កំពង់ចាម ៖ កុមារីជាសិស្សសាលាម្នាក់ ក្នុងចំណោមគ្នា២នាក់ បានលង់ទឹកទន្លេស្លាប់ ខណៈដែលមិត្តភ័ក្ដិរបស់នាងម្នាក់ទៀត ស្រវេស្រវាឡើងគោកបានរួចជីវិតទាំងព្រលឹងចុងសក់។
ប៉ូលិសបានឲ្យដឹងថា នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង១៥និង៤០នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលវាលវង់ បានទទួលព័ត៌មានពីប្រជាពលរដ្ឋថា មានក្មេងលង់ទឹកទន្លេ នៅចំណុចមុខវិទ្យាល័យដីដុះស្ថិតក្នុងភូមិទី៣ សង្កាត់វាលវង់ ក្រុងកំពង់ចាម។
ក្រោយពីទទួលព័ត៌មាននេះភ្លាម សមត្ថកិច្ចបានចុះមកដល់កន្លែងកើតហេតុ បានជួយសង្គ្រោះ និងហៅឡានពេទ្យ មកដឹកទៅមន្ទីរពេទ្យខេត្តកំពង់ចាម។
ប៉ូលិសបានបន្តថា ក្មេងស្រីរងគ្រោះលង់ទឹកមាន ឈ្មោះ វុត្ថា សុដាលីន ភេទស្រី អាយុ១២ឆ្នាំ រៀនថ្នាក់ទី៥ «គ» សាលាឧត្ដរ មានទីលំនៅភូមិជង្ហុក ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ពេលបញ្ជូនមកដល់មន្ទីរពេទ្យដើម្បីសង្គ្រោះ តែពេលមកដល់មន្ទីរពេទ្យ ស្រាប់តែគ្រូពេទ្យបានប្រាប់ថាក្មេងនេះបានស្លាប់បាត់បង់ជីវិតហើយ។
ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ កុមារីរងគ្រោះបានចេញពីផ្ទះទៅរៀនគួរ រហូតដល់ម៉ោង១៤និង៣០នាទី ថ្ងៃដដែល នាងចេញពីរៀនគួ ក៏បានជិះកង់ជាមួយមិត្តភ័ក្ដិរបស់នាងម្នាក់ទៀតមកលេងទឹកទន្លេ នៅមុខវិទ្យាល័យដីដុះ ហើយលង់ទឹកតែម្ដង។ រីឯមិត្តភ័ក្ដិរបស់នាងម្នាក់ទៀត បានស្រវេស្រវាឡើងមកលើគោកទាំងប្រផឹតប្រផើយ។
ប្រភពដដែលបានបន្តថា ឪពុកម្តាយបង្កើតរបស់កុមារីរងគ្រោះ បានទៅធ្វើការរកស៊ីនៅស្រុកឆ្ងាយ ដោយទុកកូនស្រីឲ្យរស់នៅមើលថែជាមួយម្តាយមីង និងជីដូនជីតានៅស្រុកកំណើត ភូមិជង្ហុក ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
ប៉ូលិសបានឲ្យដឹងថា បន្ទាប់មកសមត្ថកិច្ចបានទំនាក់ទំនងផ្ដល់ដំណឹងជូនអាណាព្យាបាល មកទទួលសាកសព យកទៅធ្វើបុណ្យតាមប្រពៃណី៕
Source: Kampuchea Thmey Daily
0 Comments