ភ្នំពេញ ៖ យោងតាមប្រភពព័ត៌មាន ដែលកាសែតកម្ពុជាថ្មី ទទួលបានពីក្រសួងសាធារណការ និង ដឹកជញ្ជូន បានបង្ហាញអោយដឹងថា ផ្លូវល្បឿនលឿន (Expressway) ភ្នំពេញ-ព្រះសីហនុ នឹងបើកការដ្ឋានសាងសង់នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ នេះហើយ។
ផ្លូវនេះតភ្ជាប់ពីរាជធានីភ្នំពេញទៅកាន់ខេត្តព្រះសីហនុ ដែលមានប្រវែងសរុប ១៩០.៣៦៥គ.ម ហើយសាងសង់ជាបួនគន្លង ដោយ ២គន្លងទៅ ២គន្លងមក ជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ (AC) កំរាស់ ១០ ស.ម និងថ្មលាយកៅស៊ូ (ATB) ១២ ស.ម។
ប្រភពព័ត៌មានបន្តថា ការសាងសង់ផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញទៅកាន់ខេត្តព្រះសីហនុនេះ គឺពង្រីកទទឹងផ្លូវដល់ ២៤.៥ ម៉ែត្រ ខណ្ឌដោយសួនច្បារនៅកណ្ដាលទ្រូងផ្លូវ និងមានរបាំងអមសងខាងផ្លូវការពារសត្វ ឬមនុស្សឆ្លងកាត់។ មានកន្លែងឈប់សម្រាក ដែលមានលក្ខណៈងាយស្រួល មិនបង្កអោយមានការកកស្ទះចរាចរណ៍ ហើយគ្រោងប្រើប្រាស់រយៈពេលសាងសង់៤៨ខែ៕
Source: Kampuchea Thmey Daily
0 Comments