Ad Code

អេ​ត្យូ​ពី​ស្វែងរក​មូលហេតុ​នៃ​ការធ្លាក់​យន្តហោះ​ ខណៈ​ចិន​ផ្អាក​ការហោះហើរ​យន្តហោះ Boeing 737 MAX 8



ក្រុម​អ្នកស៊ើប​អង្កេត​ដែល​កំពុង​ស៊ើបអង្កេត​ការធ្លាក់​យន្តហោះ Boeing 737 របស់​ក្រុមហ៊ុន​អាកាសចរណ៍​អេ​ត្យូ​ពី​ដែល​បាន​ធ្លាក់ចូល​ទៅក្នុង​ទីវាល​មួយ​ បាន​ស្វែងរក​តាម​កម្ទេចកម្ទី​ដើម្បី​រកមើល​តម្រុយ​អំពី​មូលហេតុ​នៃ​គ្រោះមហន្តរាយ​នេះ​ខណៈ​ប្រតិបត្តិ​ករ​នៅ​ជុំវិញ​ពិភពលោក​បានចាប់ផ្តើម​ផ្អាក​ការហោះហើរ​របស់​ពួកគេ​។​

យន្ដហោះ​ម៉ាក​ថ្មី MAX 8 បាន​ធ្លាក់​កាលពី​ថ្ងៃអាទិត្យ​ត្រឹមតែ​៦​នាទី​ប៉ុណ្ណោះ​ក្នុង​ការហោះហើរ​របស់ខ្លួន​ឆ្ពោះទៅកាន់​ទីក្រុង Nairobi ដោយបាន​សម្លាប់​មនុស្ស​ទាំងអស់​១៥៧​នាក់​នៅក្នុង​នោះ​។​

ក្រុមហ៊ុន​អាកាសចរណ៍​នេះ​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ខ្លួន​កំពុង​ដក​យន្ដហោះ 737 Max របស់ខ្លួន​មិន​ឲ្យ​បម្រើសេវា​, ប៉ុន្មាន​ម៉ោង​បន្ទាប់ពី​និយ័ត​ករ​សុវត្ថិភាព​ដែនអាកាស​របស់​ប្រទេស​ចិន​បាន​បញ្ជា​ឲ្យ​ក្រុមហ៊ុន​អាកាសចរ​ក្នុងស្រុក​ធ្វើ​ដូចគ្នានេះ​។​

អាកាសយានិក​៨​នាក់​និង​អ្នកដំណើរ​១៤៩​នាក់​មកពី​៣៥​ប្រទេស​បាន​ស្លាប់​នៅពេល​ជើងហោះហើរ ET 302 ធ្លាក់ចូល​ទៅក្នុង​វាល​មួយ​ដែលមាន​ចម្ងាយ​៦០​គីឡូម៉ែត្រ​ភាគ​អាគ្នេយ៍​នៃ​រដ្ឋធានី Addis Ababa របស់​ប្រទេស​អេ​ត្យូ​ពី​។​

ក្នុងចំណោម​អ្នកស្លាប់​គឺមាន​ភ្ញៀវទេសចរ អ្នកធ្វើ​ជំនួញ​និង​បុគ្គលិក​អង្គការសហប្រជាជាតិ​រួមទាំង​អ្នក​ដែល​ធ្វើការ​នៅ​អង្គការ​កម្មវិធី​ស្បៀងអាហារ​ពិភពលោក ភ្នាក់ងារ​ជនភៀសខ្លួន​អង្គការសហប្រជាជាតិ​និង​អង្គការ​អន្តោប្រវេសន៍​អន្តរជាតិ​ផងដែរ​។​

ក្រុមហ៊ុន​អាកាសចរណ៍​អេ​ត្យូ​ពី​ដែលជា​ក្រុមហ៊ុន​ដឹកជញ្ជូន​ធំ​បំផុត​របស់​អាហ្វ្រិក​បាន​និយាយថា ការស្វែងរក​នៅ​កន្លែង​ធ្លាក់​ត្រូវបាន​ផ្អាក​នៅពេល​យប់​ប៉ុន្តែ​នឹង​បន្ត​ឡើងវិញ​នៅពេល​ថ្ងៃ​។​

ក្រុមហ៊ុន​នេះ​និយាយថា “​គណៈកម្មាធិការ​មួយ​ដែល​រួមមាន​ក្រុមហ៊ុន​អាកាសចរណ៍​អេ​ត្យូ​ពី អាជ្ញាធរ​អាកាសចរណ៍​ស៊ីវិល​អេ​ត្យូ​ពី​និង​អាជ្ញាធរ​ដឹកជញ្ជូន​អេ​ត្យូ​ពី​ត្រូវបាន​បង្កើតឡើង​ដើម្បី​ធ្វើការ​ស៊ើបអង្កេត​។ នៅពេលដែល​អ្នកស្លាប់​ត្រូវបាន​គេ​កំណត់​អត្តសញ្ញាណ សាកសព​របស់​ពួកគេ​នឹងត្រូវ​បញ្ជូន​ទៅកាន់​ក្រុមគ្រួសារ​និង​មនុស្ស​ជាទី​ស្រលាញ់​របស់​ពួកគេ​”​។​

ក្រុមប្រឹក្សាភិបាល​សុវត្ថិភាព​ចរាចរណ៍​ជាតិ​អាមេរិក​បាន​និយាយថា ខ្លួន​នឹង​បញ្ជូន​ក្រុម​អ្នកស៊ើប​អង្កេត​ទៅ​ជួយ​ហើយ​ប្រទេស​កាណាដា​ដែល​បាត់បង់​ពលរដ្ឋ​របស់ខ្លួន​ចំនួន​១៨​នាក់​បាន​និយាយថា ក្រុមមន្ត្រី​កុងស៊ុល​ត្រូវបាន​ដាក់ពង្រាយ​ភ្លាមៗ​ទៅកាន់​ទីក្រុង Addis Ababa ដើម្បី​រក​ការពិត​។​

សភា​ប្រទេស​អេ​ត្យូ​ពី​បានប្រកាស​ថ្ងៃ​កាន់ទុក្ខ​ជាតិ​នៅ​ថ្ងៃ​ចន្ទ​។​
​ក្រុមហ៊ុន​អាកាសចរណ៍​បាន​និយាយថា យន្តហោះ Boeing 737-800MAX ថ្មី​នេះ​ត្រូវបាន​ប្រគល់ជូន​ក្រុមហ៊ុន​អាកាសចរណ៍​អេ​ត្យូ​ពី​របស់​រដ្ឋ​នៅ​ថ្ងៃទី​១៥​ខែវិច្ឆិកា​។​

យន្តហោះ​នេះ​គឺជា​ប្រភេទ​ដូចគ្នា​ទៅនឹង​យន្តហោះ​របស់​ក្រុមហ៊ុន Lion Air ឥណ្ឌូនេស៊ី​ដែល​បាន​ធ្លា​ក់នៅ​ខែតុលា​, ១៣​នាទី​បន្ទាប់ពី​ហោះ​ចេញពី​ទីក្រុង​ហ្សា​ការ​តា​ដោយបាន​សម្លាប់​មនុស្ស​ទាំង​អស់​១៨៩​នាក់​នៅលើ​យន្តហោះ​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu