Ad Code

មន្ត្រី​អាវុធហត្ថ​ម្នាក់​ ត្រូវ​គ្រាប់កាំភ្លើង​ខ្លួនឯង​ ខណៈ​ប៉ុនប៉ង​បាញ់​សម្លាប់​ប្រពន្ធ​ត្រូវ​ឪពុកក្មេក​រាំង



កណ្ដាល​ ៖ ​មន្ត្រី​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ម្នាក់ ​រង​របួស​ត្រង់​ក្រោម​ដោះ​ខាង​ស្តាំ ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​រាជធានី​ភ្នំពេញ ​ក្រោយ​ប៉ុនប៉ង​បាញ់​សម្លាប់​ប្រពន្ធ​ ហើយ​ត្រូវ​ឪពុកក្មេក​ឃើញ​ស្ទុះ​ទៅ​រាំង​ចាប់​យក​កាំភ្លើង​បណ្តាលអោយ​គ្រាប់​ផ្ទុះឡើង​ត្រូវ​ខ្លួនឯង​ដោយសារតែ​ការ​ប្រចណ្ឌ​មិន​មាន​ហេតុផល។

ហេតុការណ៍​នេះ​ បាន​កើត​ឡើង​នៅ​ថ្ងៃ ចន្ទ ១៣ រោច ខែ មាឃ ឆ្នាំ ច សំរឹទ្ធិស័ក ព​.​ស ២៥៦២​ត្រូវ​នឹង​ថ្ងៃទី​០៤ ខែ​មីនា ឆ្នាំ ២០១៩​វេលា​ម៉ោង ១១​និង​៤០ នាទី​ចំណុច​ភូមិ​សំរោង​ក្អែរ​៣ ឃុំ សំរោង​ធំ ស្រុក កៀនស្វាយ ខេត្ត កណ្តាល។

នគរបាល​ស្រុក​កៀនស្វាយ​បានអោយដឹងថា ជនរងគ្រោះ​ចំនួន​០២​នាក់ ទី​០១​ឈ្មោះ ឈួន ជេស ភេទ​ប្រុស អាយុ​៥៣ ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ​ មាន​ទីលំនៅ​ភូមិ សំរោង​ក្អែរ​៣ ឃុំ​សំរោង​ធំ ស្រុក កៀនស្វាយ ខេត្តកណ្តាល (​ឪពុកក្មេក​ជនសង្ស័យ)។ ទី​០២​ឈ្មោះ ឈួន រ៉ានី ភេទ​ស្រី អាយុ​២៥​ឆ្នាំ ​ស្នាក់នៅ​សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ (​ប្រពន្ធ​ជនសង្ស័យ)។

ជនសង្ស័យ​មានឈ្មោះ គង់ ចាន់ថន ភេទ​ប្រុស អាយុ​៣៨ ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស ឋានន្តរសក្ដិ​វរសេនីយ៍ត្រី​មាន​ទីលំនៅ​ភូមិ លេខ​៨ សង្កាត់​កំពង់លាវ ក្រុង ព្រៃវែង ខេត្ត ព្រៃវែង រង​របួស​សម្រាក​នៅ​មន្ទីរពេទ្យ​ព្រះ​កេតុមាលា។

នគរបាល​បានអោយដឹងថា ​ជនសង្ស័យ ​និង​ប្រពន្ធ​ឈ្មោះ ឈួន រ៉ានី ភេទ​ស្រី អាយុ ២៥ ឆ្នាំ បច្ចុប្បន្ន ស្នាក់នៅ​សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ។ នៅ​ថ្ងៃទី​០៤ ខែ​មីនា ឆ្នាំ​២០១៩ វេលា​ម៉ោង ១១​និង​ង​៣០​នាទី ប្រពន្ធ​ជនសង្ស័យ​បាន​ជិះឡាន​ឈ្នួល​ពី​ភ្នំពេញ​មក​ផ្ទះ​ឪពុក​ស្ថិត​ក្នុងភូមិ សំរោង​ក្អែរ​៣ ឃុំ​សំរោង​ធំ ស្រុក កៀនស្វាយ ខេត្ត កណ្តាល ​រួច​ក៏​ឲ្យ​បងស្រី​ឈ្មោះ ឈួន រ៉ា​ឌី ជូន​ទៅ​រក​គ្រូ​ទស្សន៍ទាយ។ ពេលនោះ​ជនសង្ស័យ​ក៏បាន​ជិះ​ម៉ូតូ​០១ គ្រឿង​ម៉ាក C125 ពណ៌​ខ្មៅ មកដល់​ផ្ទះ​ដែរ ​រួច​សួរ​ឪពុកក្មេក​ថា​ប៉ា​មាន​ឃើញ​ប្រពន្ធ​ខ្ញុំ​ទេ ពេលនោះ​ឪពុកក្មេក​បាន​ឆ្លើយ​ប្រាប់​ថា ៖ ​អត់​ឃើញ​ទេ ស្របពេលនោះ​ឈ្មោះ​ឈួន រ៉ា​ឌី​បាន​ឌុប​ប្រពន្ធ​ជនសង្ស័យ​មកដល់​ស្រាប់ តែ​ជនសង្ស័យ​បាន​ជេរ​ប្រពន្ធ​ថា ៖ មី​ចោរ​សំផឹង​ទើប​មកពី​ឲ្យ​ប្រុស ជេរ ​រួច​ជនសង្ស័យ​ក៏​ដក​កាំភ្លើង​បាញ់​ប្រពន្ធ​តែ​ត្រូវ​ឪពុកក្មេក​ស្ទុះ​ទៅ​ចាប់ដៃ​ជ្រោង​ឡើង​ទៅលើ​និង​បាន​ប្រតាយ​​​ប្រតប់​ជាមួយ​ឪពុកក្មេក។ ពេលនោះ​ក៏​ឮ​ស្នូរ​ផ្ទុះ​អាវុធ​មួយ​គ្រាប់​ត្រូវចំ​ក្រោម​ដោះ​ខាង​ស្តាំ​ជនសង្ស័យ។ បន្ទាប់មក​ឪពុកក្មេក​ជនសង្ស័យ​បាន​តេ​ទូរស័ព្ទ​មក​ប្តឹង​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​សំរោង​ធំ​ ចុះ​ជួយ​អន្តរាគមន៍។ ពេល​ទទួល​បាន​ព័ត៌មាន​កម្លាំង​ប៉ុស្តិ៍​ បាន​ចុះ​ទៅដល់​កន្លែង​កើតហេតុ​ឲ្យ​ប្រពន្ធ​ជនសង្ស័យ​បញ្ជូន​ជនសង្ស័យ​ទៅ​មន្ទីរពេទ្យ​ព្រះ​កេតុមាលា​ជាមួយ​កម្លាំង​ប៉ុស្តិ៍​០២​នាក់ ។

ករណី​នេះ​ កម្លាំង​ជំនាញ​បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​បាល​ប៉ុស្តិ៍​ចុះ​ទៅដល់​កន្លែង​កើតហេតុ និង​មន្ទីរពេទ្យ​ព្រះ​កេតុ​មាលា ហើយ​បន្ត​ចាត់ការ​តាម​នីតិវិធី៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu