ភ្នំពេញ ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នឹងរៀបចំសន្និបាតបូកសរុបការងារប្រចាំឆ្នាំ និងលើកទិសដៅសម្រាប់ថ្ងៃខាងមុខរយៈពេល៣ថ្ងៃ ក្រោមអធិបតីភាពលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ហើយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងអញ្ជើញជាអធិបតីនៅក្នុងពិធីបិទសន្និបាត នេះបើតាមសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៩។
សេចក្តីប្រកាសព័ត៌មាននោះបញ្ជាក់ថា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងរៀបចំសន្និបាតប្រចាំឆ្នាំពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៩ ក្រោមអធិបតីភាពរបស់លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ សន្និបាតនេះ នឹងមានការចូលរួមរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរបស់ក្រសួង ក៏ដូចជាឯកអគ្គរាជទូត តំណាងអចិន្ត្រៃយ៍ និងអគ្គកុងស៊ុលរបស់កម្ពុជា។ ក្នុងក្របខ័ណ្ឌនៃសន្និបាតប្រចាំឆ្នាំនេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងពិនិត្យឡើងវិញពីសមិទ្ធផល និងការប្រឈមនានា នៅក្នុងឆ្នាំ២០១៨ ព្រមទាំងកំណត់ទិសដៅសម្រាប់ឆ្នាំ២០១៩។
តាមការបញ្ជាក់ពីក្រសួងការបរទេស សន្និបាតប្រចាំឆ្នាំនេះ គឺជាកាលានុវត្តភាពសម្រាប់អ្នកការទូតកម្ពុជា ដើម្បីពង្រីកចំណេះដឹងឲ្យ កាន់តែទូលំទូលាយ ឧទ្ទេសនាមដោយវាគ្មិនសំខាន់ៗ លើបញ្ហាជាសាវ័ន្តពាក់ព័ន្ធនឹង “យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ នៃរាជរដ្ឋាភិបាលកម្ពុជា” “ការជំរុញការទូតសេដ្ឋកិច្ច ទេសចរណ៍ និងវប្បធម៌” និង “ជំហររបស់កម្ពុជា លើបញ្ហាការប្រែប្រួលអាកាសធាតុ” ដែលនឹងលើកកំពស់បន្ថែមទៀតដល់ចំណេះដឹងជាក់ស្តែង ធ្វើឲ្យស៊ីជម្រៅកំរិតវិភាគ និងការយល់ដឹងទូលំទូលាយដល់អ្នកការទូតកម្ពុជា ក្នុងការបំពេញភារកិច្ចប្រកបដោយប្រសិទ្ធភាព។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីបិទសន្និបាត នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៩៕
Source: Kampuchea Thmey Daily
0 Comments