សៀមរាប ៖ កម្លាំងនគរបាលមូលដ្ឋាន នៃក្រុងសៀមរាប បានស្រាវជ្រាវជាមួយជនរងគ្រោះ ករណីបាត់គោ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលមានសមាសភាពច្រើនដូចជា អ្នកកាសែត និងយោធា ទៀតផង។
ហេតុការណ៍ឃាត់ខ្លួននេះ កើតឡើងនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ ក្នុងភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។
លោកវរសេនីយ៍ទោ នួន ស័ក្តិចំរើនរិទ្ធិ អធិការរងទទួលការងារព្រហ្មទណ្ឌនគរបាលក្រុងសៀមរាប បានឲ្យដឹង នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២១០៩នេះថា ដោយទទួលបានបណ្ដឹងរបស់ជនរងគ្រោះករណីបាត់គោ ទើបកម្លាំងនគរបាលមូលដ្ឋាន និងម្ចាស់គោស្រាវជ្រាវ រហូតឃាត់ខ្លួនលើជនសង្ស័យ ឈ្មោះ ស៊ាន សុខា ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរ ជាអ្នកកាសែត នៅអង្គភាពគេហទំព័រព័ត៌មានពិត រស់នៅភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ពាក់ព័ន្ធនឹងករណីអំពើលួច(លួចគោ)។
លោកបន្តថា ករណីបាត់គោនេះ កើតឡើងនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង០៧និង៣០នាទី នៅចំណុចម្តុំស្ពានតាធឿន ក្នុងភូមិជ្រាវ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប មានករណី អំពើលួចសត្វគោ បង្កឡើងដោយជនសង្ស័យខាងលើ បានធ្វើសកម្មភាពលួចគោញី ពណ៌ស របស់ជនរងគ្រោះ ឈ្មោះ ប៉ា គង់ ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិកើតហេតុ ខណៈពេលដែលជនរងគ្រោះ បានយកគោទៅចងទុក ដោយមិនបានដេកចាំយាម។ ក្រោយពេលបាត់ ជនរងគ្រោះ បានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលសង្កាត់ជ្រាវ។ លុះដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ សមត្ថកិច្ចបានកំណត់អត្តសញ្ញាណជនសង្ស័យបាន។
លោកបន្ថែមថា បន្ទាប់មក សមត្ថកិច្ច បាននាំជនសង្ស័យ ឈ្មោះ ស៊ាន សុខា មកធ្វើការសាកសួរតាមនីតិវិធី រហូតទទួលបានសារភាពថា រូបគេ ពិតជាបានធ្វើសកម្មភាពលួចយកគោនោះ ប្រាកដមែន និង បានលក់ឲ្យទៅ ឈ្មោះ ហាស់ ភេទស្រី អាយុ៤៩ឆ្នាំ រស់នៅភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្នុងតម្លៃ៣៥០ដុល្លារ។
សូមរម្លឹកថា ជនសង្ស័យខាងលើធ្លាប់មានរឿងអាស្រូវជាច្រើន ដូចជាយកឈ្មោះជាអ្នកកាសែតទៅជំរិតទារលុយពីកន្លែងអាជីវកម្មផលិតទឹកសុទ្ធ ហើយត្រូវម្ចាស់ទីតាំងប្តឹងទៅសមត្ថកិច្ច។ តែដោយមានការយោគយល់ សមត្ថកិច្ចបានហៅមកអប់រំ។ រហូតលើកនេះ ហ៊ានទៅលួចគោអ្នកស្រុកគេ ទើបសមត្ថកិច្ចសម្រេចកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យទៅកាន់តុលាការ ដើម្បីចាត់ការបន្តតាមនីតិវិធី។
ទាក់ទិននឹងករណីនេះដែរ មហាជន និងអ្នកកាសែត បានសំណូមពរឲ្យបុគ្គលអ្នកកាសែតមួយចំនួនត្រូវធ្វើការឲ្យល្អ ចៀសវាងធ្វើទង្វើប្រាសចាកនូវវិជ្ជាជីវៈជាអ្នកសារព័ត៌មានតទៅទៀត។ ព្រោះករណីខាងលើនេះ ជាទង្វើមួយដែលមហាជន និងអ្នកសារព័ត៌មានស្អប់ខ្ពើមបំផុត៕
Source: Kampuchea Thmey Daily
0 Comments