Ad Code

ជម្រុះ​ខ្សែក្រវាត់ ​Carabao ជុំ​ចុងក្រោយ ៖ លាភ រដ្ឋា ជួប Yorth Vandy ឯ តា​ញ មករា ជួប Deuk Ken



ការប្រកួត​ជម្រុះ​ដណ្តើម​ខ្សែក្រវាត់​ជើងឯក​Carabao ទម្ងន់​៥៧​គីឡូក្រាម នៅ​សង្វៀន​ទូរទស្សន៍​SEATV នៅ​រសៀល​ថ្ងៃ​សៅរ៍​ ទី​០៩ ខែ​មីនា​ ឆ្នាំ​២០១៩​ខាងមុខនេះ ជាការ​ប្រកួត​ជុំ​ចុង​ក្រោយ រវាង​អ្នក​ប្រដាល់​កម្ពុជា​លាភ រដ្ឋា ក្លិប​ដី​ឡូ​តិ៍​មាន​រិ​ទ្ធ ខេត្ត​បន្ទាយមានជ័យ និង​អ្នក​ប្រដាល់​ថៃ​Yorth Vandy ហើយ​អ្នក​ប្រដាល់​កម្ពុជា​ តា​ញ់ ​មករា សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ ជួប​អ្នក​ប្រដាល់​ថៃ Deuk Ken។​

​លាភ រដ្ឋា និង Yorth Vandy ពួកគេ​ទាំងពីរ​នាក់​នេះ មិន​ធ្លាប់​ជួបគ្នា​ទេ​កន្លងមក​។ តែ​យ៉ាងណា លាភ រដ្ឋា ​គេ​មាន​តែម ​និង​ប្រៀប​ជាង​Yorth Vandy ត្រង់​ថា ​អ្នក​ប្រដាល់​ថៃ​រូបនេះ​វាយ​អន់ មិនទាន់​ដែល​ស្គាល់​ឈ្នះ​មួយ​ប្រកួត​នៅឡើយ​ទេ ក្នុងការ​ប្រកួត​ជម្រុះ​៣​ជុំ​កន្លងមកនេះ​។​ ហើយ​មួយទៀត រឿង​កម្ពស់​Yorth Vandy គេ​គ្រាន់តែ​ខ្ពស់ជាង​បន្តិច គឺ​១,៦៥​ម៉ែត្រ ខណៈ​ដែល រដ្ឋា គេ​១,៦៤​ម៉ែត្រ​នោះ។ ចំពោះ​សមត្ថភាព​វិញ គឺ លាភ រដ្ឋា លើ​ដាច់​តែម្តង។​

​Yorth Vandy គេ​មាន​កំណត់ត្រា​ប្រកួត​ចំនួន​៧៣​លើក ឈ្នះ​៥៨​លើក ចាញ់​១៥​លើក និង​មិនដែល​ស្មើ ។ ចំណែក លាភ រដ្ឋា គេ​មាន​កំណត់ត្រា​ប្រកួត​៥៦​លើក ឈ្នះ​៤២​លើក ចាញ់​១២​លើក និង​ស្មើ​០២​លើក។​

លាភ រដ្ឋា គេ​ប្រកួត​ជុំ​ទី​១(១៩​មករា​២០១៩) គេ​វាយ​ឈ្នះ​Dek Doeur​ក្នុង​ទឹក​ទី​១ និង​ជុំ​ទី​២ ​គេ​វាយ​ឈ្នះ ​Banda Sak ក្នុង​ទឹក​ទី​៤ និង​ជុំ​ទី​៣ គេ​វាយ​ឈ្នះ Deuk Ken ក្នុង​ទឹក​ទី​១​ ដែល​ធ្វើ​ឲ្យ​គេ​បាន​៩​ពិន្ទុ សម្រាប់​ការប្រកួត​ជម្រុះ​បី​ជុំ​កន្លងទៅនេះ។ ចំណែក​ការប្រកួត​ជុំ​ទី​១ របស់ Yorth Vandy នេះ អ្នក​ប្រដាល់​ថៃ​រូបនេះ បាន​វាយ​ចាញ់​ ម៉ន សា​ម៉េ​ត ដោយ​ពិន្ទុ ហើយ​ជុំ​ទី​២ គេ​ត្រូវ​ វ៉ាន់ វឿន វាយ​ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​១ និង​ជុំ​ទី​៣ គេ​ចាញ់​ តា​ញ់ មករា ក្នុង​ទឹក​ទី​៣​ទៀត។

ទោះជា​យ៉ាងណាក្តី សម្រាប់​ការជួបគ្នា​នេះ ពុំ​អាចសន្និដ្ឋាន​មុន​ថា អ្នកណា​ឈ្នះ អ្នកណា​ចាញ់​នោះ​ឡើយ ហើយពីរ​នាក់​នេះ ក៏​មិនអាច​អ្នកណា​មើលស្រាល​អ្នកណា​បានដែរ។​

ចំពោះ​ការជួបគ្នា​រវាង​ តា​ញ់ មករា និង Deuk Ken វិញ ក៏​ប្រហែលជា​មិន​ពិបាក​ទស្សន៍ទាយ​ប៉ុន្មាន​ដែរ ព្រោះ Deuk Ken នេះ ក៏​មិនជា​ខ្លាំង​នោះដែរ ដែល​កាលពី​ជុំ​ទី​១ Deuk Ken (២៦​មករា​២០១៩) គឺ ចាញ់​វ៉ាន់ វឿន ក្នុង​ទឹក​ទី​៣ ហើយ​ជុំ​ទី​២ គេ​ចាញ់​សេន កុសល ដោយ​ពិន្ទុ និង​ជុំ​ទី​៣ គេ​ចាញ់​ លាភ រដ្ឋា​ក្នុង​ទឹក​ទី​១ ដែល​បានតែ​៣ ពិន្ទុ​ប៉ុណ្ណោះ។ ដូច្នេះ តា​ញ់ មករា គេ​ប្រហែលជា​អាច​យកឈ្នះ Deuk Ken នេះ​បាន​ដោយ​ផុយ សម្រាប់​ជំនួប​ជុំ​ទី​៤​ដែលជា​ជុំ​ចុងក្រោយ​នេះ។

តា​ញ់ មករា កាលពី​ប្រកួត​ជុំ​ទី​១(១៩​មករា​២០១៩) គេ​វាយ​ឈ្នះ Banda Sak ដោយ​ពិន្ទុ , ជុំ​ទី​២ គេ​បាន​ផ្តួល​Phrakay Phat អោយ​សន្លប់​ក្នុង​ទឹក​ទី​១ និង​ជុំ​ទី​៣ គេ​ឈ្នះ Yorth Vandy ក្នុង​ទឹក​ទី​៣ ទទួលបាន​៩​ពិន្ទុ​ហើយ ក្នុង​៣​ជុំ​កន្លងមកនេះ ហើយ​ចំពោះ Deuk Ken វិញ គេ​បាន​៣​ពិន្ទុ ព្រោះ​៣​ជុំ គេ​វាយ​ចាញ់​ទាំង​៣​ជុំនោះ។​

អ្នក​ប្រដាល់​វ័យក្មេង តា​ញ់ មករា គេ​មាន​ប្រវត្តិ​ប្រកួត​៥៨​លើក ឈ្នះ​៥២​លើក ចាញ់​០៥​លើក និង ស្មើ​០១​លើក។ ឯ Deuk Ken គេ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​តែ​៦២​លើក ក្នុងនោះ​ឈ្នះ​៤៨​លើក និង ចាញ់​១៧​លើក មិនដែល​ស្មើ។ យ៉ាងណា​សម្រាប់​ការប្រកួត​ជុំ​ចុង​ក្រោយនេះ គេ​រំពឹងថា​តា​ញ មករា នឹង​រកបាន​៣​ពិន្ទុ​បន្ថែម​មិន​ខាន ក្នុង​ការជួប Deuk Ken នេះ។​

សូមបញ្ជាក់ថា ការប្រកួត​ជើងឯក​ខា​រ៉ា​បាវ​រដូវ​កាល​ទី​៨​ទម្ងន់​៥៧​គីឡូក្រាម​លើក​នេះ មាន​អ្នក​ប្រដាល់​ខ្លាំងៗ​ចំនួន៨រូប ចូលរួម​ប្រកួត គឺ​ខ្មែរ​៤​នាក់ ថៃ៤នាក់​។ អ្នក​ប្រដាល់​ខ្មែរ​ទាំង​៤​នាក់​នោះ រួម​មាន​សេន កុសល ក្លិប​មោងឬស្សី​មរតក​គុន​ខ្មែរ​(​ជំនួស​ម៉ន​សា​ម៉េ​ត​) , វ៉ាន់ វឿន ក្លិប​ឃ្លាំងមឿង​កីឡា , លាភ រដ្ឋា ក្លិប​ដី​ឡូត៍​មាន​រិ​ទ្ធ​ខេត្តបន្ទាយមានជ័យ និង​តា​ញ់ មករា សមាគម​កីឡាប្រដាល់​ក្រសួង​ការពារជាតិ​។ ឯ អ្នក​ប្រដាល់​ថៃ ៤ នាក់​វិញ មាន Deuk Ken , Yorth Vandy , Dek Doeur និង Banda Sak។​

ចំពោះ​ការប្រកួត​វិញ គឺ​ធ្វើតាម​រូបមន្ត​វិលជុំ​ជម្រុះ​ដោយ​គិត​ពិន្ទុ ដែលមាន​បី​ដំណាក់កាល។ ដំណាក់​ទី​១ អ្នក​ប្រដាល់​ទាំង​៨​នាក់​នោះ ចែកជា​ពូ​ល​ខ្មែរ​និង​ពូ​លប​រទេស ដែលមាន​៤​នាក់​មួយ​ពូ​ល។ អ្នក​ប្រដាល់​ខ្មែរ​ទាំង​៤​នាក់ ត្រូវ​ប្រកួត​វិល​ជុំ​ជាមួយ​ពូ​ល​អ្នក​ប្រដាល់​ថៃ ដោយ​ជម្រុះ​ចោល​ទុក​តែ​២​នាក់ សម្រាប់​ឡើង​ទៅ​ប្រកួត​ផ្ដាច់ព្រ័ត្រ ដណ្ដើម​ខ្សែក្រវាត់​និង​ប្រាក់​រង្វាន់​តែប៉ុណ្ណោះ។

គួរ​បញ្ជាក់​ថា សម្រាប់​រូបមន្ត​ប្រកួត​នេះ គឺ​ខ្មែរ​មិន​ប៉ះ​ខ្មែរ​គ្នាឯង​ទេ ឯ​អ្នក​ប្រដាល់​បរទេស ក៏​មិន​ប៉ះ​គ្នា​ដែរ​ក្នុង​វគ្គ​ជម្រុះ​នោះ។ មិនមាន​វគ្គ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ អ្នក​ចាញ់​ក្នុង​ជុំ​ជម្រុះ​ចប់​ការប្រកួត​តែម្ដង ហើយ​ក៏​ពុំ​មាន​ចំណាត់ថ្នាក់​លេខ​៣ លេខ​៤​នោះ​ដែរ៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu