Ad Code

ប្រធានាធិបតី​ប្រេ​ស៊ី​ល ​នឹងធ្វើ​ទស្សនកិច្ច​សហរដ្ឋអាមេរិក ឈី​លី​និង​អ៊ីស្រាអែល​



ប្រភព​ជា​ផ្លូវការ​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា ប្រធានាធិបតី​ប្រេ​ស៊ី​ល​លោក Jair Bolsonaro នឹងធ្វើ​ទស្សនកិច្ច​ជា​លើកដំបូង​ទៅកាន់​សហរដ្ឋអាមេរិក ប្រទេស​ឈី​លី​និង​អ៊ីស្រាអែល​នៅ​ខែ​នេះ​ដែល​នេះ​ជាស​ញ្ញា​យ៉ាងច្បាស់​លាស់​ថា ប្រទេស​ទាំងបី​នេះ​គឺជា​ប្រទេស​ដែល​មេដឹកនាំ​ស្តាំនិយម​រូបនេះ​ចង់​បានជា​សម្ព័ន្ធមិត្ត។

រដ្ឋមន្ត្រី​ក្រសួងការបរទេស​លោក Ernesto Araujo ត្រូវបាន​ដកស្រង់​សម្តី​ដោយ​ភ្នាក់ងារ​ព័ត៌មាន Agencia Brasil ដែល​បាន​និយាយថា អតីត​មេបញ្ជាការ​កងទ័ព​ដែល​បាន​ឡើងកាន់តំណែង​កាលពី​ថ្ងៃទី​១​ខែមករា​រូបនេះ​នឹង​ស្ថិតនៅក្នុង​សហរដ្ឋអាមេរិក​ចាប់ពី​ថ្ងៃទី​១៨​ដល់​២២​ខែមីនា​និង​ប្រទេស​ឈី​លី​នៅ​ថ្ងៃទី​២៣​ខែ​មិនា​។​

លោក Araujo បាន​បន្ថែមថា នៅ​ចុងខែ​មីនា លោក Bolsonaro នឹងធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​អ៊ីស្រាអែល​។ ក្រសួងការបរទេស​អ៊ីស្រាអែល​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា មេដឹកនាំ​ប្រេ​ស៊ី​ល​នឹង​ស្ថិតនៅ​ក្នុងប្រទេស​នេះ​ចាប់ពី​ថ្ងៃទី​៣១​ខែមីនា​ដល់​ថ្ងៃទី​៤​ខែមេសា​។​

ទាំងនេះ​នឹង​ក្លាយជា​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​ជា​លើកដំបូង​របស់លោក Bolsonaro ក្នុងនាម​ជា​ប្រធានាធិបតី​។ កាលពី​ខែមករា គាត់​បាន​ទៅ​ប្រទេស​ស្វី​ស​ដើម្បី​ចូលរួម​វេទិកា​សេដ្ឋកិច្ចពិភពលោក​នៅក្នុង​ទីក្រុង Davos​។​

តាម​ប្រពៃណី ប្រធានាធិបតី​ប្រេ​ស៊ី​ល​ថ្មីៗ​បានធ្វើ​ដំណើរ​ជា​លើកដំបូង​របស់​ពួកគេ​ទៅកាន់​ប្រទេស​អា​ហ្ស​ង់​ទីន​ដែល​ស្ថិតនៅ​ជិតខាង​។​

ប៉ុន្តែ​ការធ្វើដំណើរ​របស់លោក Bolsonaro គឺ​តំណាង​ឲ្យ​ការផ្លាស់ប្ដូរ​ផ្នែក​នយោបាយ​និង​សេដ្ឋកិច្ច​ដែល​លោក​បាន​គូសបញ្ជាក់​ក្នុងអំឡុង​យុទ្ធនាការ​ឃោសនាបោះឆ្នោត​។​

នៅ​ប្រទេស​ឈី​លី លោក Bolsonaro នឹងចូលរួម​ក្នុង​ពិធី​បើក​នៃ​វេទិការ Prosur ដែលមាន​គោលបំណង​លើកកម្ពស់​គម្រោង​អភិវឌ្ឍន៍​នៅក្នុង​តំបន់​អាមេរិក​ខាងត្បូង​។​

នៅ​ប្រទេស​អ៊ីស្រាអែល លោក Bolsonaro នឹង​ធ្វើការ​តបស្នង​ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​លោកនាយក​រដ្ឋមន្ត្រី Benjamin Netanyahu ដែល​បានធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​ប្រេ​ស៊ី​ល​សម្រាប់​ការសម្ពោធ​ចូលកាន់​តំណែង​របស់គាត់​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu