កំពង់ចាម ៖ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ចាម នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩នេះ បានចេញដីកាសម្រេចឃុំខ្លួនគ្រូសិល្ប៍បោកប្រាស់ម្នាក់ ដាក់ពន្ធនាគារជាបណ្ដោះអាសន្ន ក្រោមការចោទប្រកាន់ ពីបទប៉ុនប៉ងរំលោភសេពសន្ថវៈ។
ជនត្រូវចោទ ឈ្មោះ ជុំ ជឿន អាយុ៦៧ឆ្នាំ រស់នៅភូមិអំពិលលើ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម មានមុខរបរជាគ្រូសិល្ប៍ ចេះទាយ ស្រោចទឹកលើករាសីជាដើម។
ជននេះត្រូវបានសមត្ថកិច្ចអាវុធហត្ថខេត្តចាប់ខ្លួន កាលពីថ្ងៃទី០៨មីនា ជាថ្ងៃសិទ្ធិនារី ក្រោយពេលមានការស្រែកឲ្យជួយពីសំណាក់នារីរងគ្រោះនៅក្នុងបន្ទប់ជួល ហើយត្រូវអ្នកក្បែរខាងចូលទៅអន្តរាគមន៍ជួយបានទាន់ពេល កុំអីស្រេចដូចបំណងទៅហើយ។
ប្រភពព័ត៌មានពីស្រុកកំពង់សៀមបានឲ្យដឹងថា នៅថ្ងៃកើតហេតុជនរងគ្រោះដែលសុំមិនបញ្ចេញឈ្មោះបានពឹងពាក់គ្រូសិល្ប៍ ជុំ ជឿន ឲ្យជួយស្រោចទឹកលើករាសីដល់ក្នុងបន្ទប់ជួលដែលនៅក្នុងភូមិអំពិលលើ។ ពេលនោះគ្រូសិល្ប៍បានរៀបចំគ្រឿងប្រដាប់មានទៀនធូប កំប៉ុងជើងធូបគ្រឿងដង្វាយចូលទៅក្នុងបន្ទប់នារីរងគ្រោះ ហើយក៏តាំងរៀបចំពិធីស្ងាត់ៗតែ២នាក់ប៉ុណ្ណោះ។ ក្នុងពេលរៀបពិធីលើករាសីនោះ ទំនងឃើញសាច់ជនរងគ្រោះសខ្ចីទ្រលុកទ្រលន់ គួរឲ្យក្រឺត ទ្រាំនឹងតណ្ហាពុះកញ្ជ្រោលមិនបាន គ្រូសិល្ប៍ ក៏ដោះអាវ ស្រាតខោវែង ចាប់អោបផ្ដួលនារីរងគ្រោះនៅលើគ្រែ ប៉ងរំលោភទៅហើយ តែត្រូវនារីរងគ្រោះស្រែអាយ៉ូអាយ៉ា ឮដល់អ្នកក្បែរខាង ក៏រត់មកធាក់ទ្វារបន្ទប់របើក ក៏ឃើញទិដ្ឋភាពអាឡារិករបស់គ្រូសិល្ប៍ ក៏ ចាប់ទាញ ក ឲ្យក្រោកពីលើជនរងគ្រោះ។ ចំណែកអ្នកខ្លះទៀត ក៏រត់ទៅហៅប៉េអិមនៅក្បែរនោះមកក្របួច ក គ្រូសិល្ប៍នេះតែម្ដង។
នៅមុខសមត្ថកិច្ចគ្រូសិល្ប៍បានសារភាពថា ពិតជាបានប៉ុនប៉ងរំលោភសេពសន្ថវៈលើជនរងគ្រោះមែនដោយសារតណ្ហាពុះកញ្ជ្រោល នឹងសម្រស់ជនរងគ្រោះមិនបាន។
រឿងក្ដីនេះ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនមកតុលាការខេត្ត ហើយនៅថ្ងៃទី១១មីនា ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនគ្រូសិល្ប៍បោកប្រាស់នេះ ដាក់ពន្ធនាគារជាបណ្ដោះអាសន្ន៕
Source: Kampuchea Thmey Daily
0 Comments