Ad Code

ទីបំផុត ​អភិបាលរង​ខេត្ត​ព្រះសីហនុ ​២​នាក់ ត្រូវបាន​រាជរដ្ឋាភិបាល បញ្ចប់​​តំណែង



ព្រះសីហនុ​ ៖​ ខណៈពេល លោក យន្ត មីន រក្សា​នៅបាន​តំណែង​របស់​ខ្លួន​ជា​អភិបាល នៃ​គណៈ​អភិបាលខេត្ត ព្រះសីហនុ បន្ត ​ ដោយឡែក​សម្រាប់ លោក ផៃ​ប៊ុន វណ្ណៈ និង លោក ស្រ៊ន ស្រន់ ដែលមាន​តួនាទី​ជា អភិបាលរង​ខេត្ត​ព្រះសីហនុ​ដូចគ្នា ត្រូវ​បាន​រាជរដ្ឋាភិបាល សម្រេច​ចេញ អនុក្រឹត្យ លេខ ២៦១ ចុះ​ថ្ងៃទី​០១ ខែ​មីនា ឆ្នាំ​២០១៩ បញ្ចប់​មុខតំណែង​ពី​អភិបាលរង​ខេត្ត​ព្រះសីហនុ ទាំងស្រុង​តែម្តង។

ពាក់ព័ន្ធ​ការបញ្ចប់​មុខតំណែង អភិបាលរង​ខេត្ត ព្រះសីហនុ ចំនួន​២​រូប​ខាងលើនេះ គឺធ្វើឡើង បន្ទាប់ មាន រឿងអាស្រូវ ពាក់ព័ន្ធ​ការ​ដឹកនាំ​កម្លាំង​ប្រដាប់អាវុធ ប្រើប្រាស់ អំពើ​ហិង្សា វាយដំ ទាត់​ធាក់ និង ប្រហារ ប្រជាពលរដ្ឋ បណ្តាល​ឲ្យ​របួស ក្នុង​ពេល​ចុះ​អនុវត្តន៍​សាលក្រម តុលាការ​កំពូល កាលពី ថ្ងៃ​ទី​២៤ ខែ​មករា ឆ្នាំ​២០១៩ កន្លង​មក លើ​ទីតាំង​ដី​ទំនាស់ តំបន់​ពយ​ម៉ា ចូ​វ ស្ថិត​ក្នុងភូមិ​គគីរ ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ លើ​ដី​ទំហំ​៧១​ហិកតា ដែលជា​ដី​គម្រប​ព្រៃឈើ បៃតង ឆ្នាំ​២០០២។

គួរ​បញ្ជាក់​ផង​ដែ​រ​ថា ក្នុង​ហេតុការណ៍​ចុះ​អនុវត្តន៍​សាលក្រម​ស្ថាពរ តុលាការ​កំពូល ដឹកនាំ​ដោយ​លោក សៀង សុខ​ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ព្រះសីហនុ និង លោក ផៃ ប៊ុន វណ្ណៈ នា​ព្រឹក​ថ្ងៃទី​២៤ ខែ​មករា ឆ្នាំ​២០១៩ លើ​ទីតាំង​ដី​ទំនាស់ ទំហំ​ប្រមាណ​៧១​ហិកតា ស្ថិត​ក្នុង​ភូមិ​គគីរ ឃុំ​បិត​តាំង ស្រុក​ព្រៃនប់ ​ខេត្ត​ព្រះសីហនុ (​តំបន់​ពយ​ម៉ា​ចូ​វ​)​កន្លងទៅ​ថ្មី​នេះ ក្រុម​សមត្ថកិច្ច​ចម្រុះ បាន​ប៉ះ​ទង្គិច ជាមួយ​ក្រុម​អ្នកប្រឆាំង​តវ៉ា ចំនួន​ប្រមាណ​៤០០​នាក់ យ៉ាង​ខ្លាំងក្លា ដោយ​គេ​សង្កេតឃើញ ថា​ប្រជាពលរដ្ឋ​បាននាំគ្នា​ដុត​កង់ឡាន និង​ដេញ​គប់​ដុំថ្ម គប់​ដប​សាំង និង​ប្រើប្រាស់​ចម្ពាមកៅស៊ូ បាញ់​សំដៅ ទៅ​លើ​​សមត្ថកិច្ច ក្នុង​គោលបំណង​ធ្វើការ​រារាំង មិន​ឲ្យ​សមត្ថកិច្ច ចូល​ទៅ​តំបន់​ទីតាំង​ដី​ទំនាស់ ចំណែក​ឯ​ក្រុម​សមត្ថកិច្ច បាន​ប្រើប្រាស់ រថយន្ត​ពន្លត់អគ្គិភ័យ បាញ់​បំបែក​ហ្វូង​អ្នក​តវ៉ា និង ពន្លត់ភ្លើង ប៉ុន្តែ​ក្នុងពេលនោះ​ មិន​ទទួល​បាន​ជោគជ័យ​ទេ តែ​ផ្ទុយ​ទៅវិញ បែរជា​ត្រូវ​ក្រុម​អ្នក​ប្រឆាំង តវ៉ា គប់​ដុំថ្ម​យ៉ាង​ខ្លាំងក្លា ដូច​គេ​បាចលាជ តម្រង់​មក​ហ្វូង​សមត្ថកិច្ច បណ្ដាលឲ្យ​បែក​កញ្ចក់​រថយន្ត ទំនើប​ចំនួន​០២​គ្រឿង និង អេ​ស្កា​វ៉ា​ទ័​រ មួយគ្រឿង ក៏​រង​បែក​កញ្ចក់ ផងដែរ។

ក្រោយមក ​សមត្ថកិច្ច បាន​បង្ខំចិត្ត ប្រើប្រាស់​កាំភ្លើង​បាញ់​អស់​ជាច្រើន គឺ​បាញ់ ក្នុង​ន័យ​គំរាម ក្រុម​អ្នក​តវ៉ា​ចៃដន្យ ក៏បាន​បាញ់​ត្រូវ​បុរស​ម្នាក់ ចំ​ស្មា ធ្លាយ ទៅ​បៀម​គ្រាប់ ជាប់​នឹង​ដើមទ្រូង របួសធ្ងន់​សន្លប់​ស្តូក​ក្នុង​កន្លែង​កើតហេតុ​តែម្ដង និង​មនុស្ស​ចំនួន​០៦​នាក់​ទៀត ត្រូវបាន​ចាប់​ខ្លួន ចំណែក ក្រុម​អ្នក​តវ៉ា ជាច្រើន​រយ​នាក់​ផ្សេង​ទៀត បាន​រត់គេច​ខ្លួន​បាត់​អត់ ជាហេតុ ធ្វើ​ឲ្យ​ស្ថានភាព​លើ​ទីតាំង​ដី​ទំនាស់ មាន​សភាព​ស្ងប់ស្ងាត់ ហើយ​កម្លាំង​សមត្ថកិច្ច​បាន​នាំ​យក​គ្រឿងចក្រ ចំនួន​៦​គ្រឿង ក្នុង អេស្កាវ៉ាទ័រ​ចំនួន​៤​គ្រឿង និង អា​ប៊ុល​ចំនួន​២​គ្រឿង រួម​នឹង​កម្មករ​ស៊ីឈ្នួល​រុះរើ​ចំនួន​ប្រមាណ​២០០​នាក់​ផង​ដែរ ធ្វើ​សកម្មភាព​លើ​ដី​ទំនាស់​យ៉ាង​រលូន​តែម្ដង៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu