កាលពីថ្ងៃព្រហស្បតិ៍ មេដឹកនាំគណបក្សប្រឆាំងវេណេហ្ស៊ូអេឡាលោក Juan Guaido បានប្តេជ្ញាវិលត្រលប់ទៅកាន់ប្រទេសវិញក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះបើទោះបីជាមានការគំរាមកំហែងពីរបបរបស់លោកប្រធានាធិបតី Nicolas Maduro ក៏ដោយខណៈដែលលោកនៅតែបន្តដំណើរទស្សនកិច្ចសម្ព័ន្ធមិត្តក្នុងតំបន់ដើម្បីប្រមូលការគាំទ្រពីអន្តរជាតិ។
លោក Guaido ដែលត្រូវបានទទួលស្គាល់ជាប្រធានាធិបតីបណ្តោះអាសន្នដោយបណ្តាប្រទេសជាង៥០បានជួបជាមួយប្រធានាធិបតីប្រេស៊ីលលោក Jair Bolsonaro កាលពីរសៀលថ្ងៃព្រហស្បតិ៍ខណៈមេដឹកនាំប៉ារ៉ាហ្គាយលោក Mario Abdo បានប្រកាសថា លោក Guaido នឹងស្ថិតនៅក្នុងទីក្រុង Asuncion នៅថ្ងៃសុក្រ។
បន្ទាប់ពីបានបំពានបម្រាមធ្វើដំណើររបស់របបលោក Maduro , លោក Guaido បានទៅដល់ប្រទេសកូឡុំប៊ីកាលពីថ្ងៃសុក្រមុនដែលនៅទីនោះលោកបានជួបលោកប្រធានាធិបតី Ivan Duque, អនុប្រធានាធិបតីអាមេរិកលោក Mike Pence, លោក Abdo និងលោក Sebastian Pinera នៃប្រទេសឈីលី។
លោក Guaido បានស្នាក់នៅក្នុងប្រទេសកូឡុំប៊ីដើម្បីព្យាយាមបង្ខំឲ្យជំនួយមនុស្សធម៌ដែលត្រូវការជាចាំបាច់ឲ្យចូលទៅក្នុងប្រទេសវេណេហ្ស៊ូអេឡាប៉ុន្តែត្រូវបានរាំងស្ទះដោយការបិទផ្លូវរបស់យោធាតាមបញ្ជារបស់លោក Maduro។
លោក Guaido បាននិយាយជាមួយលោក Bolsonaro ថា “ខ្ញុំបានទទួលការគំរាមកំហែងប្រឆាំងនឹងរូបខ្ញុំនិងក្រុមគ្រួសាររបស់ខ្ញុំហើយក៏ត្រូវគំរាមកំហែងដាក់ពន្ធនាគារដោយរបបផងដែរ”។
ប្រទេសវេណេហ្ស៊ូអេឡាត្រូវរងគ្រោះដោយវិបត្តិមនុស្សធម៌ដែលបណ្តាលឲ្យភាពក្រីក្រកើនឡើងខណៈមនុស្សរាប់លាននាក់បានជួបប្រទះនឹងបញ្ហាកង្វះស្បៀងអាហារនិងថ្នាំពេទ្យ។
បន្ទាប់ពីភាពវឹកវរផ្នែកសេដ្ឋកិច្ចអស់រយៈពេលជាច្រើនឆ្នាំ បញ្ហារបស់ខ្លួនត្រូវបានគួបផ្សុំដោយការរីករាលដាលនៃអតិផរណាខ្ពស់ដែលមូលនិធិរូបិយវត្ថុអន្ដរជាតិនិយាយថានឹងឈានដល់ ១០លានភាគរយក្នុងឆ្នាំ២០១៩នេះ។
អង្គការសហប្រជាជាតិនិយាយថា ពលរដ្ឋវេណេហ្ស៊ូអេឡាប្រមាណ២.៧លាននាក់បានចាកចេញពីប្រទេសនេះចាប់តាំងពីឆ្នាំ២០១៥មក៕ AFP
Source: Kampuchea Thmey Daily
0 Comments