សៀមរាប ៖ ដើម្បីធ្វើវិសោធនកម្មភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយរវាងអាស៊ាន និងជប៉ុន (AJCEP) រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន និងជប៉ុន បានចុះហត្ថលេខាលើពិធីសារទី១ កាលពីរសៀលថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៩ នេះ បច្ចុប្បន្ន ប្រទេសជប៉ុន គឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតទី៤ របស់អាស៊ាន និងជាប្រភពដៃគូដ៏ធំបំផុតទី២ សម្រាប់វិនិយោគដោយផ្ទាល់ពីខាងក្រៅ។
ក្រសួងបានឲ្យដឹងថា ពិធីសារទី១ ត្រូវបានចុះហត្ថលេខាដោយ លោក ថារ៉ូ កូណូ រដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ដែលមានដាក់បញ្ចូលក្នុងកិច្ចព្រមព្រៀង AJCEP ដើម្បីធ្វើឲ្យជំពូកទាំងអស់ ស្តីពីពាណិជ្ជកម្មសេវាកម្ម កាន់តែមានភាពទូលំទូលាយ សម្រួលដល់ការបម្លាស់ទីរូបវ័ន្តបុគ្គល និងវិនិយោគ ព្រមទាំងកំណត់គោលដៅសំខាន់ ក្នុងទំនាក់ទំនងសេដ្ឋកិច្ចរវាងអាស៊ាន និងជប៉ុន។
បើតាមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា លោក ប៉ាន សូរស័ក្តិ ការដាក់បញ្ចូលគ្នានូវជំពូកទាំងអស់នេះ នឹងបម្រើជាកាតាលីករ ដើម្បីពង្រឹង និងពង្រីកពាណិជ្ជកម្មសេវាកម្ម និងវិនិយោគ ឲ្យកាន់តែស៊ីជម្រៅ និងទូលំទូលាយ សំដៅកែប្រែភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន និងជប៉ុន ទៅជាការលើកកម្ពស់ និងគាំទ្រដល់ការធ្វើសមាហរណកម្មសេដ្ឋកិច្ច នៅក្នុងតំបន់អាស៊ីភាគខាងកើត។
សូមជម្រាបថា កិច្ចព្រមព្រៀង AJCEP ត្រូវបានចុះហត្ថលេខាដោយអាស៊ាន និងជប៉ុន កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០០៨ ហើយត្រូវបានចូលជាធរមាន នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០០៨។ តាមរយៈ AJCEP បានធ្វើឱ្យទំហំពាណិជ្ជកម្ម និងវិនិយោគរវាងអាស៊ាន និងជប៉ុន មានការកើនឡើងជាលំដាប់។ បច្ចុប្បន្ន ប្រទេសជប៉ុន គឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតទី៤ របស់អាស៊ាន និងជាប្រភពដៃគូដ៏ធំបំផុតទី២ សម្រាប់វិនិយោគដោយផ្ទាល់ពីខាងក្រៅ។
កាលពីឆ្នាំ២០១៧ ពាណិជ្ជកម្មរវាងអាស៊ាន និងជប៉ុន បានកើនឡើងដល់ ២១៩,៣ពាន់លានដុល្លារសហរដ្ឋអាមេរិក គឺស្មើនឹង ៨,៥% នៃពាណិជ្ជកម្មអាស៊ានសរុប ខណៈដែលលំហូវិនិយោគដោយផ្ទាល់ពីជប៉ុន មានប្រមាណ ១៣,៤ ពាន់លានដុល្លារសហរដ្ឋអាមេរិក ស្មើនឹង ៩,៩% នៃលំហូវិនិយោគសរុបចូលមកកាន់ប្រទេសអាស៊ាន៕
Source: Kampuchea Thmey Daily
0 Comments