Ad Code

ស្ត្រី​មានតម្លៃ​ខ្ពស់​បំផុត ​មិន​អាច​កាត់ថ្លៃ​បាន​ក្នុង​ការ​ជួយ​អភិវឌ្ឍន៍​ក្នុង​សង្គម​គ្រួសារ​ក៏ដូចជា​ប្រទេសជាតិ



ភ្នំពេញ ​៖ ​ស្ត្រី​ ត្រូវ​បាន​ចាត់ទុកថា​គឺជា​ឆ្អឹងខ្នង​ក្នុង​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម​កម្ពុជា​ឲ្យ​មាន​ភាព​ជឿនលឿន​ដូច​បណ្ដា​ប្រទេស​មួយ​ចំនួន​នៅ​លើ​ពិភពលោក។ មិនតែប៉ុណ្ណោះ​ស្ត្រី​គឺ​មាន​តម្លៃ​ដ៏​ថ្លៃថ្លា​ខ្ពង់ខ្ពស់​បំផុត​មិន​អាច​កាត់ថ្លៃ​បាន​ពិសេស​ស្ត្រី​មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​ជួយ​អភិវឌ្ឍន៍​ក្នុងសង្គម​គ្រួសារ​ក៏ដូចជា​ប្រទេសជាតិ​ទាំងមូល​ឲ្យ​រីកចម្រើន​ជឿនលឿន​ផងដែរ។

លោក​សាស្ត្រាចារ្យ ឈាង រ៉ា អគ្គនាយក​មន្ទីរពេទ្យ​កាល់ម៉ែត​បាន​មានប្រសាសន៍​បែបនេះ​ក្នុង​ពិធី​អបអរសាទរ​ខួប​លើក​ទី​១០៨​ទិវា​អន្តរជាតិ​នារី​០៨​មីនា​ឆ្នាំ​២០១៩​ក្រោម​ប្រធានបទ​(​លើក​កម្ពស់​សមភាព​យេនឌ័រ​និង​ការ​គាំពារ​សង្គម​ដើម្បី​អភិវឌ្ឍន៍​ធនធានមនុស្ស​)​ដែល​បានរៀបចំ​ធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​០៥​ ខែមីនា ​ឆ្នាំ​២០១៩​នៅ​អគារ​សម្តេច​តេ​ជោ​នៃ​មន្ទីរពេទ្យ​កាល់ម៉ែត។

បន្ទាប់ពី​លោកស្រី​សាស្ត្រាចារ្យ អ៊ឹ សិទ្ធិ​កា ប្រធាន​អុយនីតេ​ប្រពោធនកម្ម​ទារក បាន​អាន​នូវ​ព្រះរាជសារ​របស់​សម្ដេច​ព្រះមហា​ក្សត្រី​នរោត្តម ​មុនីនាថ​សីហនុ​ព្រះ​វរាជ​មាតា​ជាតិខ្មែរ​ក្នុង​សេរីភាព​សេចក្ដី​ថ្លៃថ្នូរ​ និង​សុភមង្គល​រួច​មក​ លោកស្រី​សាស្ត្រាចារ្យ​រស់ ស៊ីណា ប្រធាន​អ៊ុយ​នី​តេ​ប្រសាទ​សាស្ត្រ​បាន​ឲ្យ​ដឹង​ដែរ​ថា​ នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​មាន​​បុគ្គលិក​ស្ត្រី​ចំនួន​៨៦៧​នាក់​នៃ​បុគ្គលិក​សរុប​១៥៦៨​នាក់​ស្មើនឹង​៥៥%(​ភាគរយ​)​នៃ​ចំនួន​បុគ្គលិក​ទាំងអស់។ ចំនួន​ស្ត្រី​ខាងលើ ​ត្រូវ​បាន​ចាត់​ឲ្យ​បំពេញការងារ​នៅ​ផ្នែក​នានា​មាន​គ្រប់​តួនាទី​ និង​គ្រប់​ជំនាញ​គួរ​ជាទី​មោទនភាព​ក្រៃលែង​សម្រាប់​មន្ទីរពេទ្យ​កាល់ម៉ែត។

លោក​សាស្ត្រាចារ្យ​ឈាង រ៉ា អគ្គនាយក​មន្ទីរពេទ្យ​កាល់ម៉ែត​បាន​បន្ត​ទៀត​ថា​ ប្រធានបទ​សម្រាប់​ទិវា​អន្តរជាតិ​នារី​០៨​មី​នា ឆ្នាំ​២០១៩​នេះ​​គឺ​(​លើក​កម្ពស់​សមភាព​យេនឌ័រ​ និង​ការ​គាំពារ​សង្គម​ដើម្បី​អភិវឌ្ឍន៍​ធនធានមនុស្ស​)​ ព្រោះ​តួនាទី​ស្ត្រី​កម្ពុជា​កាន់តែ​លេចធ្លោ​ក្រោយពី​ប្រទេស​កម្ពុជា​ទទួល​បាន​មរតក​ដ៏​ថ្លៃថ្លា​គឺ​សន្តិភាព ​ដែល​ជា​មរតក​របស់​សម្ដេច​តេ​ជោ​ហ៊ុន សែន ​ក្នុង​ការ​បញ្ចប់​ភ្លើង​សង្គ្រាម​ដ៏​រ៉ាំរ៉ៃ​ទាំងស្រុង​នៅ​ឆ្នាំ​១៩៩៨​ តាមរយៈ​នយោបាយ​ឈ្នះ​ឈ្នះ​ ដែល​បាន​ធ្វើ​ឲ្យ​សង្គម​គ្រួសារ​ខ្មែរ​ទាំងមូល​ដែល​ធ្លាប់​ទាស់ទែង​គ្នា​ក្នុង​អតីតកាល​បាន​រួបរួម​សាមគ្គី​គ្នា​មាន​ឯកភាព​ទឹកដី​ទាំងស្រុង​ និង​រួមរស់​ជាមួយគ្នា​ប្រកបដោយ​មោទនភាព​បំផុត។

លោក​សាស្ត្រាចារ្យ​អគ្គនាយក​មន្ទីរពេទ្យ​ បាន​បន្ត​ទៀត​ថា ​ស្ត្រី​គឺជា​ឆ្អឹងខ្នង​នៃ​ប្រទេសជាតិ ស្ត្រី​ជា​មាតា​នៃ​ពិភពលោក ​ដូច្នេះ​ការ​កសាង​ប្រទេស​មួយ​ឲ្យ​មានការ​អភិវឌ្ឍ​​រីកចម្រើន​ជឿនលឿន​ទៅ​បាន​គឺ​មិន​អាច​ខ្វះ​ស្ត្រី​បានទេ ដូច្នេះ​បងប្អូន​ស្ត្រី​ត្រូវ​តស៊ូ​ឡើង​បន្ត​ទៀត​ដើម្បី​ជៀសវាង​ពី​ពាក្យ​តំណាល​ថា​ស្ត្រី​បង្វិល​ចង្ក្រាន​មិន​ជុំ​នោះ។ ដូច្នេះ​ស្ត្រី​ក៏មាន​សិទ្ធិ​ស្មើ​បុរស​ដែរ​ ព្រោះ​ស្ត្រី​ជា​កម្លាំង​ចលករ​មួយ​ជួយ​អភិវឌ្ឍន៍​ប្រទេសជាតិ​ដោយ​សមភាព​ប្រកបដោយ​ចីរភាព។

លោក​សាស្ត្រាចារ្យ អគ្គនាយក​មន្ទីរពេទ្យ​កាល់ម៉ែត ​បាន​មានប្រសាសន៍​ថា បងប្អូន​នារី ជា​ធនធានមនុស្ស​មិន​អាច​ខ្វះ​បាន​ដោយ​បងប្អូន​នារី​បាន​បំពេញការងារ​បម្រើ​អោយ​សង្គមជាតិ​យ៉ាង​ច្រើន ​និង​មិន​ខ្លាច​នឿយហត់។

លោក​បន្ត​ថា ពិធី​នេះ​ធ្វើឡើង​ដើម្បី​រំលឹក​ឡើងវិញ​ពី​វីរភាព​របស់​ស្ត្រី ដែល​បាន​ប្រឆាំង​នឹង​លក្ខខណ្ឌ​ការងារ​តួនាទី​របស់​ស្ត្រី​ក្នុង​កិច្ចការ​សន្តិភាព ការ​អភិវឌ្ឍ ការ​ជំរុញ​ឲ្យ​បញ្ឈប់​នូវ ការ​រើសអើង ព្រមទាំង​ការ​ពង្រឹង​ឲ្យ​មានការ​គាំទ្រ​ដល់​ស្ត្រី ក្នុង​ការ​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​ឲ្យ​បាន​ពេញលេញ​ផង​ដែរ។

លោក​បន្ត​ថា​ ប្រធានបទ «​លើក​កម្ពស់​សមភាព​យេនឌ័រ​ និង​ការ​គាំពារ​សង្គម​ដើម្បី​អភិវឌ្ឍន៍​ធនធានមនុស្ស​» ក្នុង​គោលបំណង​បន្ត​រំលេច​ពី​តម្លៃ​នៃ​សន្តិភាព និង​ការ​លើក​កម្ពស់​វប្បធម៌​អហិង្សា​ដែល​រាជរដ្ឋាភិបាល​បាន​នឹង​កំពុង​គាំទ្រ​ជំរុញ​ឲ្យ​មានការ​ចូលរួម​ពី​គ្រប់​ស្ថាប័ន រួម​ទាំង​បុរស​ទាំង​ស្ត្រី ដើម្បី​វឌ្ឍនភាព​សង្គម​ឆ្ពោះ​ទៅ​លើកកម្ពស់​សិទ្ធិ​ស្ថានភាព ជីវភាព ឋានៈ តួនាទី​របស់​ស្ត្រី ក៏ដូចជា​សុខុមាលភាព​សង្គម ដោយ​ធ្វើការ​ទប់ស្កាត់ និង​កាត់បន្ថយ​អំពើ​ហិង្សា ព្រមទាំង​ដោះស្រាយ​ជម្លោះ​នានា​ដោយ​សន្តិវិធី។

គួរ​បញ្ជាក់​ថា ​ក្នុង​ពិធី​នោះ​ដែរ​ លោក​សាស្ត្រាចារ្យ​អគ្គនាយក​មន្ទីរពេទ្យ​ក៏បាន​អញ្ជើញ​បុគ្គលិក​នារី​ម្នាក់​មក​បង្ហាញ​កាយវិការ​ពី​ឥរិយាបថ​ក្នុង​ការ​បង្ហាញ​ជូន​ពី​ភាព​ទន់ភ្លន់​(​ឧទាហរណ៍​)​ដូចជា​ការ​ទទួល​ភ្ញៀវ​ឬក៏​ទទួល​សេវា​ជំងឺ​ និង​ក្រុម​គ្រួសារ​អ្នក​ជំងឺ ​ដែល​មក​ទទួល​សេវា​នៅ​មន្ទីរពេទ្យ​ផង​ដែរ។

មុន​នឹង​បញ្ចប់​កម្មវិធី​លោក​សាស្ត្រាចារ្យ​អគ្គនាយក​មន្ទីរពេទ្យ ​ក៏បាន​ជូន​បាច់​ផ្កា ​និង​វត្ថុ​អនុស្សាវរីយ៍​សម្រាប់​បុគ្គលិក​ផ្នែក​នារី​ទាំងអស់​ផង​ដែរ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu