ភ្នំពេញ ៖ សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវដល់សមាជិក សមាជិកាក្រុមប្រឹក្សាឃុំ សង្កាត់ទាំងអស់ អញ្ជើញទៅចូលរួមបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក និងខណ្ឌ ដែលនឹងប្រព្រឹត្តទៅ នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ ខាងមុខនេះ ឲ្យបានគ្រប់ៗគ្នា ដើម្បីចូលរួមជ្រើសរើសអ្នកដឹកនាំនៅតាមរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ របស់ខ្លួនប្រកបដោយប្រសិទ្ធភាព។
ការអំពាវនាវនេះនៅក្នុងឱកាសអនុញ្ញាតឲ្យគណៈ ប្រតិភូស្ត្រី មកពីថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិសរុបចំនួន១៥០នាក់ ដឹកនាំដោយលោកជំទាវវេជ្ជបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួង កិច្ចការនារី ចូលជួបសំណេះសំណាល និងសម្ដែងការគួរសម ក្នុងឱកាសអបអរសាទរខួបទី១០៨ នៃទិវាអន្តរ ជាតិនារី ៨មីនា ឆ្នាំ២០១៩ នៅវិមានព្រឹទ្ធសភា កាលពីរសៀលថ្ងៃចន្ទ ១៣រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩នេះ។
ជាមួយនេះដែរ សម្ដេចវិបុលសេនាភក្តី សាយ ឈុំ បានកោតសរសើរ និងអបអរសាទរចំពោះជោគជ័យទាំងឡាយ ដែលលោកជំទាវរដ្ឋមន្ត្រី ព្រមទាំងសហការី បាន និងកំពុងខិតខំប្រឹងប្រែងបំពេញភារកិច្ចក្នុងបុព្វហេតុដើម្បីស្ត្រី ក៏ដូចជាប្រជាជនកម្ពុជា សំដៅឱ្យបងប្អូនទទួលបានសេចក្តីសុខ សុភមង្គល សម្បូរសប្បាយ និងមានភាពថ្លៃថ្នូរក្នុងសង្គម។
សម្ដេចប្រធានព្រឹទ្ធសភា បានគាំទ្រ និងអបអរសាទរទិវាអន្តរជាតិនារី ៨មិនា ខួបលើកទី១០៨ ក្រោមប្រធានបទ «លើក កម្ពស់សមភាពយេនឌ័រ និងការគាំពារសង្គម ដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស» ដើម្បីជំរុញបន្ថែមទៀត ក្នុងការលើកកម្ពស់ស្ថានភាពស្ត្រីកម្ពុជា ជាម្តាយ ជាអ្នកដឹកនាំគ្រួសារ និងជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចនិងសង្គមជាតិ នៅក្នុងស្ថាប័នរដ្ឋ ឬឯកជន ប្រកបដោយគុណសម្បត្តិ ល្អប្រសើរ ទទួលបានជោគជ័យគ្រប់កិច្ចការ ក្នុងនាមជាពលរដ្ឋដ៏ល្អប្រសើរ នៃសង្គមជាតិ។
សម្តេចប្រធានព្រឹទ្ធសភា បានវាយតម្លៃខ្ពស់លើប្រធានបទដ៏សំខាន់នេះ ដែលបានលើក ឡើងស្របតាមបរិការណ៍របស់ប្រទេសកម្ពុជា ដែលរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានខិតខំប្រឹងប្រែងដាក់ចេញជាសកម្មភាព គន្លឹះ ក្នុងការអនុវត្តគោលនយោបាយជាតិ គាំពារសង្គមរបស់រាជរដ្ឋាភិបាល ក្នុងគោលដៅផ្តោតសំខាន់ទៅលើ ការលើកកម្ពស់សីលធម៌ គុណធម៌ និងផ្តល់តម្លៃដល់ស្ត្រីកម្ពុជា នៅគ្រប់កាលៈទេសៈ និងគ្រប់ទីកន្លែង។ តាមរយៈការដាក់ចេញគោលនយោបាយ ឈ្នះ ឈ្នះ ឆ្នាំ១៩៩៨ រាជរដ្ឋាភិបាលកម្ពុជា បាននាំមកនូវការបង្រួបបង្រួមជាតិ ដែលធ្វើឲ្យប្រទេសកម្ពុជា មានសុខសន្តិភាព ស្ថិរភាព ឯកភាពជាតិ និងសន្តិសុខសង្គម។ ទាំងអស់នេះ បានបង្កលក្ខណៈងាយស្រួលដល់ប្រទេសកម្ពុជា ទទួលបានមុខមាត់ថ្មី ប្រកប ដោយភាពរឹងមាំ និងសុខសន្តិភាពពេញលេញទូទាំងប្រទេស និងមានការរីកចម្រើនជឿនលឿនជាលំដាប់ និងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ។
ប្រជាជនកម្ពុជា បាននិងកំពុងទទួលផ្លែផ្កាពីសុខសន្តិភាព ស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ច ដែលអត្រា នៃភាពក្រីក្រត្រូវបានកាត់បន្ថយ គួរជាទីកត់សម្គាល់។
សម្តេចប្រធានព្រឹទ្ធសភា បានកត់សម្គាល់ថា ប្រធានបទ «លើកកម្ពស់សមភាពយេនឌ័រ និងការគាំពារសង្គម ដើម្បីអភិវឌ្ឍន៍ធនធាន មនុស្ស» មានគោលបំណង បន្តអនុវត្តគោលនយោបាយសមភាពយេនឌ័រ និងការគាំពារសង្គម ដែលជាចក្ខុវិស័យសម្រាប់កសាងប្រទេស ត្រូវបានច្របាច់បញ្ចូលជាអាទិភាពរួមក្នុងការសម្រេចបានកិច្ចអភិវឌ្ឍន៍ធនធានមនុស្ស ដែលបានបញ្ជាក់យ៉ាងច្បាស់ថា ការលើកកម្ពស់សមភាពយេនឌ័រ ការពង្រឹងភាពអង់អាចរបស់ស្ត្រី និងក្មេងស្រី និងការគាំពារសង្គម គឺពិតជាមានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធ។
ប្រព័ន្ធគាំពារសង្គម និងការពង្រីកសំណាញ់សុវត្ថិភាពសង្គម ពិតជារួមចំណែកយ៉ាងសំខាន់ ក្នុងការការពារសិទ្ធិស្ត្រី ការពង្រឹងអំណាចដល់ស្ត្រី ក្មេងស្រី និងលើកកម្ពស់សមភាពយេនឌ័រ។
ក្នុងនាមស្ថាប័នព្រឹទ្ធសភា និង សម្ដេចផ្ទាល់ វិបុលសេនាភក្តី សាយ ឈុំ បានកោតសរសើរ និងអបអរសាទរដោយស្មោះចំពោះសមិទ្ធផល ដែលបានកើតឡើងពីការខិតខំប្រឹងប្រែងរបស់ក្រសួងកិច្ចការនារី គណៈកម្មាធិការជាតិលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ និងក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ក្នុងការធ្វើឲ្យកាន់តែប្រសើរឡើងនូវស្ថានភាព ជីវភាព សិទ្ធិ ឋានៈ និងតួនាទីរបស់ស្ត្រីកម្ពុជា។
ជោគជ័យដ៏ធំធេងរបស់ក្រសួងទាំងអស់នេះ បានឆ្លើយតបជាវិជ្ជមាន ទៅនឹងផែនការយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ដើម្បី «កំណើន ការងារ សមធម៌ និងប្រសិទ្ធភាព» និងផែនការយុទ្ធសាស្ត្រនារីរតនៈរបស់ក្រសួងកិច្ចការនារី។ ព្រឹទ្ធសភា ផ្តល់ការគាំទ្រ និងលើកទឹកចិត្ត ដល់រាជរដ្ឋាភិបាល ក្នុងការអនុវត្តគោលនយោបាយជាតិ និងបានពិនិត្យឡើងវិញ ព្រមទាំងផ្តល់អនុសាសន៍នូវរាល់អត្ថបទច្បាប់ ដែលពាក់ព័ន្ធផ្ទាល់នឹងបញ្ហាស្ត្រី និងក្មេងស្រី ដែលជាឧបករណ៍គតិយុត្តិសម្រាប់ការអនុវត្តគោលនយោបាយជាតិ ស្តីពី សមភាពយេនឌ័រ កិច្ចការពារសិទ្ធិ និងផលប្រយោជន៍ស្ត្រី ក៏ដូចជាអនុសញ្ញា និងពិធីសារអន្តរជាតិពាក់ព័ន្ធនឹងបញ្ហាស្ត្រី។
តាងនាមឲ្យសមាជិក សមាជិកាព្រឹទ្ធសភា ដែលតំណាងឲ្យឆន្ទៈប្រជាពលរដ្ឋកម្ពុជាទាំងមូល សម្តេចប្រធានព្រឹទ្ធសភាបានអះអាងថា នឹងបន្តការគាំទ្រចំពោះការតាក់តែងច្បាប់ ការពិនិត្យ ការអនុម័ត និងតាមដានការអនុវត្តច្បាប់ផ្សេងៗ សំដៅធ្វើយ៉ាងណាឲ្យច្បាប់ទាំងនោះ មានការឆ្លើយតបទៅនឹងយេនឌ័រ ពោលគឺដើម្បីបម្រើផលប្រយោជន៍ប្រកបដោយសមភាព ដើម្បីប្រជាពលរដ្ឋទាំងប្រុស ទាំងស្រី។ សម្ដេចប្រធានព្រឹទ្ធសភា បានសំណូមពរដល់ក្រសួង ស្ថាប័នរដ្ឋ និងឯកជន អង្គការជាតិ អន្តរជាតិ និងសង្គមស៊ីវិល សូមបន្តកិច្ចខិតខំប្រឹងប្រែងនេះតទៅទៀត ដោយធ្វើយ៉ាងណាពង្រឹងការអប់រំ សីលធម៌ សុជីវធម៌ បង្កើនចំណេះដឹង និងជំនាញ រួមគ្នាបន្តអនុវត្តនូវអនុសាសន៍ថ្មីៗទាំងឡាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងការគាំពារសង្គម ដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស ឲ្យបានទាន់សភាពការណ៍ និងសម័យកាលនៅក្នុងប្រទេសក្នុងតំបន់ និងសកលលោក៕
Source: Kampuchea Thmey Daily
0 Comments