មេដឹកនាំគណបក្សប្រឆាំងវេណេហ្ស៊ូអេឡាលោក Juan Guaido នឹងស្នើសុំសមាជិកសភាឲ្យប្រកាស “រដ្ឋក្នុងភាពអាសន្ន” ជុំវិញការដាច់ភ្លើងដ៏ធ្ងន់ធ្ងររបស់ប្រទេសនេះក្នុងគោលបំណងសម្របសម្រួលដល់ការផ្តល់ជំនួយអន្តរជាតិដែលនេះជាឱកាសមួយដើម្បីរកពិន្ទុក្នុងការតស៊ូអំណាចជាមួយលោកប្រធានាធិបតី Nicolas Maduro។
អ្នកជំងឺយ៉ាងតិច១៥នាក់ដែលមានជំងឺតម្រងនោមកម្រិតខ្ពស់ត្រូវបានគេរាយការណ៍ថាបានស្លាប់ចាប់តាំងពីការដាច់ចរន្តអគ្គិសនីដ៏ធំបានចាប់ផ្តើមកាលពីថ្ងៃព្រហស្បតិ៍មុនខណៈដែលមន្ទីរពេទ្យនានាកំពុងព្យាយាមផ្តល់សេវាសង្គ្រោះបន្ទាន់ហើយការគំរាមកំហែងនៃការថយចុះម្ហូបអាហារបានធ្វើឲ្យមនុស្សជាច្រើននាក់ស្ថិតនៅក្នុងគ្រោះថ្នាក់។
មេដឹកនាំរដ្ឋសភាវ័យ៣៥លោក Guaido ដែលកាលពីខែមករាបានប្រកាសខ្លួនឯងជាប្រធានាធិបតីបណ្ដោះអាសន្នបាននិយាយថា “យើងត្រូវតែចូលរួមក្នុងមហន្តរាយនេះភ្លាម។ យើងមិនអាចងាកចេញពីវាបានទេ”។ ការប្រកាសខ្លួនឯងបែបនេះបានបង្កឲ្យមានការតស៊ូអំណាចនៅក្នុងប្រជាជាតិអាមេរិកខាងត្បូងសម្បូរប្រេងមានប្រជាជន៣០លាននាក់មួយនេះ។
កាលពីថ្ងៃអាទិត្យ លោកបានប្រាប់ក្រុមអ្នកយកព័ត៌មានថា លោកនឹងកោះប្រជុំបន្ទាន់មួយនៃរដ្ឋសភាដែលគ្រប់គ្រងដោយគណបក្សប្រឆាំងដើម្បីប្រកាសពី “រដ្ឋក្នុងភាពអាសន្ន” ដែលវានឹងនាំឲ្យមានការសាកល្បងមួយផ្សេងទៀតអំពីឆន្ទៈជាមួយលោក Maduro។
កាលពីខែមុន លោក Maduro បានប្រើយោធាដើម្បីទប់ស្កាត់ការប៉ុនប៉ងរបស់បក្សប្រឆាំងក្នុងការនាំយកគ្រឿងផ្គត់ផ្គង់ជាង២៥០តោនពីប្រទេសកូឡុំប៊ីនិងប្រេស៊ីលចូលវេណេហ្ស៊ូអេឡា។
អគ្គិសនីត្រូវបានស្ដារឡើងវិញកាលពីថ្ងៃអាទិត្យនៅតាមតំបន់មួយចំនួននៃរដ្ឋធានី Caracas។
ទោះបីជាយ៉ាងណាក៏ដោយ អាជីវកម្មនិងសាលារៀនមួយចំនួននៅតែបន្តបិទទ្វារនៅថ្ងៃចន្ទ។ ក្នុងករណីខ្លះ កង្វះខាតនៃការដឹកជញ្ជូនសាធារណៈបានបណ្តាលឲ្យការធ្វើដំណើរមានភាពលំបាកបើទោះបីជានៅក្នុងទីក្រុង Caracas ក៏ដោយ។
លោក Guaido បានអំពាវនាវឲ្យមានការតវ៉ាតាមដងផ្លូវបន្ថែមទៀតនៅថ្ងៃចន្ទដើម្បីបង្ខំឲ្យលោក Maduro ចុះចេញពីតំណែងបន្ទាប់ពីការជួបជុំគ្នាកាលពីថ្ងៃសៅរ៍៕ AFP
Source: Kampuchea Thmey Daily
0 Comments