Ad Code

សមត្ថកិច្ច​ ចុះ​ប្រតិបត្តិការ​ផ្សព្វផ្សាយ​ពញ្ញាក់​ស្មារតី​ឲ្យ​​ប្រជាពលរដ្ឋ​គោរព​ច្បាប់​ចរាចរណ៍​ កាត់បន្ថយ​អត្រា​គ្រោះថ្នាក់​



បាត់ដំបង​ ៖ ​នៅ​ព្រឹក​ថ្ងៃ​ទី​១១​ ខែ​មីនា ​ឆ្នាំ​២០១៩​នេះ ​កម្លាំង​សមត្ថកិច្ច​ចរាចរណ៍​ផ្លូវគោក ​នៃ​ស្នងការ​នគរបាល​ខេត្ត​បាត់ដំបង ​ដែល​មាន​ លោក ​ឆៃ ច័ន្ទ​ដា​រាជា​ នាយការិយាល័យ ​បាន​ដឹកនាំ​កម្លាំង​ចេញ​ប្រតិបត្តិការ​ផ្សព្វផ្សាយ​ជា​ទ្រង់ទ្រាយ​ធំ ​ក្នុង​គោលបំណង​ពញ្ញាក់​ស្មារតី​ដល់​សាធារណជន​ ក៏ដូចជា​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​បាត់ដំបង​ឲ្យ​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា​ ដើម្បី​កាត់បន្ថយ ​នៃ​អត្រា​គ្រោះ​ថ្នាក់​ឲ្យ​បាន​ល្អ​ប្រសើរ ខណៈ​បច្ចុប្បន្ន​ការ​គ្រោះថ្នាក់​ចរាចរណ៍​កើត​ឡើងជា​បន្តបន្ទាប់។

ពេល​កំពុង​មមាញឹក​ក្នុង​ការ​ផ្សព្វផ្សាយ ​និង​ណែនាំ​ដល់​អ្នក​បើកបរ​ទាំង​រថយន្ត​ទាំង​ម៉ូតូ​ លោកស្រី​វរសេនីយ៍​ទោ​ប្រឹម​ សុជាតិ​ អនុ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក ​ឆ្លៀត​ក្នុង​ឱកាស​នោះ បាន​ប្រាប់​ដល់​កម្ពុ​ជាថ្មី​ឲ្យ​ដឹង​ថា ​ការ​ចុះ​ផ្សព្វផ្សាយ​ និង​ពញ្ញាក់​ស្មារតី​ដល់​សាធារណជន​ ក៏ដូចជា​ពលរដ្ឋ​ទូទៅ ​ក្នុង​ខេត្ត​ជា​ទ្រង់ទ្រាយ​ធំ​នាពេលនេះ​ គឺធ្វើឡើង​តាម​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ពី​លោកស្នងការ​ខេត្ត​ ដោយមាន​ការដឹកនាំ​ផ្ទាល់​ក្នុង​កិច្ចប្រតិបត្តិការ​ផ្សព្វផ្សាយ​នេះ​ ដោយ ​លោក ​ឆៃ​ ច័ន្ទ​ដា​រា​ នាយការិយាល័យ​ផ្លូវ​គោក ​នៃ​ស្នងការ​ខេត្ត​ផង​ដែរ​ ហើយ​ការផ្សព្វផ្សាយ​នេះ​ ត្រឹម​រយៈពេល​តែ​១​ថ្ងៃ​ប៉ុណ្ណោះ ​ដោយ​មិនបាន​ផាកពិន័យ​អ្វី​ទាំងអស់​ បើទោះបី​ប្រជាពលរដ្ឋ​ដែល​កំពុង​ធ្វើដំណើរ​មិន​ពាក់​មួក​ ឬ​ដាក់​ខ្សែក្រវាត់​ក៏ដោយ​ចុះ​ គឺ​សមត្ថកិច្ច​ត្រឹមតែ​ណែនាំ​ដល់​ពួកគាត់​ប៉ុណ្ណោះ ​តែបើ​នៅតែ​មិន​អនុវត្តន៍​ចាប់​ពីថ្ងៃ​នេះ​ទៅ ​សមត្ថកិច្ច​នឹង​រឹតបន្តឹង​ផាកពិន័យ​ ដោយ​គោរព​ទៅតាម​គោលការណ៍​ផ្លូវច្បាប់​ជាក់​ជា​មិនខាន។

លោកស្រី​បន្ត​ថា ​ក្រៅពី​ធ្វើការ​ណែនាំ​ សមត្ថកិច្ច​ក៏​មាន​ការចែក​ចាយ​ឯកសារ​របស់​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​មួយចំនួន​ផងដែរ​ ដើម្បី​ជំនួយ​ដល់​ស្មារតី​ស្ដីពី​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​សម្រាប់​ផ្សព្វផ្សាយ​ប្រការ​សំខាន់ៗ ​ដែល​ត្រូវ​ចងចាំ​ចំពោះ​អ្នកប្រើប្រាស់​ផ្លូវគោក​ រួមជាមួយ​បញ្ញត្តិ​សំខាន់ៗ​ នៃ​ច្បាប់ ​ស្តីពី​ចរាចរណ៍​ផ្លូវគោក​ផងដែរ​ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​មើល ​និង​អាន​ក្នុង​ផល​ប្រយោជន៍​ការពារ​អាយុជីវិត​របស់​ពួកគាត់​ ដែល​កើត​ចេញពី​ការ​មិន​គោរព​ច្បាប់​ចរាចរណ៍​នេះ​។​

នៅក្នុង​ឱកាស​នោះដែរ​ លោក ​សៀម​ ប៊ុន​រិ​ទ្ធ​ អភិបាលរង​ខេត្ត​បាត់ដំបង​ដែល​បាន​ចូលរួមបាន​មាន​ប្រសាសន៍​ថា លោក​សុំ​អំពាវនាវ​យ៉ាង​ទទូច​ដល់​សាធារណជន​ ក៏ដូចជា​ប្រជាពលរដ្ឋ​ទូទៅ​ក្នុង​ខេត្ត​ទាំងអស់​ មេត្តា​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា ​ដើម្បី​ការពារ​អាយុជីវិត​របស់​យើង​ ដែល​កំពុង​រស់រាន​មាន​សេចក្តីសុខ​ក្នុង​សង្គម​មួយ​ដែល​កំពុងតែ​អភិវឌ្ឍន៍ ​និង​សិទ្ធិ​សេរីភាព​ក្នុង​ការ​ធ្វើ​ដំណើរ​ដល់​គ្រប់ទិសទី​ តាមរយៈ​ការបើកបរ​ ត្រូវតែ​ប្រកាន់​ស្តាំ​រៀងៗ​ខ្លួន ​កុំ​ប្រជែង​គ្នា​ ចេះ​អត់​អោន​និង​យោគយល់​គ្នា​ ពិសេស​កុំ​បើកបរ​ក្នុងស្ថានភាព​ស្រវឹង ​និង​កំពុង​បើកបរ​ហើយ​និយាយ​ទូរស័ព្ទ​ជា​ដើម​។​

លោក​បន្តថា​ ការមិន​គោរព​ច្បាប់​ចរាចរណ៍​ ប្រៀប​ដូច​មិនចេះ​រក្សា​ជីវិត​ខ្លួនឯង​ដូចជា ​បើកបរ​ម៉ូតូ​ត្រូវ​ពាក់​មួក​ បើករថយន្ត​ត្រូវ​ប្រើ​ខ្សែក្រវាត់ ​ព្រោះ​គ្រោះថ្នាក់​វា​កើតឡើង​គ្មាន​ពេល​កំណត់​បាន​នោះទេ​។​

លោក​បន្ត​ដោយ​ណែនាំ​ថា​ ​គ្រោះថ្នាក់​ចរាចរណ៍​វា​កើត​ឡើងលើ​កត្តា​ពីរ​ ទី​១-ស្លាប់បាត់​បង់ជីវិត ​ចាក​ចោល​ក្រុម​គ្រួសារ​ សាច់ញាតិ​ មិត្តភ័ក្ដិ​រហូត។ ​និង​ទី​២-​ពិការភាព​ បាត់បង់​កាយសម្បទា ​ពេលនោះ​មិន​ត្រឹមតែ​ខូចខាត​សម្ភារៈ​ប៉ុណ្ណោះ​ទេ ​សូម្បីតែ​សេដ្ឋកិច្ច​គ្រួសារ​ ក៏​ធ្លាក់​ក្នុង​សភាព​ទ្រុឌទ្រោម​ផង​ដែរ​ដូច្នេះ​យើង​រួមគ្នា​ប្រឆាំង​ដាច់ខាត​ថ្ងៃនេះ ​ថ្ងៃស្អែក​ កុំ​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​៕​

 

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu