Ad Code

ក្រសួងការពារជាតិ នាំ​យក​អតីត​កីឡាករ​ក្លិប​អាស៊ី​អឺរ៉ុប​និង​ព្រះខ័ន​រាជ​ស្វាយរៀង បំពេញ​ក្នុង​កូតា​កីឡាករ​បរទេស



​ក្រុមបាល់ទាត់​ក្រសួងការពារជាតិ ដែល​ទស្សនិកជន​និយម​ហៅថា​«​ទ័ព​» សមាជិក​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodin League) បានសម្រេច​នាំយក​កីឡាករ​បរទេស​១​រូប​ទៀត​ជា​ជនជាតិ​នី​ហ្សេ​រី​យ៉ា ធ្លាប់​ជា​សមាជិក​របស់​ក្លិប​អាស៊ី​អឺរ៉ុប និង​ព្រះខ័ន​រាជ​ស្វាយរៀង មក​រួម​ក្រុម​ដើម្បី​ត្រៀម​ប្រកួត​ក្នុង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា​រដូវ​កាល​ថ្មី​ឆ្នាំ​២០១៩​ខាងមុខនេះ​។

​កីឡាករ​រូប​នោះ​មាន​ឈ្មោះថា​Ugochukwu Obi លេង​នៅ​តំបន់​ប្រយុទ្ធ​។ រូបគេ​បានធ្វើ​ដំណើរ​មកដល់​ប្រទេស​កម្ពុជា ដំបូង​នៅ​ឆ្នាំ​២០១៥ ដោយ​កាល​នោះបាន​ចូលរួម​ជាមួយ​ក្លិប​បាល់ទាត់​អាស៊ី​អឺរ៉ុប​យូ​ណាយ​ធី​ត រដូវ​កាល​បន្ទាប់​រូបគេ​បានសម្រេច​ចិត្ត​ចូលរួម​ជាមួយ ព្រះខ័ន​រាជ​ស្វាយរៀង នៅ​ឆ្នាំ​២០១៦ និង​២០១៧​។ នៅ​រដូវ​កាល​ឆ្នាំ​២០១៨​កន្លងទៅ កីឡាករ​រូបនេះ​បាន​ប្រកប​អាជីព​ជាមួយ​ក្រុម​ពាក់កណ្ដាល​អាជីព​នៅ​វៀតណាម ខណៈ​ឆ្នាំ​២០១៩ នេះ​បាន​សម្រេចចិត្ត​ត្រឡប់​មកកាន់​ប្រទេស​កម្ពុជា ម្តងទៀត​។

​យោងតាម​ការកំណត់រ​បស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា (​ស​.​ប​.​ក​) បាន​បញ្ជាក់ថា​ ក្លិប​ជា​សមាជិក​របស់​លី​គ​ខ្លួន​មាន​សិទ្ធិ​ចុះបញ្ជី​កីឡាករ​បរទេស​ចំនួន​៥​នាក់ ប៉ុន្តែ​ដាច់ខាត​ក្នុងនោះ​ត្រូវតែមាន​កីឡាករ​ជា​ជនជាតិ​សមាជិក​ទ្វីបអាស៊ី ១​រូប​។ ចំពោះ​ក្រុម​ក្រសួងការពារជាតិ ត្រូវបាន​គណៈកម្មការ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា (CNCC) បញ្ជាក់​កាលពីពេល​ថ្មីៗ​ថា​បាន​ចុះបញ្ជី​កីឡាករ​បរទេស​បាន​៣​នាក់​ហើយដោយ​ក្នុងនោះ​មាន​កីឡាករ Bisan George, Bata និង​កីឡាករ​ចាស់​ជនជាតិ​អេ​ហ្ស៊ី​ប Mohamed Hamza​។

បើ​និយាយ​ពី​បេសកម្ម​ក្នុង​រដូវ​កាល​ឆ្នាំ​២០១៨ កន្លងទៅ​ក្រុម​ក្រសួងការពារជាតិ បាន​បញ្ចប់​ចំណាត់ថ្នាក់​លេខ​៤ ក្នុងចំណោម​ក្លិប​ទាំង​១២​ប្រចាំ​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា​(Metfone Cambodian League 2018) ក្រោយ​ប្រកួត​បាន​២២​លើក​ឈ្នះ​បាន​១៣ លើក​ហើយ​ធ្លាប់​ស្មើគ្នា​បាន​៣​លើក និង​ចាញ់​រហូតដល់​៦​លើក​។ ចំណែក​ពានរង្វាន់​សម្តេច​តេ​ជោ វិញ​គឺ​បានឈ្នះ​ជើងឯក​ក្រោយ​យកឈ្នះ​លើ​ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ៣​ទល់​០ ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​។ ចំណែក​កីឡាករ​បរទេស​ចាស់ៗ​នៅក្នុង​ក្លិបកាល​ពី​រដូវ​កាល​មុន ចំនួន៤នាក់​ផ្សេងទៀត​ សុទ្ធតែ​ចាកចេញ​ពី​ក្រុម​អស់​ហើយ​៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu