Ad Code

លោក​ចម ប្រសិទ្ធ ​៖ វិស័យ​អាទិភាព​ចំនួន​៤​សំខាន់ៗ​ក​ជា​ទិសដៅ​ដែល​រាជរដ្ឋាភិបាល​ដាក់ចេញ​ក្នុងការ​អនុវត្ត



ភ្នំពេញ ៖ ​លោក​កិត្តិ​សេដ្ឋា​បណ្ឌិត​ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ​បាន​ថ្លែង​ថា រាជរដ្ឋាភិបាល​អាណត្តិ​ទី​៦​នេះ​បាន​ដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់​កាល​ទី​៤​ ដើម្បី​បន្ត​អនុវត្ត​លើ​វិស័យ​អាទិភាព​សំខាន់ៗ​ចំនួន​៤​ដោយ​តម្កល់​ក​ត្ត​មនុស្ស​ជា​អាទិភាព​ទី​១​ក្នុង​វិស័យ​អាទិភាព​ទាំង​៤​។ លោក​កិត្តិ​សេដ្ឋា​បណ្ឌិត​ថ្លែង​បែបនេះ​ខណៈ​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​សន្និសីទ​ជាតិ​ស្តីពី «​ការ​អភិវឌ្ឍ​វិស័យ​កសិពាណិជ្ជកម្ម​ប្រកបដោយ​និរន្តរភាព​និង​ភាព​ប្រកួតប្រជែង​នៅក្នុង​ប្រទេស​កម្ពុជា​»(National Conference on Developing Sustainable and Competitive Agribusiness in Cambodia)​នៅ​ថ្ងៃ​អង្គារ ១៤​រោជ ខែមាឃ ឆ្នាំច សំ​រិ​ទ្ធិ​ស័ក ព​.​ស ២៥៦២ ត្រូវ​និង​ថ្ងៃទី​៥ ខែមីនា ឆ្នាំ​២០១៩ នៅ​សណ្ឋាគារ​ភ្នំពេញ​អេ​រ៉ា រាជធានី​ភ្នំពេញ។



លោក​កិត្តិ​សេដ្ឋា​បណ្ឌិត​ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម បាន​គូស​បញ្ជាក់​ថា ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា និង​ក្នុងនាម​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​សូម​សម្តែង​នូវ​សេចក្តីសោមនស្ស​រីករាយ​ក្រៃលែង ដោយ​បាន​ចូលរួម​ជា​អធិបតី ក្នុង​អង្គ​សន្និសីទ​ជាតិ​ដ៏​មាន​សារៈសំខាន់​នេះ ដោយមាន​វត្តមាន​ចូលរួម​ជាច្រើន​ពី​សំណាក់ ភ្ញៀវ​ជាតិ និង​អន្តរជាតិ។



លោក​សង្កត់ធ្ងន់​ថា ក្នុង​អាណត្តិ​ទី​៦​នេះ រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ សម្តេច អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ដាក់​ឲ្យ​អនុវត្ត​នូវ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ ដែល​នឹង​បន្ត​ផ្តោត​ការ​យកចិត្តទុកដាក់​លើ​«​វិស័យ​អាទិភាព​៤»​ដោយ​តម្កល់​«​មនុស្ស​»​ជា​អាទិភាព​ទី​១​នៅ​លើ​គេ​។ ក្នុង​គោលដៅ​នេះ ចតុកោណ​យុទ្ធសាស្ត្រ​ទាំង​៤ នៃ​យុទ្ធសាស្ត្រ​ចតុកោណ​ត្រូវ​បាន​រៀប​ចំ​កែសម្រួល​ឡើងវិញ​ឲ្យ​ឆ្លុះបញ្ចាំង​វិស័យ​អាទិភាព​៤ និង​កិច្ចការ​មួយ​ចំនួន​ទៀត ដែល​ឆ្លើយតប​នឹង​តម្រូវ​ការអភិវឌ្ឍន៍​កម្ពុជា​នៅក្នុង​ដំណាក់កាល​ថ្មី​ដូចជា ការអភិវឌ្ឍ​ធនធានមនុស្ស​, ការ​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​, ការលើកស្ទួយ​វិស័យ​ឯកជន​និង​ការងារ និង​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​និង​បរិយាប័ន្ន។

លោក​ថ្លែង​បញ្ជាក់​បន្ថែម​ថា កន្លងមក​នេះ ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម បាន​ចូលរួម​នៅក្នុង​ការ​លើកស្ទួយ​សហ​គ្រាស​ធុន​តូច និង​មធ្យម​ជាច្រើន ទៅលើ​ការ​ពង្រឹង​គុណភាព​ផលិតផល ការ​បង្កើន​ប្រសិទ្ធភាព​ការងារ​របស់​បុគ្គលិក​កម្មករ តាមរយៈ​វិធីសាស្ត្រ និង​ឧបករណ៍​ផលិតភាព​ដូចជា​៖ «​ស​៥» ឬ​គេហកិច្ច​ល្អ​ប្រាំ​យ៉ាង ខាយ​ហ្សិ​ន ឬ​ការធ្វើ​ឲ្យ​ប្រសើរ​ឡើងជា​បន្តបន្ទាប់ GMP, HACCP, ISO9001:2015 ISO22000:2005 ដែល​ក្រុមហ៊ុន​គំរូ​ជោគជ័យ​មួយចំនួន ទទួល​បាន​វិញ្ញាបនបត្រ​ទទួលស្គាល់​កម្រិត​អន្តរជាតិ​គួរ​ឲ្យ​កត់សម្គាល់​។

ទន្ទឹម​នេះ​ដែរ តាមរយៈ​មជ្ឈមណ្ឌល​ផលិតភាព​ជាតិ នៃ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម តំណាង​ឲ្យ​ប្រទេស​កម្ពុជា ហើយ​ជា​សមាជិក​របស់​អង្គការ APO(ASEAN Productivity Organization) ដែល​មាន​២០​ប្រទេស​ជា​សមាជិក ក្នុង​បេសកកម្ម​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​នៅ​គ្រប់​ប្រទេស​ជា​សមាជិក​របស់​អង្គការ​APO ក្នុង​នោះ​មាន​វិស័យ​សំខាន់​បី​រួមមាន ឧស្សាហកម្ម កសិកម្ម និង​សេវាកម្ម ។ ដូច​នេះ​ហើយ បានជា​កន្លងមក​ក្រសួង​ក៏​មាន​ការ​ជួយ​ផ្សព្វផ្សាយ​ផ្នែក​កសិកម្ម​ផង​ដែរ ដោយ​គម្រោង​ខ្លះ​ត្រូវ​បាន​សហការ​ជា មួយ​នាយកដ្ឋាន​កសិឧស្សាហកម្ម នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ តាមរយៈ​សិក្ខា​លា​លា វគ្គ​បណ្តុះបណ្តាល និង​សន្និសីទ​ជាតិ​ជាដើម​។

ដោយឡែក​ប្រធានបទ​នៃ​អង្គ​សន្និសីទ​ជាតិ​ថ្ងៃនេះ គឺ​ផ្តោត​ទៅ​លើ​ការ​អភិវឌ្ឍ​កសិពាណិជ្ជកម្ម ដែលជា​ផ្នែក​មួយ​ចូល​រួម​ចំណែក​ដល់​វិស័យសេដ្ឋកិច្ច តាមរយៈ​ការ​ផ្តល់​ការងារ​ឲ្យ​ប្រជាជន លើស​ពី​៥០​ភាគរយ នៅក្នុង​ការផលិត និង​នាំ​ផលិតផល​ចេញទៅ​ក្រៅប្រទេស ហើយក៏​ជា​ឱកាស​មួយ​នៅក្នុង​ការពង្រីក​អាជីវកម្ម​របស់​ពួកគាត់ ព្រោះ​ដោយសារ​កំណើន​ឡើង​នៃ​ប្រជាជន​ទីក្រុង និង​តម្រូវការ​ទីផ្សារ​ពិភពលោក​ផង​ដែរ។ ជាក់ស្តែង​ស្រូវ​-​អង្ករ កម្ពុជា​យើង​គឺ បាន​ឆ្លើយតប​ទៅ​នឹង​លក្ខខណ្ឌ​ត្រឹមត្រូវ ជាពិសេស​ផ្អែក​ទៅ​លើ​ឱជា​រស និង​គុណភាព ក្នុង​ការ​ប្រកួតប្រជែង​អង្ករ​ល្អ​បំផុត​របស់​ពិភពលោក យើង​ទទួល​បាន​ចំណាត់ថ្នាក់​លេខ​១​បី​ឆ្នាំ​ជាប់ៗ​គ្នា​គឺ​ឆ្នាំ​២០១២, ២០១៣ និង​២០១៤ និង​ឆ្នាំ​ចុងក្រោយ​២០១៨ នេះ​ផងដែរ ។ បើទោះបីជា យើង​ពិត​ជា​មាន​ផលិតផល​ដែល​មាន​គុណភាព​យ៉ាងណាក៏ដោយ ក៏​ផលិតភាព​កសិផល​នៃ​កសិពាណិជ្ជកម្ម​របស់​យើង​នៅ​មាន​កម្រិត​ដែរ នេះ​ដោយសារ​ប្រសិទ្ធភាព​ការងារ​នៃ​កម្លាំង​ពលកម្ម បច្ចេកទេស និង​បច្ចេកវិទ្យា​។

បច្ចុប្បន្ន​ក្រុមហ៊ុន​ទាំងឡាយ​ដែល​មិនទាន់​អាច​នាំចេញ ផលិតផល​ក​សិ​ពាណិជ្ជកម្ម​របស់​ខ្លួន​ទៅកាន់​ទីផ្សារ​ក្រៅប្រទេស​បាន ត្រូវធ្វើ​កិច្ចការ​ជាច្រើន​ទៀត ដើម្បី​អាច​សមាហរណកម្ម​ចូលក្នុង​ខ្សែ​សង្វាក់​ផ្គត់ផ្គង់​សកលលោក ដូចជា គុណភាព និង​សុវត្ថិភាព​ផងដែរ​។



លោក​កិត្តិ​សេដ្ឋា​បណ្ឌិត​អះអាង​ថា បើ​យើង​មិន​ខំ​ប្រឹងប្រែង​ឲ្យ​អស់ពី​សមត្ថភាព ជាមុន​ទេ ក្រុមហ៊ុន​ធំៗ​ខ្នាត​អន្តរជាតិ អាច​នឹង​មក​ដណ្តើម​ទីផ្សារ​ដែល​កំពុង​មាន​សព្វ​ថ្ងៃ ហើយនឹង​ប៉ះពាល់​ដល់​ភាព​រស់រាន មានជីវិត​របស់​ក្រុមហ៊ុន​ក្នុងស្រុក ក៏ដូចជា​សេដ្ឋកិច្ចជាតិ​ទាំងមូល​ដែរ​។ ដូចនេះ​ហើយ ក្រុមហ៊ុន​កសិពាណិជ្ជកម្ម​នៅ​ប្រទេស​កម្ពុជា ត្រូវតែ​លើកតម្កើង​ផលិតភាព និង​ភាព​ប្រកួតប្រជែង ដើម្បី​ទទួល​នូវ​អត្ថប្រយោជន៍​ពី​ពួកគេ ព្រោះ​ប្រទេស​មួយ​រីកចម្រើន​បាន គឹ​ពឹង​ផ្អែក​ទៅ​លើ​សេដ្ឋកិច្ចជាតិ ដែល​គាំទ្រ​វិស័យ​សំខាន់ៗ​នៅ​ប្រទេស​របស់ខ្លួន​។

លោក​កិត្តិ​សេដ្ឋា​បណ្ឌិត​ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ សង្ឃឹមថា​បទឧទ្ទេសនាម​លោក​ជំនាញការ​អន្តរជាតិ​របស់​APO ដែល​មាន​បទពិសោធន៍​ច្រើនយ៉ាង និង​ធ្លាប់​បាន​ឆ្លងកាត់​នៃ​ការ​ចែករំលែក​បទពិសោធន៍​របស់​គាត់ ទៅលើ​ប្រធានបទ​ខាងលើ ជាមួយនឹង​បណ្តា​ប្រទេស​នានា​ដែល​ជា​សមាជិក​របស់​អង្គការ​APO ជាច្រើន​ឆ្នាំ ក៏ដូចជា​គ្រូ​ឧទ្ទេសនាម​នៅក្នុង​ស្រុក ដែលមាន​អាជីវកម្ម​ទាក់ទង​ទៅនឹង​កសិពាណិជ្ជកម្ម នឹងធ្វើ​ការ​ចែករំលែក​នៅក្នុង​វគ្គ​សន្និសីទ​នេះ​តែម្តង ដើម្បី​ទាញ​ចំណាប់អារម្មណ៍​អស់លោក លោកស្រី​ថា តើ​ក្រោយ​រយៈពេល​បី​ថ្ងៃនេះ អស់លោក លោកស្រី អាច​នឹង​ទទួល​បាន​អ្វីខ្លះ ពី​ធាតុ​ចេញពី​វគ្គ​សន្និសីទ​ជាតិ​នេះ ដើម្បី​អភិវឌ្ឍ​សម្រាប់​អាជីវកម្ម​រៀងៗ​ខ្លួន នៅក្នុង​ការ​ជួយ​លើកតម្កើង​កសិពាណិជ្ជកម្ម នៅ​ប្រទេស​កម្ពុជា​។

សូម​បញ្ជាក់​ថា គោលបំណង​សំខាន់ៗ​នៃ​អង្គ​សន្និសីទ​ជាតិ​នេះ​មាន​៣​ចំណុច​គឺ​ទី​១). បង្កើត​នូវ​ផែនទី​រួមមួយ​ជាមួយនឹង​កម្មវិធី​ផ្សព្វ​ផ្សាយ សម្រាប់​ដំណើរការ​កសិពាណិជ្ជកម្ម​នៅ​ថ្ងៃមុខ​ទី​២.) ការអនុវត្ត​ទៅលើ​កម្មវិធី​ផ្សព្វផ្សាយ បូក​បញ្ចូល​បច្ចេកទេស និង​បច្ចេកវិទ្យា​នៃ​ការបង្កើត​ថ្មី​, និង​
​ទី​៣.) បង្កើន​នូវ​ផែនការ​សកម្មភាព​នៃ​ការអនុវត្ត​ទៅលើ​ទស្សនទាន បច្ចេកទេស បច្ចេកវិទ្យា និង​ការអនុវត្ត​ល្អ​នៃ​កសិពាណិជ្ជកម្ម នៃ​ឧស្សាហកម្ម សហគ្រាស សិប្បកម្ម កសិដ្ឋាន ពី​កម្មវិធី​នេះ ដើម្បី​ឲ្យ​សិក្ខាកាម​ជ្រាប និង​អាច​យកទៅ​អនុវត្តបាន ដោយ​ផ្អែក​ចំណុច​ល្អៗ និង​សំខាន់ៗ​ទាក់ទង​ទៅនឹង​កសិពាណិជ្ជកម្ម ដែល​នឹង​ត្រូវបាន​ចែករំលែក​ក្នុង​អង្គ​ស​ន្និ​សីទ​នេះ ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ និន្នាការ​របស់​ពាណិជ្ជករ​តែម្តង​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu