ពានរង្វាន់បាល់ទាត់លីគកំពូលកម្ពុជា (Metfone Cambodian League) នឹងចាប់ផ្តើមពីពាក់កណ្ដាលខែមីនា នេះតទៅហើយ ស្របពេលក្រុមជាសមាជិកនីមួយៗសុទ្ធតែត្រៀមខ្លួនផ្សេងៗគ្នាដើម្បីត្រៀមស្វាគមន៍រដូវកាលថ្មី។ ជាស្តែងៗមួយរយៈពេលចុងក្រោយនេះក្រុមបាល់ទាត់ចំនួន១០ក្រុមបានណាត់គ្នាប្រកួតមិត្តភាពសាកកម្លាំងគ្នា។
ក្រុមលេខ៣ឆ្នាំចាស់វិសាខា បានបើកទ្វារកីឡដ្ឋានវិសាខា ក្នុងរាជធានីភ្នំពេញ របស់ខ្លួនយកឈ្នះលើក្រុមជើងរងឆ្នាំចាស់បឹងកេត ដោយលទ្ធផល ៥-២ ហើយក្រុមជើងឯក៦សម័យកាលភ្នំពេញក្រោន បានយកឈ្នះលើក្រុមព្រះខ័នរាជស្វាយរៀង ដោយលទ្ធផល ៣-១ លើទីលានកីឡដ្ឋាន RSN Stadium ខណៈក្រុមបាល់ទាត់អាស៊ីអឺរ៉ុប បានប្រកួតចាញ់ក្រុមក្រសួងការពារជាតិ ៣ទល់០ លើទីលាន AEU Sport Park។ ចំណែកក្រុមជើងឯកឆ្នាំចាស់និងជាបេក្ខភាពក្នុងពានរង្វាន់ AFC Cup ណាហ្គាវើល វិញបានចាញ់ក្រុមអង្គរថាយហ្គឺរ ៤ទល់១ លើទីលានបាល់ទាត់អង្គការផ្កាយសមុទ្រ និងចុងក្រោយក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ របស់លោកប្រាក់ សុវណ្ណារ៉ា បានប្រកួតចាញ់ក្រុមមកពីសូលទីឡូអង្គរ ដោយលទ្ធផល៣ទល់២ លើទីលានបាល់ទាត់ 7NG ម្តុំវិហារសួគ៌។
ក្រុមដែលជាសមាជិកពានរង្វាន់លីគកំពូលកម្ពុជា បានចាប់ផ្តើមប្រមូលផ្តុំកីឡាករឡើងវិញក្រោយសម្រាកមួយរយៈបន្ទាប់ពីបញ្ចប់បេសកកម្មក្នុងរដូវកាលចាស់ ហើយនេះជាដំណាក់កាលដែលក្រុមទាំងអស់ត្រូវតាមដាននិងត្រួតពិនិត្យសមត្ថភាពកូនក្រុមរបស់ខ្លួនឡើងវិញទាំងសមាជិកចាស់ និងសមាជិកថ្មីៗទាំងខ្មែរនិងបរទេស ឬកីឡាករខ្លះទើបតែជ្រើសរើសចេញពីក្រុមថ្នាលយុវជន ព្រមទាំងកីឡាករមួយចំនួនដែលកំពុងស្ថិតក្នុងដំណាក់កាលធ្វើតេស្តសាកល្បងមុននឹងសម្រេចបញ្ចូលពួកគេទៅក្នុងក្រុមឈុតធំឬយ៉ាងណានោះ មុនរដូវកាលឆ្នាំ២០១៩ មកដល់។
សូមបញ្ជាក់ថា តាមគម្រោងពានរង្វាន់បាល់ទាត់លីគកំពូលកម្ពុជារដូវកាលថ្មីឆ្នាំ ២០១៩ នេះនឹងចាប់ផ្ដើមពីថ្ងៃទី១៦ ខែមីនា ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩។ ចំណែកក្រុមដែលចូលរួមទាំង១៤វិញនោះមានណាហ្គាវើល,បឹងកេត,វិសាខា,ក្រសួងការពារជាតិ,ភ្នំពេញក្រោន,អាស៊ីអឺរ៉ុប,អគ្គស្នងការដ្ឋាននគរបាលជាតិ,អង្គរថាយហ្គឺរព្រះខ័នរាជស្វាយរៀង,សូលទីឡូអង្គរ,អគ្គីសនីកម្ពុជា។ ចំណែកក្រុមលេចមុខថ្មី៣ក្រុមគឺ គីរីវង់សុខសែនជ័យ,ខេត្តកំពង់ចាម និង U18 សាលាបាល់ទាត់ជាតិបាទី៕
Source: Kampuchea Thmey Daily
0 Comments