រតនគិរី ៖ មន្ទីរកិច្ចការនារីខេត្តរតនគិរីប្រារព្ធទិវាអន្តរជាតិនារី ៨មីនា ខួបអនុស្សាវរីយ៍លើកទី១០៨ ឆ្នាំ២០១៩ លើកកម្ពស់សមភាពយេនឌ័រ និងការគាំពារសង្គមដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស នេះគឺជា ប្រធានបទ ដែលបានលើកឡើងក្នុងឱកាសទិវាអន្តរជាតិនារី៨មីនា ខួបអនុស្សាវរីយ៍លើកទី ១០៨ ឆ្នាំ២០១៩ ដែលត្រូវបានមន្ទីរកិច្ចការនារីខេត្តរតនគិរីប្រារព្ធធ្វើឡើង នៅព្រឹកថ្ងៃអង្គារ ១៤រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៩ នៅសាលមហោស្រពសម្ដេចតេជោ ហ៊ុន សែន ក្រោមអធិបតីភាព លោក លន់ សុភាព អភិបាលរងខេត្ត តំណាង លោក ថង សាវុន អភិបាលខេត្តរតនគិរី។
ទិវានេះមានការអញ្ជើញចូលរួមពីសំណាក់មន្ត្រីរាជការ ជានារី សិស្សានុសិស្ស យុវជនស្ម័គ្រចិត្តកាកបាទក្រហម យុវជនកាយឫទ្ធិ តំណាងដៃគូអភិវឌ្ឍន៍ជាតិអន្តរជាតិ សង្គមស៊ីវិល តំណាងប្រជាពលរដ្ឋគ្រប់ជនជាតិ សរុបប្រមាណជាង៣០០នាក់។
មានប្រសាសន៍ទៅកាន់អង្គពិធីទាំងមូល លោក លន់ សុភាព បានសម្ដែងនូវការគាំទ្រទាំងស្រុងនូវប្រធានបទ លើកកម្ពស់សមភាពយេនឌ័រ និងការគាំពារសង្គម ដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស ដែលក្រសួងកិច្ចការនារីបានដាក់ចេញក្នុងឆ្នាំ២០១៩ ក្នុងគោលបំណងរំលេចពីតម្លៃ នៃសន្តិភាព និងការលើកកម្ពស់សមភាពយេនឌ័រ ដែលរាជរដ្ឋាភិបាល បាននិងកំពុងគាំទ្រជំរុញឲ្យមានការចូលរួមពីគ្រប់ស្ថាប័ន រួមទាំងបុរស ទាំងស្ត្រី ដើម្បីអភិវឌ្ឍន៍ធនធានមនុស្សប្រកបដោយគុណភាព និងសមត្ថភាព។
លោកអភិបាលរងខេត្តបានបន្តថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចតែងតែយកចិត្តទុកដាក់បង្កើតឡើងនូវគោលនយោបាយ និងយុទ្ធសាស្ត្រជាតិជាក់លាក់ក្នុង ការលើកកម្ពស់ សមភាព សមធម៌យេនឌ័រ និងការអភិវឌ្ឍធនធានមនុស្ស នៅគ្រប់ក្រសួង ស្ថាប័ន ដែលធនធានទាំងនោះ បាននិងកំពុងខិតខំយកចិត្តទុកដាក់សហការអនុវត្ត តាំងពីថ្នាក់ជាតិ ដល់ថ្នាក់ក្រោមជាតិ ក្នុងការផ្ដល់សេវាជូនប្រជាពលរដ្ឋ ជាពិសេសស្ត្រី និង យុវវ័យ ដើម្បីធានាបាននូវកំណើនសេដ្ឋកិច្ចជាតិ ការរក្សានូវសន្តិសុខ ស្ថិរភាពនយោបាយ និងសន្តិសុខសង្គម។
មិនតែប៉ុណ្ណោះរាជរដ្ឋាភិបាល បាននិងកំពុងគាំទ្រដល់ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី គណៈកម្មាធិការជាតិលើកម្ពស់សីលធម៌សង្គមតម្លៃស្ត្រី និងគ្រួសារខ្មែរ ក្នុងការអនុវត្តគោលនយោបាយ លើកកម្ពស់ ស្ថានភាពជីវភាព ឋានៈ តួនាទី របស់ស្ត្រី ព្រមទាំងលើកកម្ពស់ សីលធម៌សង្គម តម្លៃស្ត្រីនិងគ្រួសារខ្មែរ។
លោកមានជំនឿថា ស្ត្រីកម្ពុជា ពិតជាទទួលបាននូវការគាំទ្រ ការការពារផ្លូវច្បាប់ការលើកកម្ពស់ស្ថានភាព ឋានៈតួនាទី សិទ្ធិអំណាចបានល្អប្រសើរ។
ជាក់ស្ដែង ខេត្តរតនគិរីយើងមានស្ត្រី ជាថ្នាក់ដឹកនាំគ្រប់កម្រិតរួមមាន ៖ សមាជិកក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ប្រធាន អនុប្រធានមន្ទីរ ប្រធាន អនុប្រធានការិយាល័យថ្នាក់ខេត្ត ក្រុង ស្រុក មន្ត្រីរាជការ ជាមេឃុំ ជាទំនប់ទី១ ទី២ និងជាសមាជិក រហូតដល់ថ្នាក់ភូមិយើងក៏មានស្ត្រីជាថ្នាក់ដឹកនាំដែរ។
ម្យ៉ាងវិញទៀត ក្រោមកិច្ចប្រឹងប្រែង របស់នារី ខ្លួនឯងផ្ទាល់ យើងក៏សង្កេតឃើញថា នារីភាគច្រើនបានក្លាយជា សហគ្រិន ជាអាជីវករ ជាគ្រូពេទ្យ គ្រូបង្រៀន ដ៏ប៉ិនប្រសប់។
លោក ក៏បានអំពាវនាវដល់អង្គពិធីទាំងមូល ចូលរួមទាំងអស់គ្នាគាំទ្រប្រធានបទ លើកកម្ពស់សមភាពយេនឌ័រ និងការគាំពារសង្គម ដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស ដែលបានលើកឡើងនេះដើម្បីជួយលើកស្ទួយស្ត្រី បានប្រែក្លាយពីស្ថានភាពងាយរងគ្រោះ ឆ្ពោះទៅរកវឌ្ឍនភាពសិទ្ធិស្មើគ្នា បន្តរួមគ្នាកសាងសង្គមជាតិយើង បានសន្តិសុខ សណ្ដាប់ធ្នាប់ ស្ថិរភាព នឹងបានឈានទៅជា នីតិរដ្ឋដ៏រុងរឿងប្រកបដោយចីរភាព៕
Source: Kampuchea Thmey Daily
0 Comments