ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅធ្វើការ ឬសិក្សានៅក្រៅប្រទេស មិនចាំបាច់ត្រឡប់ចូលប្រទេសវិញ ដើម្បីធ្វើជំរឿននោះទេ ពីព្រោះអ្នកបច្ចេកទេសធ្វើជំរឿន បានសហការជាមួយក្រសួងការបរទេស ដើម្បីធ្វើជំរឿនប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅតាមបណ្តាប្រទេសទាំងនោះ។
សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់យ៉ាងដូច្នេះថា ក្រោយការអំពាវនាវរបស់ខ្ញុំ ដើម្បីឲ្យប្រជាពលរដ្ឋទាំងអស់ចូលរួមជំរឿនទូទៅទូទាំងប្រទេស ដែល នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣ ដល់ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ ខាងមុចនេះ ខ្ញុំបានសង្កេតឃើញ និងបានទទួលចម្ងល់ ក៏ដូចជាសំណួរមួយចំនួនទាក់ទងបញ្ហានេះ ដែលខ្ញុំសុំធ្វើការបកស្រាយបំភ្លឺដូចតទៅ ៖
១- ចំពោះចម្ងល់ដែលបានលើកឡើងថាតើប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅក្រៅប្រទេស ជា ពិសេស បងប្អូនដែលកំពុងធ្វើការ នៅក្រៅប្រទេសតើត្រូវឲ្យត្រឡប់ចូលមកប្រទេសដើម្បីធ្វើជំរឿនឬយ៉ាងណា? បញ្ហានេះខ្ញុំមានសេចក្តីសោមនស្សរីករាយសូមប្រកាសជម្រាបជូនបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ឲ្យបានជ្រាបថា៖ បងប្អូនដែលកំពុងធ្វើការនៅក្រៅប្រទេស គឺមិនតម្រូវឲ្យត្រឡប់ចូល ប្រទេស នោះទេ គឺអ្នកបច្ចេកទេសធ្វើជំរឿន បានសហការជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដោយមានរៀបចំឯកសារសម្រាប់ភ្នាក់ងារតាមប្រទេសនានា ដើម្បីធ្វើជំរឿនប្រជាពលរដ្ឋ ខ្មែរដែលកំពុងរស់នៅបណ្តាប្រទេសទាំងនោះ ។ ដូច្នេះបងប្អូនជនរួមជាតិខ្មែរ ដែលកំពុងរស់នៅក្រៅប្រទេសសូមចូលរួមជាមួយភ្នាក់ងារជំរឿន ដើម្បីឲ្យការធ្វើជំរឿនមានភាពត្រឹមត្រូវ និងទទួលលទ្ធផលយកជាការបាន ។
២- ចំពោះចម្ងល់ទាក់ទងនឹងជនបរទេសជាអន្តោប្រវេសន៍ និងមិនមែនអន្តោប្រវេសន៍ ដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា ? បញ្ហានេះ ខ្ញុំសូមជម្រាបជូនបងប្អូនជនរួមជាតិថា ការធ្វើជំរឿននេះក្រុមបច្ចេកទេសរបស់យើងបានត្រៀមឯកសារសំណួរជាច្រើនភាសារួចរាល់ហើយ ហើយកិច្ចការនេះនឹងធ្វើឲ្យយើងដឹងកាន់តែច្បាស់អំពីបរិមាណជនបរទេសទាំងអស់ គ្រប់សញ្ជាតិ ដែលកំពុងរស់នៅលើទឹកដីកម្ពុជា។
ជាមួយគ្នានោះ សម្តេចក្រឡាហោម ស ខេង បានធ្វើការអំពាវនាវដល់ប្រជាជន ទូទាំងប្រទេស សូមគាំទ្រ និងចូលរួមក្នុងកិច្ចការដ៏ មានសារៈសំខាន់ឲ្យបានគ្រប់ៗគ្នា ប្រកប ដោយក្ដីស្មោះត្រង់ក្នុងការផ្ដល់ព័ត៌មានតាមការសម្ភាសន៍ឲ្យបានគ្រប់គ្រាន់ ត្រឹមត្រូវ ជូនដល់មន្ត្រី ជំរឿន ដើម្បីជាប្រយោជន៍របស់បងប្អូន ជនរួមជាតិ និងដើម្បីជាផលប្រយោជន៍នៃប្រទេសជាតិយើង៕
Source: Kampuchea Thmey Daily
0 Comments