Ad Code

លោក​ចាន់ យុ​ត្ថា អញ្ជើញ​ចុះ​ពិនិត្យ​ការ​សាងសង់ ទំនប់​អាងទឹក​ដូន​ទ្រី មាន​សមត្ថភាព​ស្តុក​ទឹកបាន ១៦៣ លាន​ម៉ែត្រត្រីគុណ



​បាត់ដំបង ​៖ លោក ចាន់ យុ​ត្ថា រដ្ឋលេខាធិការ ក្រសួង ធនធានទឹក និង​ឧតុនិយម បាន អញ្ជើញ​ដឹកនាំ​ក្រុម​កា​ងារ ចុះ​ពិនិត្យ ការដ្ឋាន​សាងសង់​ទំនប់​អាងទឹក​ដូន​ទ្រី ស្ថិត​ក្នុង​ស្រុក​រុក្ខ​គិរី ខេត្តបាត់ដំបង ដែល​អាច ស្តុក​ទឹកបាន ១៦៣ លាន​ម៉ែត្រត្រីគុណ ដែល​គ្រោង​និង បញ្ចប់​នៅ​ឆ្នាំ២០២២​ខាងមុខនេះ​។



ក្រសួង​ធនធាន​ទឹកបាន​ឲ្យ​ដឹងថា កាលពី រសៀល​ថ្ងៃ​សុក្រ ១០​រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី ០១ ខែមីនា ឆ្នាំ ២០១៩ លោក ចាន់ យុ​ត្ថា រដ្ឋលេខាធិការ លោក ជួន ប៊ិ​ត​ថុល អនុរដ្ឋលេខាធិការ លោក​ឡុង ផលគុណ ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តបាត់ដំបង និង​សហការី បាន​អញ្ជើញ​ចុះ​ពិនិត្យ​ការដ្ឋាន​សាងសង់​ទំនប់​អាងទឹក​ដូន​ទ្រី ស្ថិត​ក្នុង​ស្រុក​រុក្ខ​គិរី ខេត្តបាត់ដំបង ដែល​កំពុង​សាងសង់​យ៉ាង​មមាញឹក។



លោក ចាន់ យុ​ត្ថា បាន​មាន​ប្រសា​ស​ន៍​ឲ្យ​ដឹង​ថា សំណង់ ទំនប់​អាងទឹក​ដូន​ទ្រី កសាង​ឡើង ក្រោម​កិច្ចសហប្រតិបត្តិការ​ជាមួយ​សាធារណរដ្ឋ​កូរ៉េ អាងទឹក​ដូន​ទ្រី ត្រូវ​បាន​ចាប់ផ្ដើម​សាងសង់​ឡើង​នៅ​ពាក់​កណ្តាល​ ឆ្នាំ២០១៨ ហើយ​គ្រោង​នឹង​បញ្ចប់​នៅ​ដើមឆ្នាំ ២០២២។ លោក រដ្ឋលេខាធិការ បន្ថែម​ថា ក្រោយពេល​សាងសង់​រួច អាងទឹក​នេះ​មាន​សមត្ថភាព​ស្តុក​ទឹកបាន ១៦៣ លាន​ម៉ែត្រត្រីគុណ ហើយនឹង​ត្រូវ​យក​ទៅប្រើ​ប្រាស់ សម្រាប់​ការស្រោចស្រព និង​ជីវភាព​ប្រចាំថ្ងៃ របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ស្រុក​រុក្ខ​គិរី និង​ស្រុក​មោងឫស្សី ។ នេះ​គឺជា​ផ្នែក​មួយ នៃ​ការអនុវត្ត​យុទ្ធសាស្ត្រ​ពាងទឹក។



តាមរយៈ​យុទ្ធសាស្ត្រ​នេះ នឹងធ្វើ​ឲ្យ​ស្រុក​រុក្ខ​គិរី ក៏ដូចជា​ស្រុក​មោងឫស្សី ដែល​តែងតែ​ជួបប្រទះ​នឹង​ការខ្វះខាត​ទឹក ប្រែជា​មានទឹក​ប្រើប្រាស់​បរិបូណ៌​ខួប​ប្រាំង​-​វស្សា៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu