ភ្នំពេញ ៖ នៅពេលនេះការធ្វើជំរឿនទូទៅប្រជាពលរដ្ឋនៅទូទាំងប្រទេស កំពុងប្រព្រឹត្តទៅអស់រយៈពេល២ថ្ងៃមកហើយ ដើម្បីទទួលបានទិន្នន័យប្រជាសាស្ត្រជាក់លាក់សម្រាប់ប្រើប្រាស់រៀបចំតាក់តែងគោលនយោបាយឲ្យបានត្រឹមត្រូវ និងដើម្បីជាសូចនាករក្នុងការតាមដានត្រួតពិនិត្យផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិ និងគោលដៅអភិវឌ្ឍប្រកបដោយចីរភាពរបស់កម្ពុជាឆ្នាំ២០១៦.២០៣០។
ក្នុងដំណើរការនៃការធ្វើជំរឿននេះដែរ កាលពីព្រឹកថ្ងៃទី៥មីនានេះដែរ ក្រុមមន្ត្រីជំរឿនរបស់រដ្ឋបាលរាជធានីភ្នំពេញដឹកនាំដោយ លោកហួត ហៃ អភិបាលរងរាជធានីភ្នំពេញ បានចុះទៅធ្វើជំរឿនផ្ទាល់ដល់គេហដ្ឋានសម្ដេចវិបុលសេនាភក្តីសាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។
សម្តេចប្រធានព្រឹទ្ធសភា បានឆ្លើយតបទៅនឹងសំណួរជាច្រើនរបស់មន្ត្រីជំរឿន ដែលបានធ្វើសម្ភាសន៍។ នេះជាការធ្វើជំរឿនលើកទី៣នៅក្នុងប្រវត្តិសាស្ត្រកម្ពុជាដែលជាទូទៅធ្វើឡើងរៀងរាល់១០ឆ្នាំ ម្តងដើម្បីបានដឹងពីទិន្នន័យចំនួនប្រជាជនច្បាស់លាស់ងាយស្រួលការរៀបចំផែនការអភិវឌ្ឍរបស់រាជរដ្ឋាភិបាល។ ក្រៅពីការចុះធ្វើជំរឿនតាមខ្នងផ្ទះប្រជាពលរដ្ឋ មន្ត្រីជំរឿនរាជធានីភ្នំពេញក៏បានចុះធ្វើជំរឿនតាមគេហដ្ឋានរបស់ថ្នាក់ដឹកនាំកំពូលៗរបស់ជាតិដោយថ្នាក់ដឹកនាំបានជួយសម្រួល និងផ្តល់កិច្ចសហការ យ៉ាងល្អប្រសើរនិងបង្កលក្ខណៈងាយស្រួលដល់ក្រុមមន្ត្រីជំរឿនរបស់យើង។ ដើម្បីឲ្យការធ្វើជំរឿនទទួលបានលទ្ធផលកាន់តែល្អប្រសើរថែមទៀត សម្តេចអគ្គ មហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវដល់ជនរួមជាតិឲ្យចូលរួមគាំទ្រ និងចូលរួមការធ្វើជំរឿនទូទៅប្រជាជនកម្ពុជាដោយត្រូវផ្តល់ព័ត៌មានតាមសំណួរសម្ភាសន៍ឲ្យបានគ្រប់គ្រាន់ ត្រឹមត្រូវនិងស្មោះត្រង់ជូនមន្ត្រីធ្វើជំរឿន។
សម្តេចមានប្រសាសន៍ថា ការធ្វើជំរឿននេះ មិនមានពាក់ព័ន្ធនឹងរឿងនយោបាយទេ គឺដើម្បីបម្រើឲ្យផលប្រយោជន៍សម្រាប់ទាំងអស់គ្នា។ សម្តេចថា ៖ បើអាចជៀសវាងបានសូមប្រជាពលរដ្ឋកុំធ្វើដំណើរទៅឆ្ងាយ ហើយសូមបងប្អូនយោគយល់ឲ្យមន្ត្រីជំរឿនចូលទៅតាមលំនៅដ្ឋាននៅពេលយប់ផងដែរ៕
Source: Kampuchea Thmey Daily
0 Comments