Ad Code

បំពាក់​កន្សែង ដល់​ក្រុម​យុវជន​ស្ម័គ្រ​ចិត្ត កាកបាទក្រហម​



​បន្ទាយមានជ័យ ៖ យុវជន​ស្ម័គ្រ​ចិត្ត​កាកបាទក្រហម​ នៃ​សាលា​វិទ្យាល័យ​អូរ​អំបិល​,​សម្ដេចឪ​,​សិរី​សោ​ភ័ណ ខេត្ត​បន្ទាយមានជ័យ ដែល​បាន​ចូលរួម​វគ្គ​បណ្ដុះបណ្ដាល ចំណេះដឹង​ជា​មូលដ្ឋាន ស្ដីពី​ចលនា កាកបាទក្រហម និង​វិជ្ជា​សង្គ្រោះ​បឋម ដែល​បាន​សិក្សា​អស់​រយៈពេល​២​ថ្ងៃ ត្រូវបានធ្វើ​ពិធី​បិទ​វគ្គ​បណ្ដុះបណ្ដាល និង​ធ្វើ​ពិធី​បំពាក់​កន្សែង​សរុប១៥០​នាក់ កាលពី​ថ្ងៃទី​០៤ ខែ​មីនា ឆ្នាំ​២០១៩​។​

លោក សាន ឃិត នាយក​ប្រតិបត្តិ​សាខា​កាកបាទក្រហម​ខេត្ត​បន្ទាយមានជ័យ បាន​សំដែង​នូវ​អំណរគុណ និង​កោតសរសើរ​ដល់​ក្រុមយុវជន​ទាំង​ពីរ​ភេទ ដែល​បាន​លះបង់ ពេលវេលា​ដ៏​មានតម្លៃ​មក​ចូលរួម​ជាមួយ ការងារ​មនុស្សធម៌​របស់​កាកបាទក្រហម​កម្ពុជា ដែល​ជា​ស្ថាប័ន​មនុស្សធម៌​ធំជាង​គេ​ក្នុងប្រទេស​កម្ពុជា ហើយ​គោលនយោបាយ​របស់​ក្រុម​យុវជន​ស្ម័គ្រ​ចិត្ត​កាកបាទក្រហម​នេះ បញ្ជាក់​ពី​ការទទួលស្គាល់​តួនាទី​ដ៏​មាន​សារៈសំខាន់ របស់​យុវជន និង​គុណ​តម្លៃ នៅក្នុង​ការ​ចូលរួម ចំណែក​ជាមួយ​អ្នកមាន​វ័យ​ចម្រុះ​មកពី​គ្រប់​មជ្ឈដ្ឋាន ខិតខំ​ប្រឹងប្រែង​រួម​គ្នា ពុះពារ​ដោះស្រាយ រាល់​បញ្ហា​ប្រឈម​នានា ជូន​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​។​

លោក លី សារី ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​ខេត្ត​បន្ទាយមានជ័យ មាន​ប្រសាសន៍​ថា វគ្គ​បណ្ដុះបណ្ដាល​នេះ ​ត្រូវបាន​ផ្តោត​យ៉ាងសំខាន់​លើ​ការ​កសាង​សមត្ថភាព ក្នុង​ការ​អនុវត្តន៍​សកម្មភាព​របស់ខ្លួន ដើម្បី​រួមចំណែក​ក្នុងការ​កាត់បន្ថយ ភាព​ងាយ​រងគ្រោះ របស់​ប្រជាពលរដ្ឋ ដែល​រស់នៅក្នុង​តំបន់​មួយចំនួន ដែល​ងាយ​រងគ្រោះ​ច្រើនជាងគេ វគ្គ​បណ្ដុះបណ្ដាល​នេះ អាច​ផ្តល់​ឱកាស‌​ឲ្យ​យុវជន​ទទួលបាន​ការអប់រំ បង្កើត​សមត្ថភាព ក្នុង​គុណ​តម្លៃ​មនុស្សធម៌ និង​គោលការណ៍​គ្រឹះ​របស់​ចលនា​កាកបាទក្រហម រួមទាំង​ជំនាញ​បំណិន​ផ្សេងៗ ដែលជា​តម្រូវ​ការចាំបាច់ ក្នុង​ការងារ​ស្ម័គ្រ​ចិត្ត​ផ្តល់​សេវាកម្ម​មនុស្សធម៌​ឲ្យ​បាន​កាន់តែ​ប្រសើរ​។

លោក លី សារី បាន​មាន​ប្រសាសន៍​ផ្ដាំផ្ញើ​ដល់​ក្រុម​យុវជន​ស្ម័គ្រ​ចិត្ត​ទាំង​១៥០​នាក់ អំពី​ទិសដៅ ​នៃ​ចលនា​កាកបាទក្រហម​នេះ ​ត្រូវ​ប្រកាន់​ភ្ជាប់​ គឺ លើកកម្ពស់​ស្មារតី​ នៃ​វប្បធម៌​ចែករំលែក មិត្ត​អប់រំ​មិត្ត មិត្ត​ជួយ​មិត្ត ធ្វើជា​គំរូ​ក្នុងចំណោម​យុវជន កៀរគរ​ប្រមូល​ផ្តុំគ្នា​ទៅជា​កម្លាំង​ចលករ កសាង​ភាព​ធន់​មាំ​របស់​សហគមន៍ និង​ជា​កម្លាំង​ចូលរួម​ដោះស្រាយ​បញ្ហា​ប្រឈម​នានា ដើម្បី​ប្រជាពលរដ្ឋ​ងាយ​រង​គ្រោះ និង​បន្ត​អភិវឌ្ឍន៍​សមាគម​ជាតិ​ប្រកបដោយ​ចិរភាព​។​

ជា​ចុងក្រោយ លោក លី សារី ក៏បាន​ធ្វើការ​ផ្ដាំផ្ញើ​ដល់​ក្រុម​យុវជន​ទាំងអស់ ​ខិតខំ​រៀន​សូត្រ ដើម្បី​តបស្នង​សងគុណ​ឪពុកម្ដាយ​ ចូលរួម​បម្រើ​សង្គមជាតិ ចូរ​គោរព​ច្បាប់​ចរាចរណ៍ ជិះ​ម៉ូតូ​ត្រូវ​ពាក់មួក​សុវត្ថិភាព ជៀសវាង​ឲ្យ​ឆ្ងាយ ពី​គ្រឿងញៀន​ ទាំង​ការ​ជួញដូរ ទាំង​ប្រើប្រាស់ គ្មាន​ក្មេង​ទំនើង បងធំ​បង​តូច​នោះ​ឡើយ​៕



 

 

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu