Ad Code

គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ច្បារអំពៅ​ ដាក់​កម្លាំង​ត្រួតពិនិត្យ​អាវុធជាតិផ្ទុះ​រាល់ថ្ងៃ​ រក​ឃើញ​អ្នកបើកបរ​មាន​ជាតិ​ស្រវឹង​ច្រើន



ភ្នំ​ពេ​ញ ៖ យោង​តាម​របាយ​ការណ៍​របស់​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ច្បារអំពៅ​បាន​ឲ្យ​ដឹង​ថា ការ​ដាក់​កម្លាំង​ត្រួតពិនិត្យ​អាវុធជាតិផ្ទុះ​ នៅ​តាម​ដងផ្លូវ​សំខាន់ៗ​ក្នុង​មូលដ្ឋាន​ខណ្ឌ ​គឺ​រក​ឃើញ​អ្នកបើកបរ​យានយន្ត​មាន​ជាតិ​ស្រវឹង​ និង ​មិន​ពាក់មួក​ការពារ​សុវត្ថិភាព​ ហើយ​ភាគច្រើន​ជា​ប្រភេទ​ក្មេងស្ទាវ។

ជាក់ស្តែង​នៅ​យប់​ថ្ងៃទី​៤​ខែមីនា​នេះ​ កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ច្បារអំពៅ​ដឹកនាំ​ដោយ​លោក​រស់ សុភ័គ្គ ​អភិបាលរងខណ្ឌ​បាន​ដឹកនាំ​កម្លាំង​ចុះ​ត្រួតពិនិត្យ​អា​វុធ​ជាតិ​ផ្ទុះ​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​១​មុខ​ទីស្នាក់ការ​សង្កាត់​ច្បារអំពៅ​ទី​២​បាន​រកឃើញ​អ្នកបើកបរ​ម៉ូតូ​គ្មាន​ពាក់​ស្លាក​លេខ ពុំ​មាន​ពាក់មួក​ការពារ​សុវត្ថិភាព​និង​ដាក់​កញ្ចក់​មើល​ក្រោយ​ពិសេស​មាន​ជាតិ​ស្រវឹង​។

តាម​របាយ​ការណ៍​បាន​បញ្ជាក់​ថា ​នៅពេល​រកឃើញ​អ្នកបើកបរ​មិន​គោរព​ច្បាប់​ចរាចរណ៍​ដូច​មាន​រៀបរាប់​​ខាងលើ​នេះ​ គណៈ​បញ្ជាការ​ឯកភាព​បាន​ធ្វើការ​អប់រំ​ហើយ​អ្នក​ដែល​ស្រវឹងស្រា​គឺ​មិន​អនុញ្ញាត​ឲ្យ​បន្តដំណើរ​ទៅមុខ​ទេ​ ព្រោះ​ខ្លាច​ជួប​គ្រោះថ្នាក់​ដល់​អាយុជីវិត​ដល់​អ្នកដទៃ​និង​ខ្លួនឯង​។

គួរ​បញ្ជាក់​ថា ​ជា​រៀងរាល់​យប់​គឺ​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ច្បារអំពៅ​ដែល​មាន​លោក​ចេង មុនី​រ៉ា ជា​ប្រធាន​និង​ជា​អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​បានដាក់​ផែន​ការចុះ​ត្រួតពិនិត្យ​អាវុធជាតិ​ផ្ទុះ​ក្នុង​មូលដ្ឋាន​ខណ្ឌ​ច្បារអំពៅ​ជា​រៀងរាល់​យប់​ដើម្បី​ទប់ស្កាត់​រាល់​បទល្មើស​ផ្សេងៗ​ដែល​បង្កឡើង​ដោយ​ក្រុម​ជន​សង្គម​ងងឹត​ដែល​ប៉ុនប៉ង​ធ្វើ​សកម្មភាព​ក្នុង​មូលដ្ឋាន​។ ហើយ​ក្នុង​នោះ​គណៈ​អភិបាលខណ្ឌ​ជា​ប្រធាន​ដឹកនាំ​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ផ្ទាល់​តែម្តង​៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu