បន្ទាយមានជ័យ ៖ លោកឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត បញ្ជាក់បែបនេះ ខណៈលោកធ្វើជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចពិជ័យសេនា ទៀបាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ក្នុងពិធីចុះសួរសុខទុក្ខយោធិនពិការ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ និងសម្ពោធដាក់ឲ្យប្រើប្រាស់សមិទ្ធផលនានា ក្នុងមណ្ឌលអភិវឌ្ឍន៍យោធិនពិការ៣១៧ តេជោភ្នំឆ័ត្រ កាលពីថ្ងៃអាទិត្យ ទី១០ ខែមីនា ឆ្នាំ២០១៩។
ថ្លែងទៅកាន់អ្នកចូលរួម លោកឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត បាននាំនូវការផ្ដាំផ្ញើការសាកសួរសុខទុក្ខ ពីសំណាក់ សម្ដេច ពិជ័យសេនា ទៀបាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គមេបញ្ជាការ កងទ័ពជើងគោក ដែលជាការយកចិត្តទុកដាក់ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលមាន សម្ដេចតេជោ ហ៊ុន សែន ជាប្រមុខ ដែលលោកតែងតែគិតគូរពីកងទ័ព មិនថា អតីតយុទ្ធជន ឬជនពិការនោះទេ លោកបានខិតខំកៀរគរ ក៏ដូចជាការដាក់ចេញនូវយន្តការ ដើម្បីជួយដល់យោធិន គ្រួសារយោធិន និងយោធិនពលីមរណៈ ពិការ អតីតយុវជន។
ជាមួយគ្នានោះ លោកឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានកោតសរសើរដល់មណ្ឌលអភិវឌ្ឍន៍យោធិនពិការ៣១៧ភ្នំឆ័ត្រ ដែលបានខិតខំ និងកសាងសមិទ្ធផលជាច្រើន។ នេះគឺជាលើកទី២ ដែលបានមកដល់មណ្ឌលអភិវឌ្ឍន៍៣១៧ ភ្នំឆ័ត្រ ដែលមានភាពខុសប្លែកគ្នាខ្លាំង ដែលពីមុននោះមិនទាន់មានការរីកចម្រើន ទាំងអគារ ហេដ្ឋារចនាសម្ព័ន្ធ នៅមិនទាន់មាន ដីមួយចំនួននៅជាចម្ការមីននៅឡើយ នេះជាការប្រឹងប្រែងពីប្រធានមណ្ឌល និងផ្នែកដែលពាក់ព័ន្ធដទៃទៀត។ ជាអកុសល ដែលប្រទេសយើងបានធ្លាក់ចូលក្នុងសង្គ្រាម ប្រជាជនស្លាប់ បន្សល់ទុកស្ត្រីមេម៉ាយ និងក្មេងកំព្រាមកដល់ពេលនេះ យុទ្ធមិត្តរបស់យើងបានស្លាប់ យើងមានសំណាងជាងគាត់ត្រង់ថាយើងនៅរស់ មានឱកាសបានជួបជុំ ហើយក៏ជាមោទនភាព ដែលបានមើលឃើញការអភិវឌ្ឍដូចសពថ្ងៃនេះ។
កាលពីអតីតកាល កន្លែងនេះជាកន្លែងចម្បាំង រវាងខ្មែរ និងខ្មែរ តែថ្ងៃនេះ កន្លែងនេះ ជាកន្លែងដែលយើងជួបជុំគ្នា ជួបជុំអបអរសាទរសប្បាយរីករាយចំពោះអ្វីដែលយើងមានបានពេលនេះ។
តាមលោកឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត យើងជួបជុំអតីតយុវជន និងយោធិនពិការនៅថ្ងៃនេះ គឺទី១-បង្ហាញពីអតីតកាលដ៏ជូរចត់របស់យើង ដែលបានបន្សល់ទុកដោយសារសង្គ្រាមកុមារកំព្រា ស្ត្រីមេម៉ាយ និងយោធិនពិការ។ ទី២-គឺបង្ហាញពីការចូលរួមអំពីយោធិនបន្តវេន ទទួលមរតកពីសន្តិភាពដែលបានពីការលះបង់ពីរៀមច្បងជំនាន់មុន និងជាយោធិនទទួលភារកិច្ចបន្តវេនការពារជាតិ ការពារបូរណភាពទឹកដី ការពារមិនឲ្យមានសង្គ្រាមរវាងខ្មែរ និងខ្មែរម្តងទៀត ការពារមិនឲ្យភាពឈឺចាប់ត្រឡប់មកវិញម្តងទៀត ហើយសិស្សានុសិស្សនៅទីនេះ ជាអ្នកទទួលមរតកសន្តិភាព មានឱកាសកសាងប្រទេសទៅថ្ងៃអនាគត ដូច្នេះការជួបជុំគ្នាថ្ងៃនេះ ក្រោមអត្ថន័យ ៣ ទី១-រំលឹកអតីតកាលដឺឈឺចាប់ ដែលខ្មែរសម្លាប់ខ្មែរ។ ២-ជួបជុំអបអរសាទរសមិទ្ធផលដែលបាន និងកំពុងកើតមាន និងទី៣-គឺរួមគ្នាការពាសុខសន្តិភាព ដើម្បីយើងអភិវឌ្ឍន៍បន្តទៀត។
លោកឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត អះអាងថា គោលនយោបាយរដ្ឋាភិបាល គឺបានយកចិត្តទុកដាក់លើអតីតយុទ្ធជន ខិតខំបង្កើនប្រាក់សោធននិវត្តន៍មិនឲ្យមានគំលាតគ្នាខ្លាំងរវាងអ្នកចូលមុន និងចូលក្រោយ និងបានសាងសង់ផ្ទះជូនអតីតយុទ្ធជន ចែកដីចែកផ្ទះ និងការកសាងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ។ ជាក់ស្តែង ការរៀបចំឲ្យមានមណ្ឌលអភិវឌ្ឍន៍នេះ ក៏ជាគោលនយោបាយមួយ ដែលបានលើកកម្ពស់ និងការយកចិត្តទុកដាក់ការរស់នៅរបស់យោធិនពិការ ដែលយើងបានប្ដូរពីមណ្ឌលយោធិនពិការតូចមួយកន្លែងនៅកៀនស្វាយ ហើយមកដល់ពេលនេះ យើងមាន៣១៧កោះស្លាកំពត៣១៧គូលែនសៀមរាប និង៣១៧ភ្នំឆ័ត្រនេះ ដែលបានរៀបចំផ្ទះ និងដីធ្វើកសិកម្ម មិនត្រឹមតែប៉ុណ្ណោះ ក៏បានផ្តល់អាទិភាពដល់កូនយោធិនឲ្យមានឱកាសចូលបម្រើការងារក្នុងកងយោធពលខេមរភូមិន្ទផងដែរ។
លោកឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត បញ្ជាក់ថា ការយកចិត្តទុកដាក់ទាំងនេះ ជាការតបស្នងដល់ការលះបង់របស់អតីតយុទ្ធជន និងជនពិការដែលបានលះបង់ពលីកម្មគ្រប់បែបយ៉ាងដើម្បីប្ដូរយកសន្តិភាពមកជូនប្រជាជនដូចសព្វថ្ងៃនេះ លះបង់មិនឲ្យយោធិនយើងសម្លាប់ខ្មែរគ្នាឯងទៀត តែហ្វឹកហ្វឺន ដើម្បីការពារជាតិប្រឆាំងការឈ្លានពាន។
សម្ដេចតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់លើយោធិនពិការជាងគេ ព្រោះលោកក៏ជាយោធិនពិការមួយរូបផង ដែលសម្តេចពិការភ្នែកក្នុងសមរភូមិរំដោះប្រទេសជាតិឲ្យមានសុខសន្តិភាព និងមកដល់ពេលនេះអំបែងគ្រាប់នៅសល់ក្នុងខ្លួនលោកនៅឡើយទេ៕
Source: Kampuchea Thmey Daily
0 Comments