Ad Code

ប្រជាពលរដ្ឋ​ដែលមាន​ប្រាក់ចំណូល​មធ្យម និង​ប្រាក់ចំណូល​ទាប ​ក៏​អាច​មាន​លទ្ធភាព​ទិញ​លំនៅដ្ឋាន មានគុណ​ភាព សុវត្ថិភាព ដែរ​



បន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋ​ដែលមាន​ប្រាក់ចំណូល​មធ្យម និង​ប្រាក់ចំណូល​ទាប ​ក៏​អាចមាន​លទ្ធភាព​ទិញ​លំនៅដ្ឋាន ដែលមាន​គុណភាព សុវត្ថិភាព និង​ជា​សុខភាព​សម្រាប់​រស់នៅ​ប្រចាំថ្ងៃ​។ នេះ​គឺជា​ការលើកឡើង​របស់ ឯកឧត្ដម សេង ថា​នី អនុ​លេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគររូបនីយកម្ម និង​សំណង់ បាន​ថ្លែង​ក្នុង​អង្គ​សិក្ខាសាលា​ផ្សព្វផ្សាយ ស្ដីពី​សៀវភៅ​ណែនាំ​បទដ្ឋាន​បច្ចេកទេស​លំនៅដ្ឋាន សម្រាប់​គ្រួសារ​ ដែលមាន​ប្រាក់ចំណូល​មធ្យម និង​ប្រាក់ចំណូល​ទាប ដែល​បាន​ធ្វើឡើង​នៅ​សណ្ឋាគារ​ព្រះ​ចន្ទ ខេត្ត​បន្ទាយមានជ័យ នា​ថ្ងៃទី​១១ ខែ​មិនា ឆ្នាំ​២០១៩​។

លោក លី សារី អភិបាលរង​ខេត្តបន្ទាយមានជ័យ មានប្រសាសន៍ថា​ ការអភិវឌ្ឍ​វិស័យ​លំនៅដ្ឋាន បាន​រៀបចំ​នូវ​សៀវភៅ​បទដ្ឋាន​បច្ចេកទេស លំនៅដ្ឋាន​តម្លៃ​សមរម្យ មាន​សារៈសំខាន់​ណាស់ សម្រាប់​គ្រួសារ​មាន​ប្រាក់ចំណូល​មធ្យម ឬ ប្រាក់ចំណូល​ទាប ដើម្បី​ជា​មូលដ្ឋានគ្រឹះ​សំខាន់ៗ សម្រាប់​ធុរកិច្ច​ជន ដែល​ប្រកប​អាជីវកម្ម អភិវឌ្ឍន៍​លើ​វិស័យ សំណង់​លំនៅដ្ឋាន ព្រមទាំង​តម្រង់​ទិស​ដល់​អ្នកសិក្សា គម្រោង​ប្លង់ និង​ក្លាយជា​ឯកសារ​គោល សម្រាប់​ប្រើប្រាស់​នៅ​ទូទាំង​ប្រទេស ក្នុង​ការ​សាងសង់ លំនៅដ្ឋាន​មាន​លក្ខណៈ តម្លៃ​សមរម្យ ដែលជា​ទីជម្រក ប្រកបដោយ​សុវត្ថិភាព ជា​សុខភាព សុភមង្គល បរិស្ថាន ល្អជា​ពុំខាន​ឡើយ​។​

ឯកឧត្ដម សេង ថា​នី អនុ​លេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​មាន​ប្រសាសន៍​ផងដែរ​ថា​ បច្ចុប្បន្ននេះ ប្រទេស​កម្ពុជា​បាន និង​កំពុង​អភិវឌ្ឍន៍​ខ្លួន​ឲ្យ​ក្លាយ​ជា​សង្គម​មួយ​មាន​លក្ខណៈ​ទំនើប ស៊ី​វិស័យ តាមរយៈ​ការជំរុញ ការអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធ​សង្គម សេដ្ឋកិច្ច​សំខាន់ៗ និង​ចាំបាច់​ក្នុង​ការ លើកស្ទួយ កម្រិតជីវភាព របស់​ប្រជាពលរដ្ឋ​ជាពិសេស ការអភិវឌ្ឍ​លំនៅដ្ឋាន​គ្រប់​ប្រភេទ ដើម្បី​បំពេញតម្រូវការ​របស់​ប្រជាពលរដ្ឋ​គ្រប់​ស្រទាប់​វណ្ណៈ​។

ឯកឧត្ដម សេង ថា​នី មានប្រសាសន៍​បន្តថា ដោយ​មើលឃើញ​ពី​កំណើន​ប្រជាពលរដ្ឋ​កើន​ឡើង​នោះ រាជរដ្ឋាភិបាល​បានដាក់​ចេញ​នូវ គោលនយោបាយ​ជាតិ ស្តីពី​លំនៅដ្ឋាន និង​គោលនយោបាយ​លើក​ទឹក​ចិត្ត និង​ការបង្កើត​កម្មវិធី​ជាតិ សម្រាប់​ការអភិវឌ្ឍន៍​លំនៅដ្ឋាន​សមរម្យ ក្នុង​គោលបំណង​ជំរុញ ការ​អភិវឌ្ឍ​ទីក្រុង ទីប្រជុំជន និង​ផ្តល់​លំនៅដ្ឋាន តម្លៃ​សមរម្យ និង​សមស្រប​ដល់​ការរស់នៅ ប្រកប​មុខរបរ​ចិញ្ចឹម​ជីវិត ប្រកបដោយ​សុវត្ថិភាព ផាសុកភាព និង​សេចក្ដីថ្លៃថ្នូរ​។

គួរ​បញ្ជាក់​ថា លំនៅដ្ឋាន​សមរម្យ​ គឺជា​ប្រភេទ​លំនៅដ្ឋាន សម្រាប់​គ្រួសារ​ដែលមាន​ប្រាក់ចំណូល​មធ្យម ឬ​ប្រាក់ចំណូល​ទាប សាង់សង់​ឡើង​ដោយ​ក្រុមហ៊ុន​ឯកជន ដោយ​ទទួល​បាន​ការ​លើក​ទឹក​ចិត្ត និង​គាំទ្រ​ពី​រាជរដ្ឋាភិបាល​លើ​ផ្នែក​សំខាន់ៗ បី គឺ​ ៖ ទី​១.ផ្នែក​វិនិយោគ​សាធារណៈ ,ទី​២.ផ្នែក​សារពើ​ព័ន្ធ អាករ និង​កម្រៃ​ផ្សេងៗ, និង​ទី​៣.ផ្នែក​និយតកម្ម​៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu