ស្ទឹងត្រែង ៖ អាជ្ញាធរក្រុងស្ទឹងត្រែង ហាមអ្នកចិញ្ចឹមគោ កុំលែងដើរចូលក្រុង ស៊ីផលដំណាំអ្នកជិតខាង និងបង្កផលប៉ះពាល់សណ្ដាប់ធ្នាប់សាធារណៈ ដូចនេះសមត្ថកិច្ច នឹងចាប់ផាកពិន័យព្រោះសាលាក្រុងបានចេញសេចក្តីណែនាំជារឿយៗ និងខ្លះទៀត បានធ្វើកិច្ចសន្យារួចមកហើយដែរ។
លោកសាយកុសល អភិបាលក្រុងស្ទឹងត្រែង បានបញ្ជាក់ថា ៖ គោ ដែលដើរស៊ីផ្ដេសផ្ដាសតាមទីសាធារណៈ បានបង្ហាញពីភាពរឹងរូសរបស់បុគ្គលមួយចំនួន មិនចូលរួមគោរពច្បាប់សង្គម និងមិនចេះស្រឡាញ់ទ្រព្យសម្បត្តិសាធារណៈ ចិញ្ចឹមគោលែងឱ្យដើរស៊ីពាសវាលពាសកាល។
លោកថា ៖ អ្នកចិញ្ចឹមសត្វគ្រប់ប្រភេទត្រូវតែថែរក្សាឱ្យបានគត់មត់ ព្រោះកន្លងមកម្ចាស់គោមួយចំនួន ត្រូវបានសមត្ថកិច្ចនាំមកធ្វើកិច្ចសន្យារួចមកហើយ ដោយសារតែវាបង្កឱ្យប៉ះពាល់ដល់សោភណភាពក្រុង និងបង្កគ្រោះថ្នាក់ចរាចរណ៍ផងដែរ។
លោកកោះសុខកសិករចិញ្ចឹមគោស្រុកនៅភូមិលើសង្កាត់ស្រះឬស្សីក្រុងស្ទឹងត្រែង បានគាំទ្រចំពោះបំណងល្អនេះ ពីព្រោះការចិញ្ចឹមគោ បើលែងវាទៅស៊ីចំណីផ្តេសផ្តាសវាក៏កើតជំងឺពិបាកព្យាបាលដែរ។
លោកអះអាងថា ៖ ការចិញ្ចឹមគោឱ្យធំធាត់ល្អវាអាស្រ័យទៅលើការថែទាំបំប៉នចំណីទើបវាមានទីផ្សារ ស្រួលលក់ទាំងការនាំចេញនិងនៅក្នុងខេត្តគឺគោមួយក្បាលមានតម្លៃរហូតដល់២លានរៀល ដើម្បីឱ្យគោធំធាត់យើងត្រូវថែ មួយយើងត្រូវលាងទឹកមួយថ្ងៃ២ដង អញ្ចឹងព្រឹកម៉ោង៩ម្តងដល់ម៉ោង៥ល្ងាចលាងម្ដងទៀត ដល់លាងហើយយើងឱ្យចំណីវាស៊ីខ្លះដើម្បីឱ្យវាធំធាត់វាមានសុខភាពល្អ ហើយមួយទៀតលាមកវា យើងត្រូវសម្អាតឱ្យបានស្អាតដើម្បីយើងលក់ទៅយើងបានទិញចំណីបានមកវិញដែរ។
គួររំលឹកថា ៖ កាលពីខែវិច្ឆិកា ឆ្នាំ២០១៥ មន្ទីរកសិកម្មបានសិក្សាការចិញ្ចឹមគោពូជ នេះម្តងរួចមកហើយ តែមិនទាន់ទទួលបានជោគជ័យនៅឡើយ។
សូមបញ្ជាក់ថា ៖ បច្ចុប្បន្ន នៅខេត្តស្ទឹងត្រែងមានអ្នកចិញ្ចឹមគោប្រមាណជាង១០គ្រួសារជាលក្ខណៈបែបសាមញ្ញមិនទាន់មានបច្ចេកទេសត្រឹមត្រូវក្នុងនោះមាននៅក្រុងស្ទឹងត្រែងនិងស្រុកសេសាន៕
Source: Kampuchea Thmey Daily
0 Comments