Ad Code

អគ្គ​រដ្ឋអាជ្ញា​អ៊ីស្រាអែល​និយាយថា គ្រោង​នឹង​ប្តឹង​ចោទប្រកាន់​លោក Netanyahu



អគ្គ​រដ្ឋអាជ្ញា​របស់​ប្រទេស​អ៊ីស្រាអែល ​បានប្រកាស​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា លោក​មានបំណង​ប្តឹង​ចោទប្រកាន់​លោកនាយក​រដ្ឋមន្ត្រី Benjamin Netanyahu ពីបទ​ទទួល​សំណូក ការ​លួចបន្លំ​និង​ការរំលោភ​សេចក្តី​ទុក​ចិត្ត​ក្នុង​ការ​សម្រេចចិត្ត​មួយ ​ដែល​ធ្វើឡើង​ត្រឹមតែ​ប៉ុន្មាន​សប្តាហ៍​ប៉ុណ្ណោះ​មុន​ការបោះឆ្នោត​ខែមេសា។

ការប្រកាស​ដែល​គេ​រង់ចាំ​ជា​យូរ​មកហើយ​មួយ​នេះ​នឹង​កាន់តែ​ធ្វើ​ឲ្យ​មានការ​រង្គោះរង្គើ​ដល់​យុទ្ធនាការ​នយោបាយ​និង​គំរាមកំហែង​ដល់​ការក្តោបក្តាប់​អំណាច​ដ៏​យូរ​របស់លោក Netanyahu នៅ​ទី​កំពូល​នៃ​នយោបាយ​របស់​ប្រទេស​អ៊ីស្រាអែល។

អគ្គ​រដ្ឋអាជ្ញា Avichai Mandelblit បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា លោក​មានបំណង​ចោទប្រកាន់​នាយករដ្ឋមន្ត្រី​ក្នុង​សវនាការ​មួយ​ដែលជា​កន្លែង​លោក Netanyahu នឹងត្រូវ​បានផ្តល់​ឱកាស​ដើម្បី​ការពារ​ខ្លួន​មុន​ពេលដែល​ការចោទប្រកាន់​ត្រូវ​បានដាក់​។​

ការប្រកាស​នេះ​បានកើត​ឡើង​មុន​ការបោះឆ្នោត​ថ្ងៃទី​៩​ខែមេសា​ដែល​ក្នុងនោះ លោក Netanyahu ត្រូវ​ប្រឈមមុខ​នឹង​ការប្រកួតប្រជែង​ដ៏​ស្វិតស្វាញ​ពី​សម្ព័ន្ធភាព​នយោបាយ​និយម​កណ្ដាល​ដែល​ដឹកនាំ​ដោយ​អតីត​នាយអគ្គសេនាធិការ​យោធា​លោក Benny Gantz ។

ទោះបីជា​យ៉ាងណាក៏ដោយ នៅក្នុង​សុន្ទរកថា​តាម​ទូរទស្សន៍​ពី​លំនៅដ្ឋាន​ជា​ផ្លូវការ​របស់គាត់​ប៉ុន្មាន​ម៉ោង​បន្ទាប់ពី​សេចក្តីប្រកាស​នេះ លោកនាយក​រដ្ឋមន្ត្រី​បាន​ច្រានចោល​ការចោទប្រកាន់​នេះ​ថា​ជា “​ការព្យាយាម​ថ្កោលទោស​” ក្នុងន័យ​ចង់​ផ្តួលរំលំ​គាត់។

ខណៈ​ក្រុម​អ្នកប្រឆាំង​គាត់​អំពាវនាវ​ឲ្យ​គាត់​លាលែង​ពី​តំណែង​នោះ គាត់​បាន​និយាយថា គាត់​គ្រោង​នឹង​ធ្វើជា​នាយករដ្ឋមន្ត្រី​ក្នុង​រយៈពេល​ដ៏​យូរ​ខាងមុខ​ថ្វីបើ​មានការ​ចោទប្រកាន់​ក៏ដោយ​។​

លោក​បាន​និយាយថា “​ក្រុម​ឆ្វេងនិយម​ដឹងថា ពួកគេ​មិនអាច​យកឈ្នះ​យើង​ក្នុងការ​បោះឆ្នោត​បានទេ​ដូច្នេះ​អស់​រយៈពេល​៣​ឆ្នាំ​មកហើយ​ដែល​ពួកគេ​បានធ្វើការ​ថ្កោលទោស​ដែល​មិន​ធ្លាប់មាន​ពីមុនមក​ក្នុង​គោលបំណង​មួយ​គឺ​ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល​ស្តាំនិយម​ដែល​ខ្ញុំ​ដឹកនាំ”។

គួរ​បញ្ជាក់ថា លោក Netanyahu បាន​កាន់តំណែង​ជា​នាយករដ្ឋមន្ត្រី​អស់​រយៈពេល​ប្រហែល​១៣​ឆ្នាំ​មកហើយ ហើយ​លោក​កំពុង​ស្ថិតនៅ​លើផ្លូវ​ដើម្បី​យកឈ្នះ​បិតា​ស្ថាបនិក​លោក David Ben-Gurion ជា​នាយករដ្ឋមន្ត្រី​កាន់តំណែង​យូរ​បំផុត​របស់​ប្រទេស​អ៊ីស្រាអែល​ប្រសិនបើ​គាត់​ឈ្នះឆ្នោត​នៅក្នុង​ខែមេសា៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu