Ad Code

ពលរដ្ឋ​ភូមិ​កោះ​ពាក្យជាង៥០នាក់ ​ពុល​សាច់​ជ្រូកព្រៃ



រតនគិរី​ ៖ ​មាន​ករណី​ពលរដ្ឋ​ពុល​សាច់​ជ្រូកព្រៃ ​បណ្ដាល​ឲ្យ​អ្នក​នៅ​ក្នុង​ភូមិ​ក្មេង ​ចាស់ ​ប្រុស ​ស្រី ប្រមាណ​ជា​៥៥​នាក់ កើត​ជំងឺ​រាករូស។

ករណី​ខាង​លើ​នេះ​ បាន​កើតឡើង​ កាលពី​ថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ​២០១៩​កន្លងទៅ នៅ​ភូមិ​កោះ​ពាក្យ ឃុំ​កោះ​ពាក្យ ស្រុក​វើ​ន​សៃ ខេត្ត​រតនគិរី។

ភ្លាមៗ នោះ ​បន្ទាប់ពី​ទទួល​បាន​ព័ត៌មាន​ផ្ទុះ​ជំងឺ​រាករូស​នៅ​ភូមិសាស្ត្រ​ខាងលើ ក្រុមគ្រូពេទ្យ​នៃ​មន្ទីរ​សុខាភិបាល​ខេត្ត ​បាន​ចុះ​សហការ​ជាមួយ​ក្រុមគ្រូពេទ្យ​មណ្ឌល​សុខភាព​ឃុំ​ ចុះទៅ​ដល់​ទីតាំង​ខាងលើ​ដើម្បី​ពិនិត្យ​និង​ធ្វើការ​ព្យាបាល​ជូន​ពួកគាត់​នៅនឹងកន្លែង​កើតហេតុ​តែ​ម្តង។

បើតាម​របាយការណ៍​ពី​មន្ទីរ​សុខាភិបាល​ខេត្ត​បាន​បញ្ជាក់ថា មូលហេតុ​ នៃ​ការពុល​សាច់​ជ្រូកព្រៃ ​គឺ​បណ្តាលមកពី​ពួកគាត់ ចម្អិន​មិនបាន​ល្អ រួមផ្សំ​នឹង​ការ​ខ្វះ​អនាម័យ​ផង​ ទើប​បណ្តាល​ឲ្យ​អ្នក​ដែល​ទទួល​ទាន​រាក​រូស​តែម្តង។

របាយការណ៍​ខាងលើ​បន្តថា ក្នុងចំណោម​៥៥​នាក់​នោះ​មាន​កូនក្មេង រាក​ស្រួចស្រាល់​២៣​នាក់ រាក​មួល​១​នាក់​។ មនុស្ស​ចាស់​រាក​ស្រួចស្រាល់​១៨​នាក់ រាក​មួល​៣​នាក់។

របាយការណ៍​បញ្ជាក់​ទៀត​ថា ករណី​ប្រជាពលរដ្ឋ​រាករូស​នេះ ​មិនមាន​សញ្ញា​គ្រោះ​ថ្នាក់​ណាមួយ​កើត​ឡើង​គួរ​ឲ្យ​ព្រួយបារម្ភ​នោះ​ឡើយ​​ ពោល​គឺ ​ក្រុម​គ្រូពេទ្យ​ប្រចាំការ​នៅ​ទីនោះ​ ពិនិត្យ​តាមដាន​យ៉ាង​យកចិត្តទុកដាក់​បំផុត៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu