ភ្នំពេញ ៖ លោកចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅ និង ជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌបានបញ្ជាឲ្យសមត្ថកិច្ចចំរុះចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រីនៅសង្កាត់និរោធឲ្យទាល់តែបានមិនឲ្យរួចខ្លួនឡើយ។
បញ្ជារបស់លោកចេង មុនីរ៉ា គឺធ្វើឡើងនៅកិច្ចប្រជុំ គណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅនាព្រឹកថ្ងៃទី១ខែមីនានេះ ដោយមានការចូលរួមពីលោក លោកស្រីអភិបាលរងខណ្ឌលោកអធិការលោកមេបញ្ជាការអាវុធហត្ថខណ្ឌលោក លោកស្រីចៅសង្កាត់និងលោកមេប៉ុស្តិ៍ទាំង៨។
លោកចេង មុនីរ៉ា បានបញ្ជាក់ថា នៅពេលដែលលោកបានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋក្នុងវេទិកាសាធារណៈ គឺប្រជាពលរដ្ឋក្នុងសង្កាត់និរោធបានឡើងមានយោបល់សឹងគ្រប់ៗគ្នាដោយសុំឲ្យអាជ្ញាធរនិងសមត្ថកិច្ចជួយលុបបំបាត់ល្បែងស៊ីសងគ្រប់ប្រភេទពិសេសគឺហ្គេមបាញ់ត្រីនិងក្រុមក្មេងស្ទាវ ដែលប្រមូលផ្តុំគ្នាជក់និងចែកចាយថ្នាំញៀនដែលសព្វថ្ងៃនេះប្រជាពលរដ្ឋលោកមានការភ័យខ្លាចនិងពពួកសង្គមងងឹតនេះ។
ហើយរឿងសំខាន់មួយទៀតនោះ គឺទីតាំងបើកលេងហ្គេមបាញ់ត្រី ដែលកំពុងបើកលេងជាចំហនៅសង្កាត់និរោធ ធ្វើឲ្យកូនចៅប្រជាពលរដ្ឋវក់លេងភ្លេចបាយភ្លេចទឹក គេចពីផ្ទះនិងមិនចូលសាលាថែមទាំងលួចយកទ្រព្យសម្បត្តិក្នុងផ្ទះ ដើម្បីយកលុយទៅលេងហ្គេមបាញ់ត្រីនេះឯង។
លោកប្រធានគណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅបានបញ្ជាយ៉ាងដាច់ណាត់ថា រសៀលថ្ងៃនេះបន្ទាប់ពីចប់ប្រជុំទៅ គឺសមត្ថកិច្ចអាវុធហត្ថនិងនគរបាលខណ្ឌត្រូវចុះទៅបង្ក្រាបទីតាំងបើកហ្គេមបាញ់ត្រីនៅសង្កាត់និរោធ និង សង្កាត់ដទៃទៀត បើមានត្រូវចាប់ឲ្យអស់កុំបន្ធូរដៃដោយសុំការអនុញ្ញាតពីស្ថាប័នព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ។
លោកប្រធានបានបញ្ជាក់យ៉ាងខ្លីថា មកដល់ថ្ងៃនេះហើយ សុំកុំស៊ុមគ្រលុំជាមួយអ្នកបំពានច្បាប់ទៀតទៅវាមិនបានប៉ុន្មានទេ។ ប៉ុន្តែបើច្បាប់រកឃើញថា មន្ត្រីណាពាក់ព័ន្ធគឺច្បាស់ជាមានទោសទណ្ឌហើយ៕
Source: Kampuchea Thmey Daily
0 Comments