​សំខាន់​ណាស់​មិន​អាច​ខ្វះ​បាន​ឡើយ​ដើម្បី​ឲ្យ​ព្រះពុទ្ធសាសនា​ស្ថិតស្ថេរ​រឹងមាំ​បាន​យូរ​អង្វែង​ ត្រូវ​មាន​អ្នកបួស ឬ​ព្រះសង្ឃ​ មាន​មុខងារ​សំខាន់​ណាស់​សម្រាប់​ដឹកនាំ​ពុទ្ធសាសនា និង​ការរៀន​សូត្រ​ធម៌​វិន័យ ហើយ​បដិបត្តិ​អប់រំ​ផ្លូវចិត្ត​ឲ្យ​ល្អ​និង​បាន​យកចំណេះ​ដឹង​នោះ​ទៅ​អប់រំ​ទូន្មាន​ដល់​ពុទ្ធបរិស័ទ ឲ្យ​ប្រព្រឹត្ត​សុចរិត ឲ្យ​ស្រឡាញ់​រាប់អាន​គ្នា សាមគ្គី ចេះ​ស្រឡាញ់គ្នា​ និង​រក្សា​សម្បត្តិ​វប្បធម៌​ជាតិ ប្រពៃណី ទំនៀម​ទម្លាប់​ ដែល​មាន​ពី​អតីត​កាល​ឲ្យ​គង់វង្ស​ផង​ដែរ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu