ភ្នំពេញ ៖ លោក សោម សូរីដា អគ្គលេខាធិការរងគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់នៅមុននេះបន្តិច នៅក្នុងកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ ស្តីពីការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត និងការប្ដឹងតវ៉ា ការដោះស្រាយពាក្យបណ្ដឹងទាក់ទងទៅនឹងការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបេក្ខជនជួយឈ្មោះ នាព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៩ ថា ដំណើរការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សា នឹងត្រូវចាប់ផ្ដើមពីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៩ ដល់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩។
តាម លោក សោម សូរីដា បានអះអាងថា ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សា នឹងត្រូវធ្វើនៅគណៈកម្មការរាជធានីខេត្តរៀបចំការបោះឆ្នោត (គធ.ខប) ហើយគណបក្សនយោបាយ ដែលមានបំណងឈរឈ្មោះបោះឆ្នោតត្រូវយកគំរូពាក្យស្នើសុំនៅលេខាធិការដ្ឋានគណៈកម្មការរាជធានី ខេត្ត រៀបចំការបោះឆ្នោត ឬអាចទាញយកគំរូពាក្យស្នើសុំពីគេហទំព័ររបស់ គ.ជ.ប។
ឆ្លើយតបសំណួរអ្នកសារព័ត៌មានទាក់ទងនឹងគណបក្សនយោបាយ ដែលមានបំណងឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សានេះ លោក សោមសូរីដា បានបញ្ជាក់ដែរថា លោកមិនអាចសន្និដ្ឋានថា មានចំនួនមានប៉ុន្មានគណបក្ស នឹងត្រូវឈឈ្មោះបោះឆ្នោតក្រុមប្រឹក្សានោះទេ ប៉ុន្តែលោកជឿជាក់ថា គណបក្សប្រជាជនកម្ពុជា នឹងចុះបញ្ជីចូលរួមបោះឆ្នោតនេះជាក់ជាមិនខាន ប៉ុន្តែបើតាមមន្ត្រីផ្សេងទៀតបានអះអាងថា មានគណបក្សចំនួន៤ ដែលតែងតែទំនាក់ទំនងពីការបោះឆ្នោតក្រុមប្រឹក្សានេះ គឺគណបក្សប្រជាជនកម្ពុជាគណបក្សយុវជនកម្ពុជា គណបក្សហ្វ៊ុនស៊ិនប៉ិច គណបក្សខ្មែររួបរួមជាតិ៕
Source: Kampuchea Thmey Daily
0 Comments