Ad Code

ពាន​យុវជន​អាស៊ាន​ ៖​ ក្រុម​កម្ពុជា សុទ្ធតែ​នៅក្នុង​ពូ​ល​ជាមួយ​ក្រុម​ខ្លាំង ខណៈ​វៀតណាម ធ្វើ​ម្ចាស់ផ្ទះ​ពាន U16 ហើយ​ថៃ​ធ្វើ​ម្ចាស់ផ្ទះ​ពាន U19



សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ាន (AFF) បាន​ចាប់​ពូ​ល​ជ្រើសរើស​គូប្រកួត​រួចរាល់​កាលពីពេល​ថ្មីៗ សម្រាប់​កម្មវិធី​ប្រកួត​ក្នុង​ឆ្នាំ​២០១៩ នេះ​ខណៈ​ក្រុម​របស់​កម្ពុជា ស្ថិតនៅក្នុង​ពូ​ល​សុទ្ធ​ជាមួយ​ក្រុម​ខ្លាំង ស្របពេល​ពានរង្វាន់​កម្រិត​យុវជន​ក្រោម​អាយុ​១៦​ឆ្នាំ AFF U16 Championship 2019 នឹង​រៀបចំឡើង​នៅ​ប្រទេស​វៀតណាម ហើយ​ពានរង្វាន់​យុវជន​ក្រោម​អាយុ​១៩​ឆ្នាំ AFF U19 Championship 2019 ធ្វើឡើង​នៅ​ប្រទេស​ថៃ​។



តាម​គម្រោង​ពានរង្វាន់​កម្រិត​អាយុ​១៦​ឆ្នាំ AFF U16 Championship 2019 នឹង​ធ្វើឡើង​ចាប់ពី​ថ្ងៃទី​២៧ ខែកក្កដា​ដល់​ថ្ងៃទី​០៩ ខែសីហា ឆ្នាំ​២០១៩ លើ​ទឹកដី​របស់​ប្រទេស​វៀតណាម ដោយមាន​ប្រទេស​ចំនួន​១២​ចូលរួម​ដែល​បែង​ចែកចេញជា ២​ពូ​ល ក្នុងនោះ​ពូ​ល A មាន​ឥណ្ឌូណេស៊ី​, មី​យ៉ាន់​ម៉ា​,​វៀតណាម​,​ទី​ម័​រ​ខាងកើត​,​សឹង្ហ​បុរី​និង​ហ្វីលីពីន ហើយ​ពូ​ល B ជាមួយ ថៃ​,​ម៉ាឡេស៊ី​,​កម្ពុជា​,​ឡាវ​,​ព្រុយ​ណេ និង​អូស្ត្រាលី​។

ចំណែក​ពានរង្វាន់​កម្រិត​១៩​ឆ្នាំ AFF U19 Championship 2019 វិញ​ត្រៀម​ឡើង​ពី​ថ្ងៃទី​០៥ ដល់​១៨ ខែសីហា ឆ្នាំ​២០១៩ នៅលើ​ទឹកដី​របស់​ប្រទេស​ថៃ ដោយមាន​ប្រទេស​ចំនួន​១២​ចូលរួម​ដូចគ្នា​ដែរ​។ ក្រុម​ទាំងអស់​ត្រូវ បែង​ចែកចេញជា ២​ពូ​ល​គឺ​ពូ​ល A មាន​មី​យ៉ាន់​ម៉ា​,​ឥណ្ឌូណេស៊ី​,​ឡាវ​,​ទី​ម័​រ​ខាងកើត​,​ហ្វីលីពីន​និង​ប្រ៊ុយណេ ចំពោះ​ពូ​ល B វិញ​មាន​ថៃ​,​ម៉ាឡេស៊ី​,​វៀតណាម​,​កម្ពុជា​,​សិង្ហ​បុរី និង​អូស្ត្រាលី​។



សូម​រំលឹក​ថា ​ពានរង្វាន់​ជើងឯក​កម្រិត​យុវជន​ប្រចាំ​តំបន់​អាស៊ាន​ទាំងអស់​នេះ ត្រូវ​បាន​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ាន រៀបចំ​ឡើងជា​រៀងរាល់​ឆ្នាំ ស្រប​ពេល​កាលពី​ឆ្នាំ​២០១៨ កន្លងទៅ ពាន​យុវជន​ក្រោម​អាយុ​១៦​ឆ្នាំ​ជើង​ជើងឯក​បាន​ទៅ​ក្រុម​ម្ចាស់ផ្ទះ​ឥណ្ឌូណេស៊ី ក្រោយ​យកឈ្នះ​លើ​ក្រុម​ថៃ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ហើយ​ពានរង្វាន់​យុវជន​ក្រោម​អាយុ​១៩​ឆ្នាំ​វិញ​ជើងឯក​បាន​ទៅ​ក្រុម​ម៉ាឡេស៊ី ក្រោយ​យកឈ្នះ​លើ​ក្រុម​មី​យ៉ាន់​ម៉ា នៅ​វគ្គ​ផ្តាច់ព្រ័ត្រ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu