ភ្នំពេញ ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ បានសេចក្តីថ្លែងការណ៍មួយសម្តែងការព្រួយបារម្ភ ចំពោះស្ថានការតានតឹងរវាងប៉ាគីស្ថាន និងឥណ្ឌា នៅតំបន់កាស្មៀរ និងអំពាវនាវឲ្យប្រទេសទាំងពីរក្សាការអត់ធ្មត់ខ្ពស់បំផុត និងស្វែងរកដំណោះស្រាយដោយសន្តិវិធី។
សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកម្ពុជាបានលើកឡើងថា កម្ពុជាតាមដានដោយការព្រួយបារម្ភជាខ្លាំង នូវកំណើនការតានតឹងនាពេលថ្មីៗនេះ រវាងប្រទេសប៉ាគីស្ថាន និងឥណ្ឌា នៅតំបន់កាស្មៀរ។ ក្នុងឋានៈជាមិត្តនៃប្រទេសទាំងពីរ កម្ពុជាសង្ឃឹមថា ប្រទេសប៉ាគីស្ថាន និងឥណ្ឌា រក្សាការអត់ធ្មត់ខ្ពស់បំផុត ដើម្បីជៀសវាងការប៉ះទង្គិចគ្នាដោយអាវុធបន្តថែមទៀត ដែលនឹងនាំឲ្យមានអរិភាពក្នុងចំណោមប្រជាជននៃប្រទេសទាំងពីរ។ ជាមួយគ្នានោះដែរ កម្ពុជាជឿជាក់ថា ប្រទេសប៉ាគីស្ថាន និងឥណ្ឌា អាចធ្វើការចរចាគ្នា ដើម្បីកាត់បន្ថយភាពតាន តឹងនាពេលបច្ចុប្បន្ន និង ស្វែងរកដំណោះស្រាយទំនាស់តាមមធ្យោបាយសន្តិវិធី។
ទាក់ទងបញ្ហានេះដែរ កម្ពុជាក៏បានធ្វើការថ្កោលទោសចំពោះការវាយប្រហារភេរវកម្ម កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ កន្លងទៅនៅតំបន់ Pulwama និងបេ្តជ្ញាចូលរួមចំណែកក្នុងកិច្ចប្រឹងប្រែង ដើម្បីប្រយុទ្ធប្រឆាំង នឹងអំពើភេរវកម្មគ្រប់ទម្រង់ និងគ្រប់រូបភាពទាំងអស់។
គួររំលឹកថា ការផ្ទុះអាវុធដាក់គ្នារវាងកងទ័ពឥណ្ឌា និងប៉ាគីស្ថាន នៅឯតំបន់កាស្មៀរបានកើតឡើងជាច្រើនថ្ងៃមកហើយ ដោយកងទ័ពប្រទេសទាំង២ បានបាញ់កំទេចយន្តហោះទម្លាក់គ្រាប់បែកទាំងសងខាង ហើយកាលពីថ្ងៃព្រហស្បតិ៍ទី២៨ ខែកុម្ភៈ សម្លេងគ្រាប់កាំភ្លើងបាញ់តបតគ្នា នៅតាមបណ្តោយព្រំដែនតំបន់កាស្មៀរ នៅតែបន្តបន្លឺឡើង ខណៈដែលរដ្ឋមន្ត្រីប៉ាគីស្ថាន បានអំពាវនាវឲ្យមានការជួបចរចាគ្នា ហើយនាយករដ្ឋមន្ត្រីឥណ្ឌា បានប្រកាសក្រើនរំលឹកឲ្យប្រជាជនឥណ្ឌាម្នាក់ៗក្រោកឈរឡើងធ្វើជាជញ្ជាំងទប់ទល់ជាមួយសត្រូវឈ្លានពាន។
ជម្លោះរវាងឥណ្ឌា និងប៉ាគីស្ថានបានផ្ទុះឡើង ដោយសារតែការវាយប្រហារដោយបំផ្ទុះ គ្រាប់បែកអត្តឃាតសម្លាប់កងកម្លាំងឥណ្ឌាចំនួន៤២នាក់ ក្នុងតំបន់ជម្លោះដែនដីកាស្មៀរ ហើយទីក្រុងញូដេលី បានចោទប្រកាន់ប៉ាគីស្ថានត្រង់ៗថា ជាអ្នកគាំទ្រក្រុមសកម្មប្រយុទ្ធ Jaish-e-Mohammad ដែលជាអ្នកនៅពីក្រោយការវាយប្រហារនេះ ប៉ុន្តែភាពតានតឹងនេះរឹតតែឡើងកម្ដៅ បន្ទាប់ពីមានការបាញ់ទម្លាក់យន្ដហោះចម្បាំងគ្នាទៅវិញទៅមក រហូតដល់មានការបង្ហាញក្ដីព្រួយបារម្ភ និងសំណួរថា តើសង្គ្រាមរវាងប្រជាជាតិនុយក្លេអ៊ែរទាំង ២ អាចនឹងផ្ទុះឡើងដែរ ឬទេ? រីឯសហគមន៍អន្តរជាតិវិញនឹងប្រតិកម្មយ៉ាងដូចម្ដេច? ម្យ៉ាងទៀតសង្គ្រាមផ្ទុះ ឬមិនផ្ទុះឡើងគេមិនអាចសន្និដ្ឋានជាមុនទេ តែអ្វីដែលសំខាន់នោះគឺគ្រោះមហន្តរាយមិននឹកស្មានដល់អាចនឹងកើតឡើងមែននោះ។
អ្នកនាំពាក្យក្រសួងការពារជាតិឥណ្ឌាបានអះអាងថា កងទ័ពឥណ្ឌាត្រៀមខ្លួនរួចហើយ ដើម្បីប្រយុទ្ធដោយអង់អាចក្លាហានបំផុត។ តែយ៉ាងណាការបាញ់តគ្នា នៅមានកំរិតតិចតួច បើប្រៀបធៀបទៅនឹងការបាញ់ផ្លោងដោយកាំភ្លើងធំ និងប្រតិបត្តិការទម្លាក់គ្រាប់បែក កាលពីថ្ងៃអង្គារ និងថ្ងៃពុធ។ កាលពីថ្ងៃអង្គារ កងទ័ពឥណ្ឌា គឺជាអ្នកចាប់ផ្តើម ដោយបានបាញ់កំទេចទីតាំងមួយកន្លែង នៅក្នុងទឹកដីប៉ាគីស្ថាន ដែលឥណ្ឌាអះអាងថា គឺជាមូលដ្ឋានហ្វឹកហាត់ របស់ក្រុមភេរវកម្មអ៊ីស្លាម Jaish-e-Mohammed។ ក្រុមនេះហើយ ដែលបានចេញមុខអះអាង ថាបានធ្វើភេរវកម្ម សម្លាប់ទាហានឥណ្ឌា ចំនួនជាង៤០នាក់ កាលពីថ្ងៃទី១៤ កុម្ភៈ។
ប្រឈមមុខដាក់គ្នានេះ ប៉ាគីស្ថានបានសម្រេចបិទដែនអាកាសរបស់ខ្លួនជាបណ្តោះអាសន្នសិន។ ក្រុមហ៊ុនអាកាសចរណ៍បរទេស ដែលត្រូវហោះទៅកាន់ប៉ាគីស្ថាន ឬត្រូវហោះកាត់ពីលើប៉ាគីស្ថាន ត្រូវបង្ខំចិត្តលុបជើងហោះហើរ ឬត្រូវប្តូរផ្លូវហោះហើរ។ ចំណែកលោក Imran Khan នាយករដ្ឋមន្ត្រីប៉ាគីស្ថាន បានអំពាវនាវឲ្យមានការចរចាគ្នា ដើម្បីបញ្ចៀសសង្គ្រាម ដែលកើតឡើងពីការយល់ច្រឡំណាមួយ។ ជាមួយនឹងអាវុធនុយក្លេអ៊ែរ ដែលប្រទេសទាំង២មាន បើសិនជាមានសង្គ្រាមមែននោះ គឺជាការគិតខុសធ្ងន់ធ្ងរណាស់។
ការប្រៀបធៀបត្រួសៗពីកម្លាំងយោធារវាងប៉ាគីស្ថាន និងឥណ្ឌា៖ កញ្ចប់ថវិកាយោធា៖ កាលពីឆ្នាំ២០១៨ ឥណ្ឌាបានអនុម័តកញ្ចប់ថវិកា ៥៨ពាន់លានដុល្លារ ឬស្មើនឹង ២.១ភាគរយនៃ GDP របស់ខ្លួន ដើម្បីផ្ដល់ការគាំទ្រដល់កងកម្លាំងទ័ពសរុបជាង ១.៤លាននាក់។ នេះបើតាមវិទ្យាស្ថានអន្តរជាតិសម្រាប់ការសិក្សាយុទ្ធសាស្ត្រ (IISS)។ IISS បានឲ្យដឹងថា ប៉ាគីស្ថានកាលពីឆ្នាំ២០១៨ បានអនុម័តកញ្ចប់ថវិកាយោធា ១១ពាន់លានដុល្លារតែប៉ុណ្ណោះ ឬស្មើនឹង៣.៦ភាគរយនៃ GDP សម្រាប់គាំទ្រដល់កងកម្លាំងទ័ព ៦៥៣,៨០០នាក់។ ប៉ុន្តែទន្ទឹមគ្នាប៉ាគីស្ថានក៏ទទួលបានជំនួយយោធាពីបរទេស ១០០លានដុល្លារផងដែរក្នុងឆ្នាំ ដដែល។
មីស៊ីល និងអាវុធនុយក្លេអ៊ែរ៖ ឥណ្ឌា និងប៉ាគីស្ថានសុទ្ធតែមាន មីស៊ីលបាលិស្ទីគបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែររៀងៗខ្លួន។ ដោយឡែកបើតាមមជ្ឈមណ្ឌលសម្រាប់យុទ្ធសាស្ត្រ និងការសិក្សាអន្តរជាតិ (CSIS) មានមូលដ្ឋានក្នុងទីក្រុងវ៉ាស៊ីនតោន ឥណ្ឌាមីស៊ីល ០៩ប្រភេទក្នុងនោះរួមមានទាំង មីស៊ីល Agni-3 ដែលអាចបាញ់បានក្នុងចំងាយពី ៣,០០០គីឡូម៉ែត្រ ដល់៥,០០០គីឡូម៉ែត្រ។ ចំណែកឯកម្មវិធីមីស៊ីលរបស់ប៉ាគីស្ថានវិញ គឺទទួលបានជំនួយផលិតពីចិន ក្នុងនោះរួមមានមីស៊ីលរយៈចំងាយខ្លី និងមធ្យម ដែលអាចបាញ់ដល់ផ្នែកខ្លះនៃទឹកដីឥណ្ឌា។ មីស៊ីល Shaheen 2 អាចបាញ់បានចំងាយ ២,០០០គីឡូម៉ែត្រ ខណៈឥណ្ឌាមានក្បាលគ្រាប់នុយក្លេអ៊ែរពី ១៣០-១៤០គ្រាប់ តែប៉ាគីស្ថានវិញមានពី ១៤០-១៥០គ្រាប់។
កងទ័ពជើងគោក៖ វិទ្យាស្ថានអន្តរជាតិសម្រាប់ការសិក្សាយុទ្ធសាស្ត្រ (IISS) បានឲ្យដឹងថា ឥណ្ឌាមានកងទ័ពជើងគោក ១.២លាននាក់គាំទ្រដោយរថក្រោះ ៣.៥៦៥គ្រឿង, រពាសដែក ៣,១០០គ្រឿង, រថពាសដែកដឹកជញ្ជូន ៣៣៦គ្រឿង និងកាំភ្លើងធំ ៩,៧១៩គ្រឿង។ ចំណែកឯប៉ាគីស្ថានវិញ មានកងទ័ពជើងគោកតែ ៥៦០,០០០នាក់ប៉ុណ្ណោះ ជាមួយរថក្រោះ ២,៤៩៦គ្រឿង, រថពាសដែកដឹកជញ្ជូន ១,៦០៥គ្រឿង និងកាំភ្លើងធំ ៤,៤៧២គ្រឿង។
កងទ័ពអាកាស៖ ដោយមានកងទ័ពជើងគោក ១២៧,២០០នាក់ និងយន្ដហោះចម្បាំង ៨១៤គ្រឿង កងទ័ពអាកាសឥណ្ឌាត្រូវបានគេចាត់ទុកថា ជាកងទ័ពអាកាសដ៏ខ្លាំងមួយ។ ឥណ្ឌាមានយន្ដហោះចម្បាំងដូចជា MiG-21 ទិញពីរុស្ស៊ីជាដើម រីឯប៉ាគីស្ថានមានយន្ដហោះចម្បាំង F-7PG របស់ចិន និងយន្ដហោះចម្បាំងអាមេរិក F-16។ ប៉ាគីស្ថានមានយន្ដហោះចម្បាំងសរុប ៤២៥គ្រឿង។
កងទ័ពជើងទឹក៖ កងទ័ពជើងទឹកឥណ្ឌាមាននាវាផ្ទុកយន្ដហោះចម្បាំង ០១គ្រឿង, នាវាមុជទឹក ១៦គ្រឿង, នាវាពិឃាត ១៤គ្រឿង, នាវាល្បាត និងនាវាប្រយុទ្ធ ១០៦គ្រឿង ព្រមទាំងនាវាប្រឆាំងយន្ដហោះចម្បាំង ៧៥គ្រឿង និងនាវាចម្បាំងធម្មតា ១៣គ្រឿង។ ឥណ្ឌាមានកងទ័ពជើងទឹកសរុប ៦៧,៧០០នាក់។ ដោយឡែកប៉ាគីស្ថានមាននាវាចម្បាំងធម្មតា ០៩គ្រឿង, នាវាមុជទឹក០៨គ្រឿង, នាវាល្បាត ១៧គ្រឿង និងនាវាប្រឆាំងយន្ដហោះចម្បាំងតែ ០៨គ្រឿងប៉ុណ្ណោះ។
តួលេខខាងលើនេះ គឺជាការបង្ហាញអំពីសព្វាវុធ និងកម្លាំងជាក់ស្តែង ដែលប្រទេសទាំងពីរនេះមានប៉ុណ្ណោះ ខណៈកត្តាចម្បងមួយទៀតដែលអាចធ្វើឲ្យប្រទេសមួយមានប្រៀបលើប្រទេសមួយទៀតបាននោះ គឺ”យុទ្ធសាស្ត្រនៃការធ្វើសង្គ្រាម”។ ទោះបីជាបែបនេះក្តី គ្មានប្រទេសណាមួយចង់ឲ្យប្រទេសធំៗទាំងពីរនេះ ផ្ទុះសង្គ្រាមរវាងគ្នានោះឡើយ ដោយគ្រប់គ្នាកំពុងអំពាវនាវឲ្យរដ្ឋាភិបាលញូដេលី និងអ៊ីស្លាម៉ាបាដមានការអត់ធ្មត់ និងស្វែងរកកិច្ចសន្ទនាដោះស្រាយបញ្ហាដោយសន្តិវិធី៕
Source: Kampuchea Thmey Daily
0 Comments