ភ្នំពេញ ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន កាលពីរសៀលថ្ងៃទី២៧មីនា នៅទីស្តីការក្រសួង បានទទួលជួបពិភាក្សាជាមួយ លោក Chen Hao លេខាបក្សកុម្មុយនិស្តខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន និងអញ្ជើញជាអធិបតីពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពី កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍អាជីវកម្ម OTT នៅប្រទេសកម្ពុជា រវាងក្រុមហ៊ុនយូណានមេឌាគ្រុប និង ក្រុមហ៊ុនសៅ អីស្ត អាស៊ី ធេលេខម (ខេមបូឌា)។
ប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ស្តីពី«កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍អាជីវកម្ម OTT នៅប្រទេសកម្ពុជា» រវាងក្រុមហ៊ុន យូណានមេឌាគ្រុប និងក្រុមហ៊ុនសៅ អីស្ត អាស៊ី ធេលីខម(ខេមបូឌា) នៅល្ងាចថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩នេះ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានបញ្ជាក់ថា OTTនេះ ជាប្រព័ន្ធថ្មីដែលអាចស្វែងរកទិន្នន័យព័ត៌មានឡើងវិញបានលឿន តាមរយៈការបញ្ចូលទិន្នន័យ នៃការផ្សព្វផ្សាយរបស់វិទ្យុ និងទូរទស្សន៍រួមគ្នាលើទម្រតែមួយ។
លោករដ្ឋមន្ត្រីបានឲ្យដឹងទៀតថា ក្រុមហ៊ុន យូណានមេឌាគ្រុប ក៏បានសហការជាមួយក្រសួងព័ត៌មានផងដែរ ដែលធ្វើឲ្យយើងកាន់តែងាយស្រួលក្នុងការស្វែងរកទិន្នន័យផ្សេងៗតាមរយៈOTTនេះ។
លោក រដ្ឋមន្ត្រីខៀវ កាញារីទ្ធ បានអះអាងបញ្ជាក់ទៀតថា កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍អាជីវកម្ម OTTនៅប្រទេសកម្ពុជា រវាងក្រុមហ៊ុនយូណាន មេឌាគ្រុប និង ក្រុមហ៊ុនសៅ អីស្ត អាស៊ី ធេលីខម(ខេមបូឌា) នឹងផ្តល់ភាពងាយស្រួល ក្នុងការទទួលព័ត៌មាន និងបញ្ជូនព័ត៌មាន៕
Source: Kampuchea Thmey Daily
0 Comments