Ad Code

មេបញ្ជាការ​រង​ប៉េអឹម​លើ​ផ្ទៃ​ប្រទេស ​៖ ​នាយទាហាន នាយទាហានរង និង​ពលទាហាន ត្រូវ​បង្កើន​ការ​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ និង​ពង្រឹង​ការ​សាមគ្គីភាព​ផ្ទៃក្នុង​ឲ្យ​បាន​ល្អ​ប្រសើរ



កំពង់ស្ពឺ​ ៖​ មេបញ្ជាការ​រង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​ក្រើន​រម្លឹក​ជាថ្មី​ម្តង​ទៀត ដល់​នាយ​-​នាយទាហានរង និង​ពលទាហាន​ទាំងអស់ ត្រូវ​បង្កើន​ការស្រាវជ្រាវ​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ និង​ពង្រឹង​សាមគ្គីភាព​ផ្ទៃក្នុង​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​ឡើង​ផង​ដែរ។

ការ​លើកឡើង​បែបនេះ ក្នុង​កិច្ចប្រជុំ​មួយនា​ព្រឹក​ថ្ងៃ​០៥ ខែមីនា ឆ្នាំ​២០១៩ ដើម្បី​ធ្វើការ​ត្រួតពិនិត្យ ពង្រឹង​ការអនុវត្ត​ផែនការ​លេខ ០៤/២០១៩ ផ​.​ក ស្តីពី​ការបង្ការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ នៅ​បញ្ជាការដ្ឋាន​កង​រាជ​អាវុធហត្ថ​ខេត្តកំពង់ស្ពឺ ក្រោម​វត្តមាន​លោក​ផ្កាយ​៣ ហុង វិ​ណុល មេបញ្ជាការរង​ប៉េអឹម​លើ​ផ្ទៃ​ប្រទេស​ដោយមាន​ការចូលរួម​ពី លោក​មេបញ្ជាការ មេបញ្ជាការរង នាយរង​សេនាធិការ ប្រធាន​-​អនុប្រធាន​មន្ទីរ​ទាំង​៥ នាយការិយាល័យ និង​ជំនួយការ មូលដ្ឋាន កងរាជអាវុធហត្ថ ក្រុង​-​ស្រុក​ស្នាក់ការ​សន្តិសុខ កម្លាំង​កងអនុសេនាធំ​ចល័ត​ផងដែរ។

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហុង វិ​ណុល មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ទទួល​ការងារ សន្តិសុខ និង​បង្ក្រាប​បទល្មើស តំណាង​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គ​មេបញ្ជាការរង កងយោធពល​ខេមរភូមិន្ទ ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​ថ្លែងថា «​នាយ​ទាហាន​រង និង​ពលទាហាន​នៃ​កងរាជអាវុធហត្ថ​ទាំងអស់​ ត្រូវ​ចាត់តាំង​កម្លាំង​ឃ្លាំមើល​ទីតាំង​ ដែល​លួចលាក់​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ ឬ​កន្លែង​ដែល​លួច​ស្តុក​ផល អនុផល​ព្រៃឈើ​ដោយ​ខុសច្បាប់ និង​ពិនិត្យ​ឲ្យ​បានច្បាស់លាស់​ចំពោះ​អ្នកប្រព្រឹត្ត​បទល្មើស និង​ជន​ពាក់ព័ន្ធ​ដើម្បី​មាន​វិធានការ​តាមផ្លូវ​ច្បាប់​ឲ្យ​បាន​រឹងមាំ​បំផុត និង​ចំ​គោលដៅ​តែម្តង»។

មេបញ្ជាការរង​ប៉េអឹម​លើ​ផ្ទៃ​ប្រទេស បាន​បន្ថែមទៀតថា «​កម្លាំង​អាវុធហត្ថ​ត្រូវ​បន្ត​ស្រាវជ្រាវ​ការ​រុករាន​ទន្ទ្រាន​យក​ដីព្រៃ​របស់​រដ្ឋ​គ្រប់​រូបភាព ដែល​ប្រើប្រាស់​រូបភាព​បំផ្លាញ​ធនធានធម្មជាតិ​យ៉ាងធ្ងន់ធ្ងរ​ដល់​ឫសគល់​តែម្តង»។

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហុង វិ​ណុល បាន​បញ្ជាក់ថា «​កងកម្លាំង​ទាំងអស់​ដែលជា​មន្ត្រីនគរបាល​យុត្តិធម៌ ត្រូវ​ប្រមូល​ព័ត៌មាន​ដើម្បី​ចងក្រង​ឯកសារ​ច្បាប់​ចំពោះ​ជនសង្ស័យ​ពាក់ព័ន្ធ​ការប្រព្រឹត្ត​បទល្មើស​ព្រៃឈើ ធានា​ផ្លូវច្បាប់​ទៅកាន់​ស្ថាប័ន​តុលាការ»។

កន្លង​មកជា​គោល​ការ​ណ៍​កម្លាំង​របស់​កងរាជអាវុធហត្ថ​តែង​ប្រើ​វិធានការ​អប់រំ​ច្រើន​ដោយ​ផ្នែក​លើ​ទិដ្ឋភាព​សង្គម ហើយ​ផ្តោត​សំខាន់​ទៅលើ​ក្រុម​ឈ្មួញកណ្តាល និង​បញ្ចៀស​ឲ្យ​បាន​ចំពោះ​ប្រជាជន​ដែល​រកស៊ី​ទទួលទាន​មា​នក​ម្រិត​តិចតួច ដើម្បី​ជីវភាព​ប្រចាំថ្ងៃ តែ​ក៏ត្រូវ​ទទួលបាន​ការអប់រំ និង​ធ្វើ​កិច្ចសន្យា​ផងដែរ។

លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ជូ សារុន មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺ បាន​ថ្លែងថា «​កងរាជអាវុធហត្ថ​បាន​ត្រៀម​ជាប្រចាំ​ដើម្បី​ចូលរួម​បង្ក្រាប​រាល់​ការដឹកជញ្ជូន​ធនធានធម្មជាតិ​ដោយ​ខុសច្បាប់​ក្មុង​ភូមិសាស្ត្រ​។ សម្រាប់​ដើមឆ្នាំ​២០១៩​នេះ ខេត្តកំពង់ស្ពឺ បង្ក្រាបបាន​បទល្មើស​ធ​ន​ធាន​ធម្មជាត​៨ ២​លើក​រឹបអូស​បាន​ឈើ​ចម្រុះ ៣៤,៩៨​ម៉ែត្រគូប ម៉ាស៊ីន​រ៉ៃ​បញ្ឈរ ០២​គ្រឿង និង​រណា​ថាស ០១​គ្រឿង បានប្រគល់​ឱ្យទៅ​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ និង​បរិស្ថាន​រក្សាទុក​ដើម្បី​ចាត់ការ​តាម​នីតិ​វិធី»។

មេបញ្ជាការ ប៉េអឹម​ខេត្តកំពង់ស្ពឺ ប្តេជ្ញា​ថា​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺ នៅតែ​បានធ្វើការ​បង្ក្រាប​បទល្មើស​ធន​ធន​ធម្មជាតិ​ដែល​ឈ្មួញ​បាន​លួច​ប្រព្រឹត្ត​នៅតាម​តំបន់​ព្រៃ​ស្ងាត់ និង​ដឹក​តាម​រថយន្ត​ឆ្លងកាត់​តាមផ្លូវ​ដោយ​ខុសច្បាប់​ឱ្យ​ទាល់តែ​បាន​ផងដែរ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu