យោធាកូរ៉េខាងត្បូងបាននិយាយនៅថ្ងៃចន្ទថាខ្លួនបានឃ្លាំមើលយ៉ាងជិតស្និទ្ធលើស្ថានីយរបស់កូរ៉េខាងជើងបន្ទាប់ពីរូបភាពផ្កាយរណបជាច្រើនបានបង្កឲ្យមានការព្រួយបារម្ភជាអន្តរជាតិថា ក្រុងព្យុងយ៉ាងប្រហែលជាកំពុងរៀបចំមីស៊ីលរយៈចម្ងាយឆ្ងាយឬការបាញ់បង្ហោះអវកាស។
ការវិភាគនានាបានបង្ហាញពីសកម្មភាពកើនឡើងនៅទីតាំងសំខាន់ចំនួនពីរគឺស្ថានីយស្រាវជ្រាវមីស៊ីល Samundong និងស្ថានីយធ្វើតេស្តរ៉ុក្កែត Sohae។ ការបាញ់បង្ហោះណាមួយអាចធ្វើឲ្យមានការចរចាអំពីការរំសាយអាវុធនុយក្លេអ៊ែរធ្លាក់ចូលទៅក្នុងភាពតានតឹង។
លោក Kim Joon-rak អ្នកនាំពាក្យនាយអគ្គសេនាធិការចម្រុះបាននិយាយថា ដោយមានការសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក ប្រទេសកូរ៉េខាងត្បូងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់និងសម្លឹងមើលសកម្មភាពទាំងអស់សម្រាប់សភាពការណ៍នានារួមទាំងការបាញ់មីស៊ីលឆ្លងកាត់ព្រំដែនផងដែរ។
រូបភាពផ្កាយរណបរបស់ Samundong ដែលថតកាលពីថ្ងៃទី២២ខែកុម្ភៈបានបង្ហាញពីរថយន្តធុនតូចនិងរថយន្តធុនធំនៅទីតាំងនោះក៏ដូចជារថភ្លើងនិងដងស្ទូចនៅស្ថានីយមួយផងដែរ។
ដោយមានទីតាំងនៅជាយក្រុងព្យុងយ៉ាង, ស្ថានីយ Samundong ត្រូវបានសាងសង់ឡើងក្នុងឆ្នាំ២០១២ដើម្បីគាំទ្រដល់ការអភិវឌ្ឍមីស៊ីលរយៈចម្ងាយឆ្ងាយនិងយានបាញ់ទៅទីអវកាស។
ក្រៅពីការអភិវឌ្ឍមីស៊ីលឆ្លងទ្វីប Hawsong-15 ដែលក្រុមអ្នកវិភាគយល់ស្របថាមានសមត្ថភាពឈានទៅដល់ដីគោករបស់សហរដ្ឋអាមេរិកទាំងមូលនោះ, ស្ថានីយ Samundong បានកសាងរ៉ុក្កែតរយៈចម្ងាយឆ្ងាយដែលត្រូវបានដឹកជញ្ជូននិងបាញ់បង្ហោះដោយជោគជ័យចេញពីស្ថានីយ៍បាញ់បង្ហោះផ្កាយរណប Sohae ក្នុងឆ្នាំ២០១២និង២០១៦។
មេដឹកនាំកូរ៉េខាងជើងលោកគីមជុងអ៊ុនបានយល់ព្រមកាលពីឆ្នាំមុនក្នុងការបិទស្ថានីយ Sohae អំឡុងជំនួបកំពូលមួយជាមួយប្រធានាធិបតីកូរ៉េខាងត្បូងលោកមូនចេអ៊ីននៅក្រុងព្យុងយ៉ាង។
កាលពីខែសីហា រូបភាពផ្កាយរណបបានបង្ហាញពីកម្មករកំពុងរុះរើជើងទម្រធ្វើតេស្តម៉ាស៊ីនមួយនៅស្ថានីយនោះ។
ប៉ុន្តែមជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រនិងអន្តរជាតិដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោនបានលើកឡើងកាលពីសប្ដាហ៍មុនថា ការសាងសង់ឡើងវិញកំពុងដំណើរការយ៉ាងឆាប់រហ័សនៅស្ថានីយនោះ៕ AFP
[caption id="attachment_1035061" align="alignnone" width="700"]
Source: Kampuchea Thmey Daily
0 Comments