ក្រោយប្រមូលផ្តុំគ្នាមួយរយៈពេលជិត៥ខែមកនេះ គ្រូបង្វឹករបស់ក្រុមភ្នំពេញក្រោនថ្មីគឺលោក Leonardo Vitorino បានសម្លឹងឃើញពីកម្រិតសមត្ថភាពរបស់កូនក្រុមរបស់ខ្លួន ខណៈលោកក៏ត្រូវការពេលកែប្រែបន្ថែមមុនពេលរដូវកាលឆ្នាំ២០១៩ ទាំងក្នុងពានរង្វាន់លីគកំពូលកម្ពុជា និងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន មកដល់នៅដើមឆ្នាំ២០១៩នេះ។
បុរសជនជាតិប្រេស៊ីល រូបនេះបានបញ្ជាក់ថា ៖ «ខ្ញុំគិតថា អ្វីដែលយើងយកចិត្តទុកដាក់នោះ គឺកត្តាកាយសម្បទា ព្រោះយើងកំពុងតែពង្រឹងវាជារៀងរាល់ថ្ងៃ។ ខ្ញុំចង់ឲ្យកូនក្រុមខ្ញុំមានលក្ខណៈប្រសើរជាងនេះ។ ជាមួយគ្នានេះដែរ ការលេងពីតំបន់បម្រើទៅកាន់ប្រយុទ្ធ ក៏ត្រូវតែប្រសើរជាងនេះទៀត ខណៈចំណុចមួយចំនួនក៏ប្រសើរខ្លះដែរហើយ។ ខ្ញុំគិតថា យើងនឹងលេងកាន់តែល្អពីមួយថ្ងៃទៅមួយថ្ងៃ»។ គ្រូបង្វឹកជនជាតិប្រេស៊ីល រូបនេះរីករាយចំពោះកូនក្រុមដែលធ្វើបានល្អក្នុងប្រកួតមិត្តភាពកន្លងមកទោះបីជាអវត្តមានកីឡាករសំខាន់ៗដែលជាប់ឈ្មោះក្នុងបញ្ជីក្រុមជម្រើសជាតិក៏ដោយ។
សូមបញ្ជាក់ថា នៅរដូវកាលឆ្នាំ២០១៨ ថ្មីៗនេះក្នុងពានរង្វាន់លីគកំពូលកម្ពុជា ក្រុមភ្នំពេញក្រោន រក្សាចំណាត់ថ្នាក់លេខ៥ក្រោយប្រកួតបាន២២លើក ឈ្នះបាន១១លើក ស្មើគ្នា៣លើកនិងចាញ់៨លើកមាន៣៦ពិន្ទុ ពោលគឺចាញ់ក្រុមកំពូលតារាងណាហ្គាវើល រហូតដល់២០ពិន្ទុ។ ភ្នំពេញក្រោន ទាត់បញ្ចូលទីគូប្រកួតបាន៤១គ្រាប់ ហើយគេទាត់ចូលវិញចំនួន៣៣គ្រាប់។ ចំណែកនៅក្នុងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន (Hun Sen Cup)វិញក្រុមក្រុមភ្នំពេញក្រោន បានធ្លាក់ចេញត្រឹមវគ្គ៨ក្រុមចុងក្រោយ បន្ទាប់ពីចាញ់ក្រុមអង្គរថាយហ្គឺរ ដែលមកពីខេត្តសៀមរាប ដោយបាល់ប៉េណាំងទីកាត់សេចក្តី៤ទល់៣ ក្រោយប្រកួតស្មើគ្នាទាំង២ជើង៤ទល់៤។
កាលពីចុងខែតុលា កន្លងទៅក្រុមភ្នំពេញក្រោន បានតែងតាំងក្បាលម៉ាស៊ីន ថ្មីក្រោយជម្រុះថ្នាក់ដឹកនាំចាស់អស់ បន្ទាប់ពីចប់រដូវកាលឆ្នាំ២០១៨។ ចំណែកថ្នាក់ដឹកនាំថ្មីរបស់ក្លិបមានដូចជា លោក លី ហៀង ជាអ្នកចាត់ការទូទៅក្លិប ហើយលោក Leonardo Vitorino ជាគ្រូបង្គោលថ្មី ស្របពេលប្អូនប្រុសរបស់ខ្លួន Luis Fernando Vitorino កាន់តំណែងជាគ្រូបង្វឹកអ្នកចាំទីឈុតធំ។ អតីតគ្រូវេស្ទើន លោក ស៊ុំ វណ្ណា បានទទួលតំណែងជាគ្រូជំនួយក្រុមឈុតធំ ខណៈដែលអតីតខ្សែប្រយុទ្ធ កែវ សុខង៉ន ជាអ្នកចាត់ការទូទៅក្រុមឈុតធំ៕
Source: Kampuchea Thmey Daily
0 Comments