Ad Code

បើក​ម៉ូតូ​លឿន​ពេក ​ជ្រុល​ទៅបុក​ខឿន​ផ្លូវ​បែកក្បាល​ស្លាប់​នៅ​បឹង​ស្នោ



ភ្នំពេញ ៖ យុវជន​ម្នាក់​ បាន​ជួប​គ្រោះថ្នាក់​ដល់​ជីវិត​ ខណៈ​ពេល​ដែល​រូបគេ ​បើក​ម៉ូតូ​ទៅ​បុក​ខឿន​ផ្លូវ​បណ្ដាល​ឲ្យ​បែក​ក្បាល​ធ្លាយ​ខួរ។

គ្រោះថ្នាក់​នេះ​ បាន​កើតឡើង​នៅ​វេលា​ម៉ោង​២៣​និង​៤៥​នាទី​យប់​ថ្ងៃ​ទី​២៧ ​ខែមីនា​ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ​ក្នុងភូមិ​បឹង​ស្នោ​ សង្កាត់​និរោធ​ ខណ្ឌ​ច្បារអំពៅ​ រាជធានី​ភ្នំពេញ។

ជនរងគ្រោះ​ឈ្មោះ​ទេព សូរ្យ​ច័ន្ទ ភេទ​ប្រុស​ អាយុ​៣០​ឆ្នាំ​ មុខរបរ​នៅផ្ទះ​ស្នាក់នៅ​ភូមិ​វាល​ស្បូវ​ សង្កាត់​វាល​ស្បូវ​ ខណ្ឌ​ច្បារអំពៅ​ រាជធានី​ភ្នំពេញ​។​

តាម​ប្រភពពី​លោក​វរសេនីយ៍ទោ ឯក សារ៉ន​ អធិការរង​នគរបាល​ខណ្ឌ​ច្បារអំពៅ​ទទួលបន្ទុក​សណ្តាប់ធ្នាប់​ចរាចរណ៍​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ ជនរងគ្រោះ​ជិះ​តែ​ម៉ូតូ​ម៉ាក​ស៊ូ​មឺ​អិ​ច ពណ៌​ស​​លាយ​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​1GO 92 15​ ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​១​ក្នុង​ល្បឿន​លឿន ​ហើយ​មិន​ពាក់មួក​ការពារ​សុវត្ថិភាព​នោះ​ទេ។ លុះ​ទៅដល់​មុខ​ទីតាំង​​ តាំក្រះឆាយ ​ស្ថិត​ក្នុង​ភូមិ​បឹង​ស្នោ ​សង្កាត់​និរោធ​ បាន​ទៅ​បុក​នឹង​ខឿន​ផ្លូវ​បណ្ដាល​ឲ្យ​បោក​ក្បាល​បុក​នឹង​ចិញ្ចើម​ផ្លូវ​បែក​ក្បាល​ស្លាប់​ភ្លាមៗ។

លោក​អធិការរង​បាន​បញ្ជាក់​ថា ​គ្រោះថ្នាក់​នេះ​ គឺ​ដោយសារ​ជនរងគ្រោះ​ បើកបរ​ម៉ូតូ​លឿន​ពេក​ ទើប​បង្ក​ឲ្យ​គ្រោះថ្នាក់​ដល់​បាត់​បង់ជីវិត។ ក្រោយ​កើតហេតុ ​គ្រួសារ​ជនរងគ្រោះ ​បាន​មក​ទទួលយក​សព​ទៅកាន់​លំនៅដ្ឋាន​ ព្រោះ​ទីតាំង​កើតហេតុ​ក្បែរ​គ្នា​នឹង​ដែរ៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu