Ad Code

សមត្ថកិច្ច​ កាង​ល្បែងស៊ីសង ខណៈ​ក្រុម​អ្នក​កាសែត​រាយការណ៍​ឲ្យ​ចុះ​បង្ក្រាប​ ​បែរ​​ជា​ប្រាប់​អ្នក​ជល់​មាន់​ឲ្យ​រត់​ចែក​ជើង​គ្នា​ពេញ​ផ្លូវ​តែម្ដង



កំពង់ឆ្នាំង ៖ ក្រុម​ជល់​មាន់ បាន​រត់​ចែក​ផ្លូវ​គ្នា​ដូច​គោ​ហ្វូង បន្ទាប់ពី​ដឹងថា ​មាន​អ្នក​កាសែត​ទៅដល់​និង​ថត​កន្លែង​ជល់​មាន់​ដាក់​លុយ ដែលមាន​ទីតាំង​ស្ថិតនៅក្នុង ភូមិ​កំពង់​រាំង ឃុំ​ស្វាយជ្រំ ស្រុក​រលាប្អៀរ។ ការភ្ញាក់ផ្អើល​ក្នុង​រឿង​ខាងលើនេះ ​បានកើត​ឡើង​នៅវេលា​ម៉ោង១២និង​៣០​នាទី​រសៀល ថ្ងៃទី​០៣​មីនា។

សូម​បញ្ជាក់​ថា នៅ​មុនពេល​មានការ​ភ្ញាក់ផ្អើល មាន​អ្នកកាសែត​មួយក្រុម បានធ្វើ​ដំណើរ​ទៅកាន់​វត្ត​មួយ​នៅ​កន្លែង​ជល់​មាន់​ក្នុងព្រៃ​មួយកន្លែង​ ដែល​គេ​បាន​ជល់​មាន់​ប្រចាំ​សប្ដាហ៍ ពេល​ពិនិត្យ​ឃើញ​ពិត​ជាមាន​ក្រុម​អ្នក​ជល់​មាន់​នៅ​ចំណុច​នោះ​ដូច​គេ​រាយការណ៍​ពិតមែន ក្រុម​អ្នកកាសែត បាន​រាយ​ការណ៍​ទៅ​មន្ត្រី​កងរាជអាវុធហត្ថ​ម្នាក់ ដោយ​មន្ត្រី​កងរាជអាវុធហត្ថ​នោះ ប្រាប់​ថា​ ជាប់​នៅ​ឆ្ងាយ គឺ​នៅ​ស្រុក​ជល​គី​រី។ បន្ទាប់មក​ក៏បាន​រាយការណ៍​ទៅ​មន្ត្រី​នគរបាល​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​សុំ​ឲ្យ​ចុះមក​បង្ក្រាប។ ប៉ុន្តែ​ត្រូវ​មន្ត្រី​នគរបាល​រូបនោះ​ប្រាប់​ថា​ ជាប់រវល់ ចាំ​ពេល​ក្រោយ​ចុះ។ ស្រាប់តែ​​​មិនបាន​ប៉ុន្មាន​នាទី​ផង​ ក៏​ឃើញ​ក្រុម​អ្នកញៀន​ល្បែង​ជល់​មាន់​ទាំង​នោះ បាន​ភ្ញាក់ផ្អើល​នាំគ្នា​បើក​ម៉ូតូ បើក​រថយន្ត​រត់ចេញ​ប្រសេចប្រសាច​មក​តាមផ្លូវ ទើប​ក្រុម​អ្នក​កាសែត​បានសម្រេច​បើករថយន្ត​បញ្ច្រាស​ជាមួយ​ក្រុម​អ្នក​ជល់​មាន់​ទាំងនោះ ដើម្បី​ថត​យក​រូបភាព បាន​ខ្លះៗ​ដូចដែល​បានឃើញ​ក្នុង​រឿងនេះ។

ដោយឡែក​ពេលទៅដល់​កន្លែង​ជល់​មាន់ ពិនិត្យឃើញ​ក្រោម​ដើមឈើ​មួយ​ដើម​ដែលជា​សង្វៀន​ជល់​មាន់ មាន​សឹក​ដី​ឡើង​រលោង ចំណែក​នៅតាម​តូប​លក់ដូរ ឃើញ​មាន​ក្រុម​អ្នក​ជល់​មាន់​ខ្លះ នៅ​បន្លំ​ខ្លួន​ផឹកស៊ី និង​ឃើញ​មន្ត្រី​កងរាជអាវុធហត្ថ​ម្នាក់ អង្គុយ​ផឹក​ជាមួយ​ដែរ ដោយ​មន្ត្រី​កងរាជ​អាវុធហត្ថ​រូបនោះ​ប្រាប់​អ្នក​ក្រុម​កាសែត​យើង​ថា​ មក​ទិញ​ដំឡូង ចំណែក​នៅក្រោម​តុ​ឃើញ​មាន​ការុង​ដាក់​មាន់​ជល់​មួយ​ក្បាល ​ហើយ​នៅ​មាត់ទឹក ​ក៏​ឃើញ​មាន់​ជល់​មួយ​ក្បាល​ទៀត ដែល​គេ​ចង​ទុក​ចោល​ជាមួយ​កាណូត​ផងដែរ។

ទាក់ទង​ខាងលើនេះ អាច​បញ្ជាក់​បាន​ថា​ ក្រុម​អ្នក​ជល់​មាន់​ខាងលើ អាច​ពាក់ព័ន្ធ​ទៅនឹង​សមត្ថកិច្ច​ទាំង​២​ខាងលើ​យ៉ាង​ពិតប្រាកដ ទើប​ក្រុម​អ្នក​លេង​ល្បែងស៊ីសង​ទាំងនោះ អាច​លេង​ទៅ​បាន​ដោយ​រលូន មិន​ត្រឹមតែ​ប៉ុណ្ណេះ ពេល​ក្រុមអ្នកកាសែត​សុំ​ការអន្តរាគមន៍​ចុះ​បង្ក្រាប សមត្ថកិច្ច​និយាយ​ថា ជាប់​រវល់ តែ​បន្តិចក្រោយមក ឃើញ​ក្រុម​អ្នក​ជល់​មាន់​ទាំងនោះ​រត់​យ៉ាង​ប្រសាច​ទៅវិញ។
ករណីនេះ ប្រជាពលរដ្ឋ​ស្នើសុំ លោក សាក់ សា​រ៉ាង មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត និង​ លោក ខូវ លី ស្នងការ​នគរបាល​ខេត្ត ដែល​ទើប​កាន់​ដំណែង​ថ្មី មេត្តា​ជួយ​ពិនិត្យមើល​កូនចៅ​របស់ខ្លួន​ផង ព្រោះ​ល្បែងស៊ីសង​កំពុង​តែ​កើតមាន​ពេញបន្ទុក​ហើយ ក្នុង​ពេល​ជិត​ដល់​រដូវ​បុណ្យចូលឆ្នាំ​ខ្មែរ​នេះ ហើយ​ល្បែង​ជល់​មាន់​តាម​ទូរទស្សន៍​ តាម​ហាង​កាហ្វេ​នានា ក៏​មាន​ច្រើន​កន្លែង​ផងដែរ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu