Ad Code

ចាងហ្វាង​កាសែត​ថ្ងៃ​ថ្មី ត្រូវ​រថយន្ត​ទំនើប​បុក​ធ្លាក់​ស្នាមភ្លោះ​ រួច​បើក​គេច​ខ្លួន​បាត់​



សៀមរាប ​៖ ​រថយន្ត​របស់​ចាងហ្វាង​កាសែត​ថ្ងៃ​ថ្មី ត្រូវ​រថយន្ត​ទំនើប​ម៉ាក​លុច​ស៊ី​ស​៤៧០ ​មិន​ស្គាល់​អត្តសញ្ញាណ បុក​ធ្លាក់​ស្នាមភ្លោះ​ទៅមុខ​លែងរួច​ និង​រងរបួស​ស្រាល​ ខណៈ​លោក​កំពុង​ចុះ​យក​ព័ត៌មាន។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ កើតឡើង​នៅវេលា​ម៉ោង​២៣​និង​៣០​នាទី​ ថ្ងៃទី​០៤​ ខែមីនា ឆ្នាំ​២០១៩ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦ ក្នុង​ភូមិ​សាស្ត្រ​ឃុំ​ព្រៃ​ជ្រូក ស្រុក​ពួក ខេត្ត​សៀមរាប។

លោក ទីវ សំអុល ចាងហ្វាង កាសែត​ថ្ងៃ​ថ្មី បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​០៥​មីនា​នេះ​ថា លោក​បើក​រថយន្ត​តាមផ្លូវ​ម្នាក់ឯង​សុខៗ​ ស្រាប់​តែមាន​រថយន្ត​ម៉ាក​លុច​ស៊ី​ស​៤៧០​មិន​ស្គាល់​អត្តសញ្ញាណ​មក​បុក​ចំ​ពីក្រោយ​ពេញទំហឹង​ និង​កៀរ​ទម្លាក់​ស្នាមភ្លោះ ​បណ្តាល​លោក​រង​របួស​ស្រាល​។ ​ចំណែក​រថយន្ត​បង្ក បាន​បើក​គេចខ្លួនបាត់​។​

លោក​បន្តថា ភ្លាមៗ​នោះ ​លោក​បាន​ទំនាក់ទំនង​សុំ​ការអន្តរាគមន៍​ពី​សំណាក់​សមត្ថកិច្ច​មូលដ្ឋាន​ដែរ តែ​ចាប់​រថយន្ត​បង្ក​មិនបាន។

លោក​បន្ថែមថា ករណីនេះ​លោក​នឹងដាក់​ពាក្យបណ្ដឹង​នៅ​មូលដ្ឋាន​ខាងលើ ដើម្បី​ទុក​ការពារ​ខ្លួន​របស់​លោក ក្រែង​មាន​មនុស្ស​ចង់​ធ្វើបាប​លោក​ដោយ​ប្រការ​ណាមួយ​នោះ។ ក្នុងនោះ ​លោក ​ក៏​សូម​ស្នើ​ឲ្យ​សមត្ថកិច្ច​ ជួយ​ស្រាវជ្រាវ​រក​ជន​បង្ក​មក​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់​ផងដែរ។

អធិការ​នគរបាល​ស្រុក​ពួក គឺ ​លោក​វរសេនីយ៍ឯក ទេព ពុំសែន បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​០៥​នេះ​ថា ករណីនេះ​ ខាង​លោក ​បាន​ចុះជួយ​អន្តរាគមន៍ ​និង​សហការ​ជាមួយ​អធិការ​នគរបាល​ស្រុក​ក្រឡាញ់ ដែរ​ តែ​ចាប់​មិនបាន ​ដោយសារ​ហេតុការណ៍​នោះ​កើត​លឿន​ពេក​ ហើយ​រថយន្ត​បង្ក​បើក​គេច​បាត់។

គួរកត់សម្គាល់​ផងដែរ​ថា នេះ​គឺជា​ករណី​ទី​១​ នា​ដើមឆ្នាំ​២០១៩ ​ដែលមាន​ការ​គំរាមកំហែង​ដល់​អ្នក​សារព័ត៌មាន​នៅ​ក្នុង​ខេត្ត​សៀមរាប តែ​មិនបាន​សម្រេច។

ប្រភព​ព័ត៌មាន​បា​ន​បង្ហើម​មក​ថា នៅក្នុង​ខេត្តសៀមរាប​សព្វថ្ងៃនេះ ​មាន​រថយន្ត​ដឹក​ឈើ​ប្រណិត ​និង​ឈើ​លេខ​២​ សម្រុក​ដឹក​ចូលក្នុង​ខេត្ត​ និង​ឆ្លងកាត់​ជាច្រើន​គ្រឿង​ ហើយ​ក្នុងនោះ​ភាគច្រើន​ជា​រថយន្ត​ទំនើប​ អត់​ពាក់ព័ន្ធ​ស្លាក​លេខ ខ​.​ម​។​ ចំពោះ​សមត្ថកិច្ច​ជំនាញ​វិញ​ ហាក់​នៅ​កំពុង​គេង​លក់​ស្រួល​៕​




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu