កំពង់ឆ្នាំង ៖ លោក ប៉ែន ប៊ុនថន មេភូមិកងមាស ឃុំគោកបន្ទាយ ស្រុករលាប្អៀរកំពុងរងការចោទប្រកាន់ពីប្រជាពលរដ្ឋថា បានឃុបឃិតជាមួយឈ្មួញបន្លំក្លែងឯកសារដើម្បីរំលោភយកដីទៅលក់ និងជួលឲ្យប្រជាពលរដ្ឋផ្សេងទៀតអាស្រ័យផល។
ការចោទប្រកាន់នេះ បន្ទាប់ពីអាជ្ញាធរឃុំគោកបន្ទាយ ស្រុករលាប្អៀរ នៅព្រឹកថ្ងៃទី01 ខែមីនា ឆ្នាំ 2019 បានធ្វើការកោះអញ្ជើញភាគីទំនាស់ និងប្រជាពលរដ្ឋពាក់ព័ន្ធមកប្រជុំដោះស្រាយទំនាស់ដីធ្លី ក្នុងរឿងភាគីលោក ផង់ សុភឿន រស់នៅខេត្តកណ្តាល ជាម្ចាស់ដីស្រែ ប្តឹងលោក ប៉ែន ប៊ុនថន និងលោក យ៉ាន់ ជាង នៅក្នុងឃុំគោកបន្ទាយ បានឃុបឃិតគ្នា លួចយកដីស្រែគាត់ចំនួន 18 ,50 ហិកតា ទៅជួលឲ្យប្រជាពលរដ្ឋធ្វើស្រែក្នុងឆ្នាំ2017, និង 2018 កន្លងមកនេះ។ ការដោះស្រាយដោយ គណៈកម្មការដោះស្រាយវិវាទដីធ្លីថ្នាក់ឃុំ បានរកឃើញឯកសាររបស់ភាគីលោក ប៉ែន ប៊ុនថន មេភូមិកងមាស និង លោក យ៉ាន់ ជាង មួយចំនួនធំសុទ្ធសឹងជាឯកសារមិនប្រក្រតី។ នេះបើយោងតាមកំណត់ហេតុរបស់គណៈកម្មការដោះស្រាយវិវាទដីធ្លីថ្នាក់ឃុំចុះថ្ងៃទី ១ ខែ មីនា ឆ្នាំ ២០១៩។ នៅក្នុងកំណត់ហេតុនោះ លោក យឹម យ៉ុន មេឃុំគោកបន្ទាយ បានបញ្ជាក់ថា ឯកសារលក់ទិញរបស់ឈ្មោះ យ៉ាន់ ជាង មួយចំនួនធំមិនមានការបញ្ជាក់ទទួលស្គាល់ពីអាជ្ញាធរឃុំ និង នៅមានឯកសារខ្លះមិនប្រក្រតីដោយផ្ទៃដីសរសេរត្រួតនិងមានស្នាមទឹកលុបកែតម្រូវ ហើយក៏នៅមានឯកសារមួយចំនួនទៀត ទើបតែមានការបំពេញបន្ថែមថ្មីៗ។ ប៉ុន្តែទោះជាគណៈកម្មការបានរកឃើញថា ឯកសារដែលមានចុះហត្ថលេខាដោយលោក ប៉ែន ប៊ុនថន មេភូមិកងមាស មិនប្រក្រតីដោយផ្ទៃដីសរសេរត្រួត មានស្នាមទឹកលុប កែតម្រូវថ្មីៗនិយាយឲ្យចំគឺក្លែងឯកសារយ៉ាងនេះក្តីក៏គណៈកម្មការមិនបានឆ្លើយនិងសម្រេចថា មានចំណាត់ការយ៉ាងណាដែរ ចំពោះអ្នកឃុបឃិតគ្នាក្លែងឯកសារ បើទោះបីមានការជីកសួរពីសំណាក់ប្រជាពលរដ្ឋដែលជាភាគីរងគ្រោះយ៉ាងណាក៏ដោយចុះ។
ទាក់ទងនឹងរឿងខាងលើនេះ លោក ផង់ សុភឿន អាយុ 54 ឆ្នាំ ជាម្ចាស់លើដីស្រែ មានទីលំនៅក្នុងខេត្តកណ្ដាល នៅព្រឹកថ្ងៃទី ០1 ខែមីនា នេះបាននិយាយឱ្យក្រុមអ្នកសារព័ត៌មានដឹងថា ៖ នៅក្នុងឆ្នាំ 2005 , 2006 និង 2007 លោក ប៉ែន ប៊ុនថន លោក លស់ ឡុន លោក យិន ឡន និងលោក អឹម អ៊ន រស់នៅក្នុងឃុំគោកបន្ទាយ បាននាំគ្នារៀបដីលក់ឲ្យលោកចំនួន 150 ហិកតា ដោយនៅក្នុងលិខិតលក់ និងទិញដីមានការចុះហត្ថលេខា លោកមេភូមិ និងលោកមេឃុំទទួលស្គាល់ត្រឹមត្រូវ ។ ក្រោយមកលោកក៏បានកាន់កាប់ធ្វើអាស្រ័យផលនៅលើដីនោះជាបន្តបន្ទាប់ ដោយឡែកដីស្រែទំនាស់ ចំនួន 18,50ហិកតា នៅក្នុងឆ្នាំ 2017 នឹង 2018 នេះ លោកមិនបានធ្វើស្រែឡើយព្រោះដីនោះខ្ពស់ទាបមិនទាន់ឈូសឆាយពង្រាបបានល្អនៅឡើយ។
ស្រាប់តែ នៅក្នុងឆ្នាំ 2017 នឹង 2018 នេះ លោក ប៉ែន ប៊ុនថន បច្ចុប្បន្នជាមេភូមិកងមាស និងលោកយ៉ាន់ ជាងឃុបឃិតគ្នាយកដីចំនួន 18 ហិកតាកន្លះ ខាងលើ ទៅជួលឲ្យប្រជាពលរដ្ឋធ្វើស្រែ រំលោភយកដីដែលលោក ប៉ែន ប៊ុនថន បានរៀបអោយគាត់កន្លងមក។ ហើយនៅពេលគាត់សួរនាំលោក ប៉ែន ប៊ុនថន បានបង្ហាញលិខិតទិញលក់ដីស្រែ ដែលមានឯកសារចុះហត្ថលេខាទទួលស្គាល់ត្រឹមមេភូមិនៅក្នុងឆ្នាំ 2019 នេះតែប៉ុណ្ណោះ ករណីនេះលោកសំណូមពរអាជ្ញាធរលោកមេឃុំគោកបន្ទាយ ជួយដោះស្រាយតាមច្បាប់ផ្ដល់យុត្តិធម៌ជូនលោក។
ទាក់ទងនឹងរឿងខាងលើនេះ ភាគីលោក ប៉ែន ប៊ុនថន និងលោក យ៉ាន់ ជាង បានបញ្ជាក់អោយដឹងថា៖ ដីរបស់លោកបានទិញពីប្រជាពលរដ្ឋ និងមានប្រជាពលរដ្ឋម្ចាស់ដីស្រែជាសាក្សី និងដែលមានឯកសារត្រឹមត្រូវ មិនមែនជាដីរបស់លោក ផង់ សុភឿន ដែលគាត់បានរៀបលក់ឲ្យកាលពីមុននោះទេ។
ក្នុងរឿងនេះ លោក យឹម យ៉ុន មេឃុំគោកបន្ទាយ នៅល្ងាចថ្ងៃទី ០1 ខែមីនា ឆ្នាំ2019 នេះ បានឱ្យដឹងថា ការប្រជុំរបស់អាជ្ញាធរឃុំនៅថ្ងៃនេះ គឺគ្រាន់តែត្រួតពិនិត្យកត់ត្រាទំហំឯដីធ្លីក្នុងឯកសារដែលមានការទំនាស់តែប៉ុណ្ណោះ បន្ទាប់មកនៅថ្ងៃបន្ទាប់ក្រុមការងាររបស់ឃុំ នឹងចុះទៅពិនិត្យផ្ទៀងផ្ទាត់ឯកសារជាមួយនឹងដីទំនាស់ជាក់ស្ដែងបន្តទៀតជាមួយមន្ត្រីសុរិយោដី ទើបចុងក្រោយអាជ្ញាធរឃុំធ្វើការបូកសរុប ហើយនឹងកោះហៅភាគីទំនាស់២មកប្រជុំដោះស្រាយគ្នាសម្រេច។
គួរបញ្ជាក់ថា នៅព្រឹកថ្ងៃទី ១ ខែឆ្នាំខាងលើនៃការដោះស្រាយនោះ គេក៏បានឃើញប្រជាពលរដ្ឋប្រមាណជាង១០នាក់បានទៅដល់សាលាឃុំគោកបន្ទាយផងដែរ។ ប្រជាពលរដ្ឋទាំងនោះខ្លះបាននិយាយថា ពួកគាត់មកនេះមិនដឹងរឿងទេ ហើយដីធ្លីរបស់គាត់មិនមានពាក់ព័ន្ធជាមួយឈ្មោះ ផង់ សុភឿននោះទេ ភាគីឈ្មោះ យ៉ាន់ ជាង បានហៅពួកគាត់មកសាលាឃុំដោយប្រាប់ពួកគាត់ថា ប្រយ័ត្នគេយកដីអស់បើមិននាំគ្នាទៅតវ៉ា។ ចំណែកប្រជាពលរដ្ឋខ្លះទៀតនិយាយថា ពួកគាត់ជាអ្នកជួលដីរបស់ឈ្មោះ យ៉ាន់ ជាង ធ្វើស្រែ ហើយម្ចាស់ដីបានកៀរគរពួកគាត់ឡើងឡានមកកាន់សាលាឃុំ។ ពួកគាត់បានលក់ដីឲ្យទៅឈ្មោះ យ៉ាន់ ជាង ប៉ុន្តែដីរបស់ពួកគាត់មិនពាក់ព័ន្ធជាមួយឈ្មោះ ផង់ សុភឿនដែរ ពួកគាត់ក៏មានការងឿងឆ្ងល់ដែរហេតុអ្វីបានជាឈ្មោះ យ៉ាន់ ជាង ហៅពួកគាត់មកសាលាឃុំ៕
Source: Kampuchea Thmey Daily
0 Comments